ខេត្តកំពង់ចាម ៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹកបង្ហាញពីស្ត្រីម្នាក់និងប្តី រស់នៅក្នុងលំនៅឋានមួយខ្នងមានសភាពទ្រុឌទ្រោមស្ទើរតែរលំទៅហើយ ស្ថិតនៅក្នុងភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ត្រូវគេបង្ហោះនៅលើតាមបណ្ដាញសង្គម ដើម្បីកៀរគរថវិកាទៅជួយដល់គ្រួសារដែលមានសភាពយ៉ាប់យ៉ឺន ហើយគ្រួសារមួយនេះ គឺមានពីរនាក់ប្ដីប្រពន្ធរស់នៅ។ មិនត្រឹមប៉ុណ្ណោះថ្មីៗនេះ ក៏ត្រូវជនមួយចំនួនធ្វើការបង្ហោះរូបភាពផ្ទះរបស់ស្ត្រីរូបនេះរស់នៅដែលមានសភាពទ្រុឌទ្រោម ដើម្បីឲ្យផ្ញើថវិកាតាម ABA ទៀតផង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះថា ចំពោះរូបភាពដែលគេថតបង្ហោះតាមបណ្ដាញសង្គមមើលទៅរខេករខាក និងមានសភាពទ្រុឌទ្រោមនោះ ដោយមានប្រពន្ធឈ្មោះ សុខា និងប្ដីឈ្មោះ នឿន អាយុជាង៤០ឆ្នាំ។ តាមពិតរូបថតនោះ គឺជារូបចាស់តាំងពី១០ឆ្នាំមុនមកម្ល៉េះ ហើយចំពោះបុរសជាប្ដីដែលមានឈ្មោះ នឿន ក៏បានស្លា.ប់យូរហើយដែរ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា នៅពេលខ្លះ កម្លាំងនៅមូលដ្ឋានធ្វើដំណើរឆ្លងកាត់ ឃើញមានការលំបាកបែបនេះ ក៏ជូនថវិកាបន្តិចបន្តួចគ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ ហើយស្ត្រីជាប្រពន្ធ គឺមានរោគប្រចាំកាយទៀតផង និងមានសតិមិនសូវគ្រប់ដប់នោះទេ។ ជាមួយគ្នានោះ ស្ត្រីរូបនេះក៏មានកូនតូចៗចំនួន៣នាក់ តែត្រូវអង្គការយកទៅចិញ្ចឹម ហើយរាល់ថ្ងៃក្នុងផ្ទះនេះ គឺនៅតែម្ដាយម្នាក់ឯងតែប៉ុណ្ណោះ។

ចំណែកលោកមេឃុំប្រាំយ៉ាម វិញ ក៏មានប្រសាសន៍ឱ្យដឹងដែរថា ចំពោះរូបផ្ទះដែលគេបានបង្ហោះតាមបណ្ដាញសង្គមនោះ គឺជារូបថតចាស់ពិតប្រាកដមែន។ ហើយមកដល់សព្វថ្ងៃនេះ ផ្ទះនេះកាន់តែចាស់មែនទែន។ ហើយស្ត្រីដែលមានសតិមិនសូវគ្រប់នេះ គឺមានកូនចំនួន៤នាក់ ក្នុងនោះកូនបងគេស្រីអាយុ១៧ឆ្នាំ ស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទីឱ្យគេនៅខេត្តមណ្ឌលគិរី បន្ទាប់មកកូនទី២ប្រុស បានបួសជាសង្ឃនៅវត្តទ្រាស។ ហើយមកដល់សព្វថ្ងៃ កូនបងគេមានអាយុ១៣ទៅ១៤ឆ្នាំហើយ។

លោកមេឃុំ បញ្ជាក់ថា ស្ត្រីរូបនោះមានប្ដីទី១ ឈ្មោះផែង នឿន អាយុជាង៤០ឆ្នាំ ហើយក៏មានជំងឺបានស្លា.ប់ ដោយបន្សល់ទុកនៅកូនចំនួន៤នាក់ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនដែលមើលរំលងដល់ជីវភាពរបស់ស្ត្រីរូបនេះម្ដងណាឡើយ ពោលគឺឱ្យតែថ្នាក់លើផ្ដល់អំណោយមក គឺត្រូវហៅស្ត្រីរូបនេះមកទទួលអំណោយជាហូរហែច្រើនលើកច្រើនសារមកហើយ។ ក្រោយមកទៀត ស្ត្រីរូបនេះក៏បានយកប្ដីទី២ ហើយនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗ ក៏មានអំពើហិ.ង្សាក្នុងគ្រួសារ បន្ទាប់មកប្ដីក្រោយនេះ ក៏បានចេញទៅបាត់ ដោយមិនដឹងថា តើទៅទីណាឡើយ0x017d7។
លោកមេឃុំ បញ្ជាក់បន្តថា ចំពោះផ្ទះដែលមើលទៅសភាពទ្រុឌទ្រោមនោះ គឺស្ត្រីរូបនេះមកនៅម្ដងម្កាលតែប៉ុណ្ណោះ ដោយភាគច្រើនគឺនៅជាមួយនឹងបងស្រីឈ្មោះចន្ធី ដែលមានផ្ទះចម្ងាយពីគ្នាប្រមាណ៣០០ម៉ែត្រ។

លោកមេឃុំ បញ្ជាក់ទៀតថា ព្រោះតែមើលឃើញបែបនេះ ពិតជាអាណិតណាស់ ហើយនៅថ្ងៃទី២០ ខែមេសា លោកក៏បានផ្ដល់អំណោយជូនដល់គ្រួសារក្រីក្រឈ្មោះ ឆាំ សុខា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ និងគ្រួសារមួយទៀតឈ្មោះ ស៊ិន យ៉ើ ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិក្តីថ្ករ ឃុំប្រាំយ៉ាម ដោយមួយគ្រួសារទទួលបានអង្គរចំនួន២០គីឡូក្រាម, មុងមួយ, ភួយមួយ, កន្ទេលមួយ, ខ្នើយមួយ, ក្រមាមួយ, ចានដែកធំមួយ, ចានបាយមួយ, ចានសម្លមួយ, ចានស្រាក់មួយ, វែកសម្លមួយ, វែកបាយមួយ, ស្លាបព្រាមួយ, កាំបិ.តមួយ, ធុងទឹកកកមួយ, បំពង់ទឹកក្តៅ១ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ។
អាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា រូបភាពដែលគេបង្ហោះតាមបណ្ដាញសង្គមពីស្ថានភាពគ្រួសារលំបាកនេះ គឺជារូបភាពចាស់នោះទេ ហើយបើបង្ហោះក្នុងគោលបំណងល្អនាំយកថវិកាមកជូនគ្រួសារនេះមិនអីទេ តែគេខ្លាចយកទៅបង្ហោះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។


ចែករំលែកព័តមាននេះ