ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម ​៖ ប្រទេស​អាស៊ាន​ទាំងអស់ រួម​ទាំង​ទី​ម័​រ​ខាងកើត បញ្ជូន​ប្រតិភូ និង​កីឡាករ មក​ចូលរួម​ស៊ី​ហ្គេ​ម សរុប​ជាង១២.០០០​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​៥ ​ឧសភា ដល់​

​រាជធានី​ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​៥ ​ឧសភា ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ នឹង​មាន​ប្រតិភូ​កីឡា រួម​ទាំង​កីឡាករ និង​ភ្ញៀវ​អន្តរជាតិ សរុប​មក​ចូលរួម​ជាង ១២០០០​នាក់​។ ក្នុង​នោះ កម្ពុជា ត្រៀម​ចំណាយ​សរុប​ក្នុង​រង្វង់ ១១៨​លាន​ដុល្លារ​។ នេះ​បើ​តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រកាស​ដូច្នេះ នៅ​ក្នុង​សន្និសីទកាសែត នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក តេ​ជោ នា​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៣​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​មិន​យក​ថ្លៃ​សព្វបែបយ៉ាង​លើ​ប្រតិភូ​កីឡា និង​កីឡាករ រួម​ទាំង​ភ្ញៀវ​អន្តរជាតិ ដែល​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម សរុប​ជាង ១២០០០​នាក់​នេះ គឺ​រាជរដ្ឋាភិបាល ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​នូវ​អាហារ ការ​ស្នាក់​នៅ រួម​ទាំង​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស៊ី​ហ្គេ​ម ដូច​អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កន្លង​មក​។

ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ​នេះ មាន ៣៧​ប្រភេទ ដោយ​ចែក​ជា ៥៨៦​វិញ្ញាសា​។ ក្នុង​នោះ កម្ពុជា រៀបចំ​ទីតាំង​ប្រកួត នៅ​រាជធានី​ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ កែប និង​ខេត្តកំពត​។

ក្នុង​ចំណោម​ប្រតិភូ​កីឡា និង​កីឡាករ ដែល​មក​ចូលរួម​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម​នេះ គឺ​ថៃ បញ្ជូន​មក​ច្រើន​ជាងគេ ហើយ​តិច​ជាងគេ គឺ​ទី​ម័​រ​ខាងកើត​។

អំពី​ថ្នាក់ដឹកនាំ និង​ភ្ញៀវ​អន្តរជាតិ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នា​យប់​ថ្ងៃ​ទី​៥​ឧសភា ត្រូវ​បាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​ថា នឹង​មានការ​ចូលរួម​ពី​ប្រធានាធិបតី​ឡាវ អតីត​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត ឧបនាយករដ្ឋមន្ត្រី​វៀតណាម អនុប្រធាន​ទី​១ នៃ​គណៈកម្មការ​កីឡា​អូ​ឡាំ​ពិ​ក រួម​ទាំង​អគ្គលេខាធិការ​គណៈកម្មការ​កីឡា​អាស៊ី​អាគ្នេយ៍​។

នៅ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នា​ថ្ងៃ​ទី​៥​ឧសភា លោក ថោ​ង ខុន បាន​ប្រកាស​ថា គណៈកម្មការ​កីឡា​អូ​ឡាំ​ពិ​ក នឹង​ប្រគល់​មេដាយ មរតក អូ​ឡាំ​ពិ​ក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​។ មេដាយ មរតក អូ​ឡាំ​ពិ​ក ជា​មេដាយ ដែល​ត្រូវ​ប្រគល់​ជូន​ថ្នាក់ដឹកនាំ​ប្រទេស ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​កបាន​ល្អ​ប្រសើរ​។ ក្នុង​នោះ កម្ពុជា​យើង ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា «Cambodia Free Games» ដោយសារ​តែ​កម្ពុជា រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម បាន​ល្អ​ប្រសើរ ហើយ​អ្វី​ៗ​មិន​គិតថ្លៃ​ថែម​ទៀត​។

ចំពោះ​ការ​មិន​គិតថ្លៃ​ទាំងអស់ លើ​ម្ហូបអាហារ ស្នាក់​នៅ ការ​ដឹក​ជញ្ជូន រួម​ទាំង​ការ​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេ​ម​នេះ ត្រូវ​បាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ដូច​ជា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា រួម​ទាំង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា អ្វី​ៗ គឺ​កម្ពុជា​រៀបចំ​តាម​ស្តង់ដារ​អន្តរជាតិ ទាំង​ម្ហូបអាហារ កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា រូបភាព​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ