ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទទួល​ទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ វត្តភ្នំ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ ក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យក​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត​រាជធានីភ្នំពេញ…

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ ក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យក​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត​រាជធានីភ្នំពេញ ដើម្បីប្រារព្ធ​ពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧។ ​

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតី នាឱកាសនោះ បានបួងសួងដល់​ម្ចាស់ទឹកម្ចាស់ដី សុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខ​ចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។

ពិធីនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក​ឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកសាងឡើង ក្នុង​រយៈពេល ១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុង ទាំងសេវា​សាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកំពស់​បរិស្ថានសោភណ្ឌភាព ក្នុងរាជធានីភ្នំពេញផងដែរ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យ​ពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃ​ឧបទ្រុបទាំងពួង ដែលកើតមានពីឆ្នាំចាស់ ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្មាំថ្មី ព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀត ក្នុងឆ្នាំថ្មីនេះ។ ​

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ បានចូលមកដល់នៅវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី១៤មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ​គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់។ ជាមួយគ្នានេះ សង្ក្រាន្តវត្តភ្នំ ក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡើងយ៉ាងអធិកអធ័ម ក្រោយពីអាក់ខាន មិនបានរៀបចំអស់រយៈពេល ២ឆ្នាំជាប់គ្នា ដោយសារការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាវ​ គឺកូវីដ -១៩។

ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក​ទាំងមូល ក្នុងនោះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។

រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ​

នាឱកាសនោះដែរ លោកអភិបាលរាជធានី​ភ្នំពេញ និង​លោក​ស្រី ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៍​បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ជាតិជាច្រើន។

មានប្រជាពលរដ្ឋជាច្រើន បានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ​មានទាញព្រ័ត្រ លោតបាវ ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំកំសាន្ត ជាដើម​។

ក្នុងសង្ក្រាន្តវត្តភ្នំ ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាស​កំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនបានអញ្ជើញទៅស្រុកកំណើត ឬមិនបានទៅលេងទីឆ្ងាយបានមកលេងកំសាន្តនៅទីនេះ​។

លោក ឃួង ស្រេង បានថ្លែងថា យើងបានសប្បាយរីករាយ គឺដោយសារយើងមានសុខសន្តិភាព​ពេញលេញ ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់​ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២​។ ​

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗ ជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ផ្លូវគោក និងមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍ ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិ​ភ័យ ដោយ​ប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស ចរន្តអគ្គិសនី ជាដើម​។

ពិធីបុណ្យចូលឆ្នាំថ្មី ក៏បានបញ្ជាក់ឲ្យយើងដឹងគ្រប់គ្នាផងដែរថា អាយុកាលរបស់យើងម្នាក់ៗ ចេះតែរំកិលទៅមុខឥតឈប់ឈរ ពេលវេលាមិនរង់ចាំយើងទេ។ ដូច្នេះទាមទាឲ្យបុគ្គល​គ្រប់រូបប្រតិបត្តិតែអំពើល្អ អំពើជាកុសលសម្រាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារ សម្រាប់អ្នកដទៃ និងសម្រាប់សង្គមជាតិទាំងមូល ក្រោមម្លប់សន្តិភាព បើគ្មានសន្តិភាព ក៏គ្មានការជួបជុំសប្បាយ​រីករាយក្នុងមហាគ្រួសារខ្មែរ ដូចពេលនេះដែរ​។ ដូច្នេះសន្តិភាព គឺមានតំលៃមហាសាល មិនអាចកាត់ថ្លៃបានឡើយ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍នោះដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ