ទីភ្នាក់ងារបរទេសកាលពីថ្ងៃទី២៨ មេសា បានចុះផ្សាយដោយយោងលើឯកសារសម្ងាត់បង្ហើបឱ្យដឹងថា «ហ៊ីទ្លែរ» អតីតមេដឹកនាំផ្តាច់ការណាហ្ស៊ីអាល្លឺម៉ង់ មានបំណងបង្កើតឧទ្យានទឹកកម្សាន្តសប្បាយដូចគ្នានឹង«Butlins» សួនកម្សាន្តក្នុងថ្ងៃឈប់សម្រាកដ៏ល្បីឈ្មោះរបស់អង់គ្លេស ។ នៅក្នុងរបាយការណ៍បញ្ជាក់ថា ហ៊ីទ្លែរធ្លាប់មានគម្រោងសាងសង់ដល់ទៅ៥កន្លែង សម្រាប់ធ្វើជាកន្លែងសម្រាកលំហែកាយបំបាត់ភាពតានតឹងដល់បណ្តាកងកម្លាំងណាហ្ស៊ី ចំនួនជាង២០.០០០នាក់ ដោយផ្តល់ជាទីតាំងលំហែកាយហ្វឹកហ្វឺនរួមទាំងអង្គុយកម្សាន្ត ។
ឯកសារសម្ងាត់ខាងលើបង្ហើបឱ្យដឹងថា គម្រោងសំណង់ឧទ្យានកម្សាន្តណាហ្ស៊ី មានផែនការសាងសង់ក្នុងទីក្រុងក្រៃវ៉ាល នៅភាគខាងកើតឆៀងខាងជើងប្រទេសអាល្លឺម៉ង់ ក្បែរឆ្នេរសមុទ្រ«បាល់ទិក» និងសមុទ្រខាងជើង ដោយចេញម៉ូដសាងសង់ដូចគ្នា នឹង Butlins របស់អង់គ្លេស ។ សម្រាប់សួនកម្សាន្តរបស់ហ៊ីទ្លែរបានសាងសង់ឡើងមួយកន្លែងមិនទាន់បើកសេវាកម្មផងក៏កើតមានសង្គ្រាមលោកឡើងដោយតម្លៃនៃការសាងសង់កាលណោះមានចំនួនប្រហែល២៥លានផោន ប៉ុន្តែបច្ចុប្បន្នអាចកើនខ្ពស់ដល់ទៅ៧៥០លានផោន ។
ក្រៅពីនេះ លោកហ៊ីទ្លែរ ថែមទាំងមានបំណងបង្កើតនាវាកម្សាន្តចំនួន២គ្រឿងសម្រាប់កងកម្លាំងណាហ្ស៊ី ។ តាមរយៈឯកសារខាងលើ អ្នកជំនាញប្រវត្តិវិទ្យាម្នាក់បង្ហើបឱ្យដឹងថា គឺជាការជួយឱ្យយល់ពីប្រវត្តិសាស្ត្ររបស់រមណីយដ្ឋានណាហ្ស៊ី ដែលមិនអាចកាត់ថ្លៃបាន ៕
ចែករំលែកព័តមាននេះ