ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅស្រីច្បងសម្តេចតេជោ ហ៊ុន សែន សាងសង់​សាលារៀន១ នៅស្រុកចន្ទា ខេត្តស្វាយរៀង​ ​

11 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ រយៈពេល ១៥ឆ្នាំ ទើបម្ចាស់សាលារៀន «អនុវិទ្យាល័យ ផន​សែន ទេពធីតា» ដែលជា​ចៅស្រីសម្តេចតេជោ បានមកឃើញសាលារៀន ដោយផ្ទាល់…

ខេត្តស្វាយរៀង៖ រយៈពេល ១៥ឆ្នាំ ទើបម្ចាស់សាលារៀន «អនុវិទ្យាល័យ ផន​សែន ទេពធីតា» ដែលជា​ចៅស្រីសម្តេចតេជោ បានមកឃើញសាលារៀន ដោយផ្ទាល់ នៅស្រុកចន្រ្ទា ខេត្ត​ស្វាយរៀង។ សាលារៀននេះ បានដាក់ឈ្មោះ​ចៅ​ស្រីច្បងរបស់សម្តេចតេជោ ដែលជាកូនស្រី​របស់​លោកស្រី ហ៊ុន មាណា និងអតីតស្វាមី លោក ម៉ឹង កុម្ភៈ ដែលជាកូនប្រុសរបស់លោក ម៉ឹង សំផន​។

​នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែល​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា និងលោកជំទាវ ព្រមទាំងចៅស្រី ដែលនាង​ក៏ជាចៅរបស់សម្តេចតេជោ ហ៊ុន សែន ដែរ​ គឺកញ្ញា ផនសែន ទេពធីតា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស នៅអនុវិទ្យាល័យ ផនសែន ទេពធីតា ស្ថិតនៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

​លោក រស់ សុគន្ធ មេឃុំសំរោង បានរាយការណ៍​ថា ប្រជាពលរដ្ឋឃុំសំរោង មាន ៣ភូមិ ប្រជាពលរដ្ឋរស់នៅ ចំនួន ១,០៤៣គ្រួសារ មនុស្សសរុប ៤,៤១៨នាក់ ស្រី ២,១៧៨នាក់។ វិស័យអប់រំសិក្សា គឺឃុំសំរោង មានសាលារៀនចំនួន ៣កន្លែង រួមមាន​ សាលាមត្តេយ្យរបស់រដ្ឋ និងសាលាបឋមសិក្សា ២កន្លែង មានគ្រូសរុប ១៧នាក់ ស្រី ១០នាក់ ក្នុងនោះ គ្រូក្របខណ្ឌ ១១នាក់ ស្រី ០៤នាក់ មានសិស្សសរុប ៥៣៩នាក់ ស្រី ២៤២នាក់ សិស្សមត្តេយ្យ ៩៦នាក់ ស្រី ៤៥នាក់ អនុវិទ្យាល័យ ១កន្លែង គឺអនុវិទ្យាល័យ ផនសែន ទេពធីតា មានគ្រូចំនួន ៩នាក់ ស្រី ២នាក់ និងមានសិស្សសរុប ១៦០នាក់ ស្រី ៦៦នាក់។

​លោកនាយឧត្តមសេនិយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា នៅ​ឃុំសំរោង​នេះ កាលពីអតីតកាល មានប្រជាជនរស់នៅប្រមាណ ១០០គ្រួសារ និងមានការលំបាកខ្លាំង គ្មានផ្លូវធ្វើដំណើរ មានតែកង់ជិះ ហើយនៅខែវស្សា គឺម្ចាស់លីកង់ ដើរ គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានទឹកស្អាត គ្មានភ្លើង សូម្បីតែអុសដុតចំអិនអាហារ ក៏ពិបាករក ដោយ​អ្នកស្រុក មូរអាចម៍ក្របីដុត គ្រួសារខ្លះ ដុតចំបើង ពិបាកខ្លាំងណាស់​។

លោកបន្តថា សាលាបឋមសិក្សា មានតែនៅ​មេសរថ្ងក ដែលជាទីរួមស្រុកចន្ទ្រា​បច្ចុប្បន្ន ដែលមាន​ចម្ងាយ ៧គីឡូម៉ែត្រពីឃុំសំរោង​។ ដូច្នេះក្មេងស្រី មិនបានចូលរៀនទេ ហើយអនុវិទ្យាល័យ គឺនៅទៅរួមខេត្តស្វាយរៀង។ ឃុំសំរោង មានសង្គ្រាម ចាប់តាំងពីឆ្នាំ១៩៧០-១៩៧៥។ មកដល់របបប៉ុលពត ពីឆ្នាំ១៩៧៥ ប៉ុលពតមានគម្រោងសម្លាប់ប្រជាជនប្រជាជនទាំងអស់ ដោយសម្តេចតេជោ បានចេញតស៊ូ បង្កើតកងទ័ព វាយផ្តួលរបបប៉ុលពត រហូតបានជ័យជំនះ នៅថ្ងៃរំដោះ៧មករា១៩៧៩ បានកសាង និងអភិវឌ្ឍ​ប្រទេសរីកចម្រើន រហូតបច្ចុប្បន្ន នេះគឺដោយសារសន្តិភាព។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនទៅបាន គឺត្រូវមានធនធានមនុស្ស ទើបសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងរូបលោកបានបង្កើតអនុវិទ្យាល័យ ផនសែន ទេពធីតា ឡើង ជាចំណងដៃចៅស្រី ផនសែន ទេពធីតា សម្រាប់ប្រជាជន ក្នុងឃុំសំរោង​សិក្សា រហូតបច្ចុប្បន្នមានរយៈពេល ១៥ឆ្នាំ​ហើយ គឺបានកសាងនៅឆ្នាំ២០០៨ ចំណាយថវិកាចំនួន ១០ម៉ឺនដុល្លារ (ឆ្នាំសិក្សាឆ្នាំ២០០៨_២០០៩)។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក​ក៏បាននាំយកវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន មកចែកជូនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស មានដូចខាងក្រោម៖ សម្រាប់លោកគ្រូ អ្នកគ្រូ ២៦នាក់ ក្នុងម្នាក់ ទទួលបានកាតាប ១ និងថវិកា ៥០,០០០រៀល អាណាព្យាបាលសិស្សចំនួន ១៦០ នាក់ ក្នុងម្នាក់ ទទួលបានថវិកា ២០,០០០ រៀល -សិស្សានុសិស្សចំនួន ១៨០ នាក់ ក្នុងម្នាក់ ទទួលបានឃីត ០១ ដោយក្នុងមួយឃីត មានសម្ភារៈ ដូចជា កាតាប ០១ សៀវភៅពុម្ភ ០៤ ក្បាល ប៊ិចខៀវ ០២ ដើម និងប៊ិចក្រហម ០២ ដើម។

ចំពោះការចំណាយថវិកាសរុប ក្នុងពិធីនេះ រួម៖ ១.សម្រាប់ជូនលោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស ទាំងអស់សរុបចំនួន ៤,៥០០,០០០រៀល។ ២.សម្រាប់ទិញសម្ភារៈជូន​សិស្សានុសិស្សចំនួន ២០៦ ឃីត អស់ថវិកា ៧,១៨៣ ដុល្លារ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ