អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីនិយាយថា កូនប្រុសពៅរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី បានស្លាប់បាត់បង់ជីវិតហើយដោយសារការវាយប្រហារតាមអាកាសរបស់អង្គការអូតង់កាលពីថ្ងៃទី៣០ មេសា កន្លងមក ។ អ្នកនាំពាក្យរូបនេះលោក Mossa Ibrahim និយាយថា ការវាយប្រហារតាមអាកាសរបស់អង្គការអូតង់ប្រឆាំងភូមិគ្រឹះកូនប្រុសពៅរបស់លោកកាដាហ្វី ឈ្មោះសែហ្វ អាល់អារ៉ាប់ កាដាហ្វី អាយុ២៩ឆ្នាំ បណ្តាលឱ្យស្លាប់ លោកសែហ្វ កាដាហ្វី រួមទាំងចៅៗរបស់លោកកាដាហ្វី៣នាក់ទៀត។
តាមប្រភពព័ត៌មានថា ក្នុងអំឡុងពេលនៃការវាយប្រហារនោះ លោកកាដាហ្វី និងភរិយារបស់លោកនៅក្នុងផ្ទះនោះដែរ ប៉ុន្តែមិនរងរបួសអ្វីទេ ចំណែកមនុស្សដទៃទៀតរងរបួសក្នុងការវាយប្រហារនេះដែរ ។ គេលើកឡើងថា នេះជាការវាយប្រហារដោយផ្ទាល់របស់អង្គការអូតង់ប៉ុនប៉ងសម្លាប់លោកកាដាហ្វី ។
ដោយអះអាងជាថ្មីម្តងទៀតថា រូបលោកនឹងមិនចុះចេញពីតំណែង លោកកាដាហ្វី កាលពីថ្ងៃទី៣០ មេសា កន្លងមក បានព្រលយពាក្យបង្ហាញសំណើមួយស្នើសុំឱ្យមានបទឈប់បាញ់ និងការចរចាគ្នា ។ លោកកាដាហ្វី បានព្រលយពាក្យបែបនេះ ក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍មួយ ។
ជាមួយគ្នានេះ លោកកាដាហ្វី បានច្រានចោលនូវការលើកឡើងដែលថា រូបលោកនឹងបោះបង់ចោលអំណាចហើយចាកចេញពីប្រទេស។
ភូមិគ្រឹះរបស់កូនប្រុសពៅលោកកាដាហ្វី ដែលរងការវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អង្គការអូតង់នោះស្ថិតនៅក្នុងទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី ។ ទោះបីជាបែបណា មន្ត្រីអង្គការអូតង់មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយទាក់ទិនទៅនឹងការវាយប្រហាររបស់អូតង់ ដែលបណ្តាលឱ្យស្លាប់កូនប្រុសពៅរបស់លោកកាដាហ្វីនោះ ។
មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋការប្រធានាធិបតីអាេមរិក លោកបារ៉ាក់ អូបាម៉ា និយាយថា រដ្ឋាភិបាលអាមរិកបានដឹងយ៉ាងច្បាស់អំពីរបាយការណ៍នៃការវាយប្រហារនោះ ប៉ុន្តែមិនបានបញ្ជាក់ថា អ្នកណាស្លាប់ក្នុងការវាយប្រហារនេះទេ ។
ក្រោយពីការវាយប្រហារតាមអាកាសរបស់អង្គការអូតង់ដែលបណ្តាលឱ្យស្លាប់កូនប្រុសពៅរបស់លោកកាដាហ្វី មានការវាយប្រហារដោយកាំភ្លើងជាបន្តបន្ទាប់ទៀតនៅជុំវិញរដ្ឋធានីទ្រីប៉ូលី ហើយមនុស្សក្នុងចំនួនដ៏ច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញតំបន់កាន់កាប់របស់លោកកាដាហ្វី។
បើទោះបីជាបែបណា ក្រុមប្រឆាំងលីប៊ីនៅក្នុងទីក្រុងបេនហ្គាហ្ស៊ី និយាយថា ពួកគេមិនជឿថា កូនប្រុសរបស់លោកកាដាហ្វីស្លាប់ឡើយ ដោយអះអាងថា របបរបស់លោកកាដាហ្វី លាតត្រដាងពីការស្លាប់នោះប្រហែលជាចង់ឱ្យមហាអំណាចពិភពលោកអាណិតប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ