ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជនជាតិ​ថៃ​ត្រូវ​ដំរី​របស់​ខ្លួន​ឯង​ជាន់​​ស្លា.ប់ព្រោះ​​កំហឹង​​ក្រេវ​ក្រោធ​

3 ឆ្នាំ មុន

មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​កើត​ឡើង​នៅប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​សត្វ​ដំរី​ញី​១​ក្បាល​ជាន់​សម្លាប់​​​ម្ចាស់​ខ្លួន​ឯង​​​។​​ ​បុរស​ហ្ម​ដំ​រី​​វ័យ​ហុក​សិប​ឆ្នាំ​​ឈ្មោះ​ឆាត ម៉ូខុម (Chat Mokhom) ត្រូវ​សត្វ​ដំរី​ព្រេច​ (ជាន់​) រហូត​ដល់​ស្លាប់​នៅ​ក្នុង​ខេត្ត​បុរី​រ៉ាំ​ ប្រទេស​ថៃ​ភាគ​ឦសាន​។…

មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​កើត​ឡើង​នៅប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​សត្វ​ដំរី​ញី​១​ក្បាល​ជាន់​សម្លាប់​​​ម្ចាស់​ខ្លួន​ឯង​​​។​​ ​បុរស​ហ្ម​ដំ​រី​​វ័យ​ហុក​សិប​ឆ្នាំ​​ឈ្មោះ​ឆាត ម៉ូខុម (Chat Mokhom) ត្រូវ​សត្វ​ដំរី​ព្រេច​ (ជាន់​) រហូត​ដល់​ស្លាប់​នៅ​ក្នុង​ខេត្ត​បុរី​រ៉ាំ​ ប្រទេស​ថៃ​ភាគ​ឦសាន​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ជន​រង​គ្រោះ​ដឹក​ដំរី​ចុះ​អូរ​ដើម្បី​ផឹក​ទឹក​ ឬ​ងូត​ទឹក​ឱ្យ​វា​ត្រជាក់​ខ្លួន។​

​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ប្រាប់​ថា​​​ដំរី​​ឈ្មោះ​មេណាមង៉ាម (Mae Nam-gnam) ​​បាន​យក​​ប្រមោយ​របស់​វា​ថ្ពក់​ដង​ខ្លួន​របស់​ម្ចាស់​នោះ​ជាប់​។ រួច​ហើយ, ​វា​លើក​គ្រវី​ចុះ​ឡើង​ៗ​​​ជា​ច្រើន​លើក​ច្រើនសា​។ បន្ទាប់​មក​, វា​​ក៏​ព្រេច​ម្ចាស់​​ខ្លួន​ឯង​រហូត​ដល់​ក្ស័យ​សង្ខារ​តែ​ម្ដង​។​ សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ និង​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្ដូក​ស្ដឹង​នៅ​ក្បែរ​អូរ​។ ដៃ​ និង​ជើង​របស់​ជន​រង​គ្រោះ​បាក់​ឆ្អឹង​ខ្ទេច​ខ្ទី​អស់​​​។ ​​កន្លែង​ដទៃ​ទៀត​នៃ​ដង​ខ្លួន​ជន​រង​គ្រោះ​ក៏​ត្រូវ​ខ្ទេច​ខ្ទាំ​ និង​មាន​ស្នាម​ជាំ​ឡើង​សុស​​សាច់​។​​

តាម​ដឹង​មក​ថា​សត្វ​ដំរី​ញី​​នេះ​​​កំពុង​ពពោះ​កូន​ប្រាំ​ខែ​នៅ​ក្នុង​ផ្ទៃ​។​ តាម​ពិត​ទៅ, ដំរី​ជា​សត្វ​ដែល​មាន​សន្ដាន​ស្លូត​បូត​ពី​ធម្មជាតិ​របស់​វា​។ ប៉ុន្តែ​សត្វ​នេះ​បើ​​ត្រូវ​កាច​ក៏​កាច​សម្បើម​​ណាស់​ដែរ​។ ជា​ពិសេស​​វា​​​មាន​កំហឹង​ក្រេវ​ក្រោធ​ភ្លាម​១​រំពេច​ បើ​មាន​អ្នក​ដទៃ​ពន្យុះ​ ឬ​បង្ក​ការ​គំរាម​កំហែង​ចំពោះ​វា​។​ ​ចំពោះ​​ករណី​​ដំរី​ជាន់​ម្ចាស់​ខ្លួន​ឯងរហូត​ដល់​​ស្លាប់​នៅ​បុរីរ៉ាំ​ ប្រទេស​ថៃ​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។

​មន្ត្រី​ថ្នាក់​​មូល​ដ្ឋាន​ និង​ភរិយា​​ជន​រង​គ្រោះ​ជឿ​ជាក់​ថាដោយសារ​ខែ​នេះ​ជា​ខែ​ក្ដៅ​ខ្លាំង​​, សត្វ​ដំរី​នេះ​​អាច​នឹង​មាន​អារម្មណ៍​មួរ​ម៉ៅ​ និង​ក្រពុល​មុខ​ខ្លាំង​​។ ​វា​​​អាច​នឹង​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​​បន្ធូរ​ភាព​តាន​តឹង​​។​ ​ជា​ទូទៅ​ នៅ​ពេល​សត្វ​មាន​អារម្មណ៍​មួរ​ម៉ៅ ឧទាហរ​ណ៍​​​​សត្វ​​ក្រ​បី ឬ​សត្វ​​ដំរី​ជា​ដើម​, ​វា​នឹង​​វ័ធ​ដើម​ចេក​ ឬ​ដើម​ឈើ​នៅ​ក្បែរ​​​​នោះ​​ទាល់​តែ​​រលើង​​ដើម​ឈើ​ទាំង​ឫស​ក៏​មាន​ដែរ​។​ ដូច​នេះ​​ ទំនង​​ជា​​​គ្មាន​ដើម​ឈើ​នៅ​ក្បែរ​ក៏​មិន​ដឹង​, ទើប​​សត្វ​ដំរី​ញី​នេះ​​យក​ម្ចាស់​​​​ខ្លួន​ឯង​ធ្វើ​​ជា​របស់​បន្ធូរ​អារម្មណ៍​តាន​តឹង​តែ​ម្ដង​។​

​បន្ទាប់​ពី​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​រួច​, ​ដំរី​ឈ្មោះ​មេណាមង៉ាម​(Mae Nam-gnam)​​​​​​រត់​ចេញ​ពី​កន្លែង​កើត​ហេតុ​​​​​។​ ប៉ុន្តែ​​សមត្ថ​បាន​ចាត់​កម្លាំង​តាម​រក​រហូត​ដល់​ឃើញ​។ បន្ទាប់​មក​គេ​បាន​បាញ់​​ម្ជុល​មាន​ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​នោះ​ដើម្បី​ចាប់​វា​ឱ្យ​បាន​ និង​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ប៉ះពាល់​គភ៌​នៅ​ក្នុង​ផ្ទៃ​​។​ ​​នេះ​មិន​មែន​ជា​កិច្ច​ការ​ដែល​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ព្រោះ​វា​កំពុង​តែ​ក្រពុល​មុខ​​​ខ្លាំង​បំផុត​ ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ​ផង, ​​ទើប​តែ​​សម្លាប់​មនុស្ស​​ហើយ​ថ្មីៗ​ផង​ និង​ត្រូវ​​​ការ​ពារ​កូនរបស់​វា​​នៅ​ក្នុង​ផ្ទៃ​ផង​។

​​នៅ​ប្រទេសថៃ​ ​​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ព្រៃ​ភ្នំ​និយម​ចូល​ចិត្ត​ចាប់​សត្វ​ដំរី​ព្រៃ​យក​ទៅ​ផ្សាំង​ដើម្បី​ចិញ្ចឹម​ជា​ទំនៀម​ទម្លាប់​​តាំង​ពីយូរ​លង់​ណាស់​មក​ហើយ​​​។ ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ភរិយា​ជន​រង​គ្រោះ, ប្ដី​គាត់​ទើប​តែ​ទិញ​ដំរី​​​នេះ​​ពី​ម្ចាស់​ដើម​នៅ​ខេត្ត​ឆៀង​ម៉ៃ​កាល​ពី​ជាង​១​ខែ​មុន​ ​​នៅ​ក្នុង​តម្លៃ​១លាន ៥​សែន​បាត​ ស្មើ​នឹង​៤ម៉ឺន ៤​ពាន់​ដុល្លារ​​។ ឥឡូវ​នេះ បើ​ទុក​ជា​ចាប់​​ដំរី​នេះ​បាន​​ក៏​​គេ​មិន​ទាន់​ដឹង​ថា​សមត្ថ​កិច្ច​នឹង​មាន​វិធាន​ការ​​បែប​ណា​នៅ​ឡើយ​ទេ​។

​សូម​រម្លឹក​ថា​មាន​ករណី​សត្វ​សម្លាប់​មនុស្ស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅប្រទេស​អ៊ីតាលី​ រហូត​ដល់​ឡើង​ដល់​តុលាការ​។ សត្វ​ខ្លា​ឃ្មុំ​ញី​១​ក្បាល​បាន​ខាំ​សម្លាប់​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​ដែល​រត់​ហាត់​ប្រាណ​​នៅ​លើ​​​ជួរ​ភ្នំ​អាល់​(Alps)។​​​​ ក្រោយមក សមត្ថកិច្ច​បាន​ព័ទ្ធ​ចាប់​ខ្លា​ឃ្មុំ​​នោះ និង​យក​ទៅ​ឃុំ​ឃាំង​។ មុន​ដំបូង​ ចៅ​ហ្វាយ​ខេត្ត​ត្រេន​តូ​(Trento)​នៃ​តំបន់​កើត​ហេតុ​បញ្ជា​ឱ្យ​សម្លាប់​ខ្លា​ឃ្មុំ​នេះ​ចោល​​ ព្រោះ​វា​កាច​ពេក​​។ ​

កាល​ពី​ពេល​កន្លង​មក​ មនុស្ស​២​នាក់​ធ្លាប់​ត្រូវ​ខ្លា​ឃ្មុំ​នេះ​ខាំ​ និង​​ខ្វាច​ បណ្ដាល​ឱ្យ​របួស​ពេញ​ខ្លួន​ ស្ទើរ​ស្លាប់​ ស្ទើរ​រស់​​។ ប៉ុន្តែ​តុលាការ​សាលា​ដំបូង​បញ្ជា​ឱ្យ​ពន្យារ​ពេល​សម្លាប់​ខ្លា​ឃ្មុំ​នេះ​សិន​ បន្ទាប់​ពី​ក្រុម​សកម្ម​ជន​ខាង​សិទ្ធិ​របស់​សត្វ​ចេញ​មុខ​តវ៉ា​យ៉ាង​គគ្រឹក​គគ្រេង​​។ តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​នេះ​នា​ខែ​ឧសភា ឆ្នាំ​២០២៣​៕

ប្រភព៖ Newsweek, The Thaiger

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ