ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ស្ត្រី២នាក់បានស្លាប់នៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិទំនាបស្រែហង្ស ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ មេសា។
តាមព័ត៌មានពីមន្ត្រីប៉ូលិសចរាចរខេត្តបានឱ្យដឹងថា នារីរងគ្រោះដែលបានស្លាប់នោះម្នាក់ឈ្មោះញ៉ែម មេសា អាយុ១៨ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងម្នាក់ទៀតឈ្មោះដាវី អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ ចំណែកយុវជនរងរបួសធ្ងន់ និងជាអ្នកបើកបរម៉ូតូម៉ាកឃ្លីក ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1W-5810 ឈ្មោះនូ រស់នៅស្រុកកំពង់ត្រឡាច ។
លោកអៀរ ប៊ុនធឿន នាយការិយាល័យប៉ូលិសចរាចរផ្លូវគោកខេត្ត បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះទាំងបីនាក់ដែលមានយុវជនឈ្មោះនូ ជាអ្នកបើកម៉ូតូបានបើកវ៉ារថយន្តក្រុងមួយគ្រឿងដែលបើកស្របទិសគ្នា ពេលបើកវ៉ានោះក៏ស្រាប់តែជួបរថយន្តមួយគ្រឿងទៀតម៉ាកកាមរីស៊េរីឆ្នាំ១៩៩១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-0735 ដែលបើកបរច្រាសទិសគ្នា ។
ខណៈនោះអ្នកបើកបរម៉ូតូមិនទាន់ទាំងវ៉ាផុតផងដែលម៉ូតូកំពុងស្ថិតនៅចំណែកផ្លូវម្ខាងក៏ត្រូវរថយន្តកាមរីនោះបុកពេញទំហឹងតែម្តង ។ ជនរងគ្រោះ២នាក់បានខ្ទាតមកស្លាប់នៅចម្ងាយប្រមាណ៣ម៉ែត្រ ពីថ្នល់ជាតិនោះ នារីទាំង២នាក់ បានដាច់ជើងម្ខាង ចំណែកម៉ូតូខ្ទេចទាំងស្រុង ហើយអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែគ្រូពេទ្យប្រាប់ថា សង្ឃឹមតិចបំផុត ។ រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ