រាជធានីភ្នំពេញ ៖ កូនប្រុសច្បងរបស់លោកអេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសផ្ដាច់ទំនាក់ទំនង(កាត់កាល) រវាងឪពុក និងកូន ប្រសិនបើលោក អេង ឆៃអ៊ាង វិលចូលស្រុកវិញ ហើយចុះចូល ដើម្បីបានតួនាទី និងតំណែងនោះ ។
លោក អេង រតនៈ មានប្រពន្ធឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគាំទ្របក្សប្រឆាំងនៅខេត្តបាត់ដំបង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ថា ៖ «ខ្ញុំជាកូនច្បងគាត់(អេង ឆៃអ៊ាង) បើគាត់ត្រឡប់មកវិញ ហើយចុះចូល ដើម្បីបានតួនាទី និងតំណែងនោះ ខ្ញុំ និងប្រពន្ធខ្ញុំ នឹងប្រកាសជាសាធារណៈ ឈប់មានទំនាក់ទំនងឪពុក និងកូន ជាមួយគាត់ជារៀងរហូត!» ។
នៅលើបណ្តាញសង្គម Ratanak Eng ក៏បានភ្ជាប់រូបភាពគេហទំព័រកាសែតកោះសន្តិភាព ដែលមានចំណងជើងថា «សម្តេចតេជោ ប្រកាសលើកលែងទោសឲ្យលោក អេង ឆៃអ៊ាង និងផ្តល់តួនាទី បើចូលមកស្រុក» ។
សូមជម្រាបឡើងវិញថា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «អាមួយ (អេង ឆៃអ៊ាង) នៅបនល្បែងជាប់នោះ គេបង្ហោះឌឺថា បើចង់បានធ្វើអ្នកធំ ទាល់តែទៅចូលគណបក្សប្រជាជនកម្ពុជា និងចូលទៅគណបក្សប្រឆាំងសិន រួចហើយត្រឡប់មកវិញ បានធ្វើធំហើយ ចាំទៅអាពៅ ប៉ុន្តែបើអាពៅមក អាញ់លើកលែងទោសឲ្យ ហើយតែងតាំងធ្វើអ្វីមួយនៅក្នុងរដ្ឋាភិបាល» ។
សម្តេចតេជោ ថានេះជាសារសម្រាប់អាមេល្បែង ដែលជាអ្នកញៀ.នល្បែងទាំងអស់ នៅក្នុងស្រុកខ្មែរ ហើយទៅអាមេរិក ក៏លេងល្បែងទៀត អ៊ីចឹង អ្នកដែលចូលលុយជាមួយក្រុមនឹង គឺស្នើចូលឲ្យអ្នកលេងកាស៊ីណូហ្នឹងហើយ ។ សម្តេចតេជោ បានលើកឡើងថា នៅក្រៅប្រទេសដើរកៀរគររកលុយ ដើម្បីជួយអ្នកនៅក្នុងស្រុក តែដល់បានលុយហើយ យកទៅលេងកាស៊ីណូអស់ ដូច្នេះអ្នកនៅក្នុងស្រុកគ្មានលុយ ។ ដូច្នេះមានតែរុញទៅបែបហ្នឹង ។
សម្តេចតេជោ ថា៖ បើនិយាយស្រួល ស្តាប់គ្នាមិនបានទេ មានតែវិធីរុញទូក បណ្តោយទឹកឲ្យឆាប់រលាយតែម្តងទៅ ប៉ុន្តែរលាយមិនរលាយជារឿងរបស់គេ ៕



ចែករំលែកព័តមាននេះ