រាជធានីភ្នំពេញ ៖ ថ្លែងប្រាប់អ្នកកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ មេសា ២០១១ ខណៈវិលត្រឡប់មកពីទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងឡាអេ ប្រទេសហូឡង់ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអះអាងថា កម្ពុជាបានស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ ដោយហេតុថា តុលាការអន្តរជាតិមួយនេះបានកាត់ក្តីឱ្យកម្ពុជាឈ្នះក្តីប្រទេសថៃរឿងព្រះវិហារ ដោយយោងតាមផែនទីឧបសម្ព័ន្ធទី១ ឆ្នាំ១៩០៧-១៩០៨ ។ ដូច្នេះកម្ពុជាសុំឱ្យតុលាការនេះបកស្រាយឡើងវិញនូវសាលក្រមនេះថាតើដី៤,៦គីឡូម៉ែត្រក្រឡា ជាប់ប្រាសាទព្រះវិហារជារបស់អ្នកណា? លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កម្ពុជាបានចរចាជាមួយថៃតាំងពីឆ្នាំ២០០៨ មកម៉្លេះអំពីបញ្ហាព្រំដែននេះ ប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីទេ ពីព្រោះតែេមដឹកនាំថៃក្រឡិចក្រឡុចយ៉ាងខ្លាំង និងមានបំណងឈ្លានពានកម្ពុជាយ៉ាងឱឡារិក ។
លោកហោ ណាំហុង អះអាងទៀតថា កម្ពុជាពិតជាអភ័ព្វខ្លាំងណាស់ ដែលមានប្រទេសជិតខាងមានមេដឹកនាំក្រឡិចក្រឡុចមិនអាចយកជាការបាន ។ ទន្ទឹមនឹងការបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ កម្ពុជាក៏បានស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិចាត់វិធានការបន្ទាន់ដើម្បីការពារប្រាសាទ និងបញ្ឈប់ការបាញ់ឈ្លានពានពីសំណាក់ប្រទេសថៃផងដែរ ពីព្រោះថៃបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ សូម្បីតែកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងមេទ័ពភូមិភាគរបស់ប្រទេសទាំងពីររយៈពេល២ថ្ងៃចុងក្រោយនេះក៏ថៃនៅតែមិនគោរព និងបាញ់ឈ្លានពានកម្ពុជាដដែល ។ លោកហោ ណាំហុង សង្ឃឹមថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនឹងចាត់វិធានការក្នុងពេលឆាប់ៗនេះ។ រីឯការបកស្រាយសាលក្រមឡើងវិញអាចនឹងប្រើពេលយូរបន្តិច ពីព្រោះតុលាការត្រូវការពេលវេលាដើម្បីស្រាវជ្រាវឯកសារឡើងវិញ ។ ជាមួយគ្នានេះដែរ លោកប្រមុខការទូតកម្ពុជាក៏បានបញ្ជាក់ទៀតថា លោកទើបបានទទួលលិខិតពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៨ មេសា ស្តីពីគម្រោងនៃចំណុចឈរជើងរបស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី តែកម្ពុជាមិនទាន់ឆ្លើយតបទេ ពីព្រោះក្នុងចំណោមចំណុចទាំង៤ដែលថៃបានស្នើឡើងនោះមានចំណុចមួយស្ថិតនៅក្នុងទឹកដីកម្ពុជាត្រង់ស្វាយជ្រំ ដែលចូលជ្រៅ៧គីឡូម៉ែត្រ ក្នុងទឹកដីកម្ពុជា ។
លោកហោ ណាំហុង បានអះអាងបន្ថែមថា កម្ពុជាបានស្នើឱ្យឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានពិនិត្យឡើងវិញឱ្យច្បាស់លាស់អំពីបញ្ហានេះទើបកម្ពុជាឆ្លើយតប ពីព្រោះចំណុចទាំង៤ដែលស្នើឡើងដោយថៃនោះ មានចំណុច១គឺស្វាយជ្រុំ ស្ថិតក្នុងទឹកដីកម្ពុជា ដូច្នេះកម្ពុជាមិនអាចទទួលយកបានទេ ។ កម្ពុជានៅតែរក្សា៣ចំណុចដដែលសម្រាប់ការឈរជើងរបស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីគឺចំណុចតាសឹម ចាក់ច្រែង និងចំណុច៥មករា៕
ចែករំលែកព័តមាននេះ