ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ស្វា​ចាស់​បំផុត​ក្នុង​លោក​​ចូល​រួម​​​​​ខួប​កំណើត​​​​៦៦​ឆ្នាំ​នៅសួន​សត្វ​ប៊ែឡាំង​​

3 ឆ្នាំ មុន

ទី​ក្រុង​ប៊ែឡាំង, ប្រទេស​អាល្លឺម៉ង់៖ ថ្ងៃ​នេះ សត្វ​ស្វា​ឪ​ប្រភេទ​ហ្គោរីឡា​(gorilla)​ដែល​មាន​វ័យ​ចំណាស់​​ជាង​គេ​នៅ​​ក្នុង​​ពិភព​លោក​​ត្រូ​វបាន​អ្នក​គ្រប់គ្រង​សួន​សត្វ​រៀប​ចំ​ខួប​កំណើត​ទី​៦៦​ឆ្នាំ​សម្រាប់​ស្វា​នេះ​។ សត្វ​ស្វា​ញី​ឈ្មោះ​ហ្វាទូ (Fatou)​ស៊ី​យ៉ាង​ឆ្ងាញ់​ពិសា​នូវ​ផ្លែ​​បឺរី (berry), ផ្លែ​ឈើ​ស្រស់​ៗ​ និង​បន្លែ​មួយ​​គំនរ​ធំ​ រួម​ជា​មួយ​គ្រឿង​ទេស​ជា​ច្រើន​ប្រភេទ​។​…

ទី​ក្រុង​ប៊ែឡាំង, ប្រទេស​អាល្លឺម៉ង់៖ ថ្ងៃ​នេះ សត្វ​ស្វា​ឪ​ប្រភេទ​ហ្គោរីឡា​(gorilla)​ដែល​មាន​វ័យ​ចំណាស់​​ជាង​គេ​នៅ​​ក្នុង​​ពិភព​លោក​​ត្រូ​វបាន​អ្នក​គ្រប់គ្រង​សួន​សត្វ​រៀប​ចំ​ខួប​កំណើត​ទី​៦៦​ឆ្នាំ​សម្រាប់​ស្វា​នេះ​។ សត្វ​ស្វា​ញី​ឈ្មោះ​ហ្វាទូ (Fatou)​ស៊ី​យ៉ាង​ឆ្ងាញ់​ពិសា​នូវ​ផ្លែ​​បឺរី (berry), ផ្លែ​ឈើ​ស្រស់​ៗ​ និង​បន្លែ​មួយ​​គំនរ​ធំ​ រួម​ជា​មួយ​គ្រឿង​ទេស​ជា​ច្រើន​ប្រភេទ​។​ សូម្បី​​តែ​អ្នក​ដទៃ​ដែល​ឈរ​មើល​ពី​ចម្ងាយ​ក៏​​មាន​អារម្មណ៍​ថា​​ឆ្ងាញ់​ផង​ដែរ​។​

​ពិធី​​នេះ​ជា​រៀប​​ចំ​​​យ៉ាង​​ដ៏​​​វិសេស​វិសាល​​សម្រាប់​សត្វ​ស្វា​ហ្វាទូ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អ្នក​រស់​នៅ​ក្នុង​សួន​សត្វ​ប៊ែឡាំង (Berlin Zoo)។ ជា​ធម្មតា​ ​សត្វ​ស្វា​នេះ​ទទួល​បាន​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ប្រភេទ​បន្លែ​គ្រប់​មុខ​។ មូល​ហេតុ​ដោយ​សារ​វា​​មាន​វ័យ​​កាន់​តែ​ចាស់​ជរា​។ បើ​គេ​ផ្ដល់​ផ្លែ​ឈើ​ឱ្យ​វា​ស៊ី ប្រៀប​បាន​នឹង​ការ​ធ្វើ​បាប​វា​ទៅ​វិញ​ទេ​ ព្រោះ​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ច្រើន​។​

បើ​គិត​ទៅ​តាម​អាយុ​កាល​រស់​នៅ​​របស់​ស្វា​ប្រភេទ​នេះ​​, ​ពួក​វា​អាច​រស់​នៅ​មួយ​អស់​ល្បត់​ត្រឹម​​សែ​សិប​ឆ្នាំ​។ ដូច្នេះ លទ្ធ​ភាព​ដែល​ស្វា​ហ្វាទូ​អាច​បន្ត​ជីវិត​រស់​នៅ​រហូត​ដល់​៦៦​ឆ្នាំ​គឺ​ជា​ករណី​ពិសេស​។ អាយុ​ប៉ុណ្ណេះ​អាច​ចាត់​ទុក​ថា​លើស​​អាយុ​​ដែល​​កំណត់​ទៅ​តាម​ក្រឹត្យ​ក្រម​ធម្ម​ជាតិ​រហូត​ដល់​​ទៅ​ជាង​ម្ភៃ​ឆ្នាំ​ឯណោះ​​។​ មិន​មែន​សត្វ​ស្វា​ទូទៅ​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ​។ ​ដូច​នេះ​​ ក្រុម​អ្នក​អភិរក្ស​សត្វ​ក៏​គិត​គូរ​សម្បើម​ណាស់​ដែរ​អំពី​សុខ​ទុក្ខ​របស់​វា​។ ជា​ពិសេស​ បញ្ហា​សុខ​ភាព​ និង​​អាហា​រូប​ត្ថម្ភ​​​។​​

​វ័យ​កាន់​តែ​ជ្រេ​ដល់​ថ្នាក់​នេះ​​ហើយ​​, ហ្វាទូ​ត្រូវ​ការ​​អាហារ​ទន់​ៗ​ដែល​ងាយ​ស្រួល​ទំពារ​ និង​ងាយ​ស្រួល​លេប ព្រោះ​វា​បាន​បាក់​ធ្មេញ​អស់​រលីង​​​។ នេះបើ​យោង​តាម​បុគ្គលិក​សួន​សត្វ​ម្នាក់​​​។ ថ្ងៃ​នេះ ហ្វាទូ​អាច​ស៊ី​ចំណី​សម្រាប់​ថ្ងៃ​ខួប​កំណើត​យ៉ាង​ឆ្ងាញ់​ពិសា​ដោយ​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ថា​មាន​សត្វ​ដទៃ​​មក​ដណ្ដើម​ទេ​។ ថ្វី​ដ្បិត​សួន​សត្វ​នៅ​ទីក្រុង​ប៊ែឡាំង​មាន​ស្វារ​ហ្គោរីឡា​ប្រភេទ​នេះ​រហូត​ដល់​ទៅ​ប្រាំ​ក្បាល​, ប៉ុន្តែ​​សួន​សត្វ​រៀប​ចំ​ទុក​ដាក់​ចំណី​អាហារ​នេះ​ដាច់​ដោយ​ឡែក​សម្រាប់​តែ​ហ្វាទូ​​មួយ​​ប៉ុណ្ណោះ​។​

សព្វ​ថ្ងៃ​នេះ, បុគ្គលិក​សួន​សត្វ​ប្រាប់​ថា​ហ្វាទូ​​មាន​ឱកាស​​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​សត្វ​ដែល​រស់​នៅ​ក្បែរ​វា​នៅ​ពេល​ណា​ក៏​បាន​​។ ប៉ុន្តែ​សត្វ​នេះ​សុខ​ចិត្ត​ជ្រើស​រើស​យក​ការ​ស្នាក់​នៅ​ស្ងប់​ស្ងាត់​តែ​ម្នាក់​ឯង​ ដោយ​មិន​​ត្រូវ​ការ​​រវី​រវល់​ជា​មួយ​នឹង​សត្វ​ដទៃ​ទៀត​ទេ​។

​​សត្វ​ស្វា​ហ្គោរីឡា​តំបន់​ទំនាប​ខាង​លិច​(Western Lowland Gorilla)​​ តួ​យ៉ាង​ដូច​ជា​​ស្វា​ហ្វាទូ​នេះ ​ត្រូវ​ក្រុម​​អ្នក​អភិរក្ស​សត្វ​ព្រៃ​ចាត់​ទុក​ថា​ជា​ស្វា​ហ្គោរីឡា​ដ៏​កម្រ ​​​។ ពួក​វា​​នៅ​សេស​សល់​តិច​តួច​ជា​ទី​បំផុត​នៅ​លើ​ភព​ផែន​ដី​​​។ មូល​ហេតុ​​សំខាន់​ព្រោះ​​​​ព្រៃ​ឈើ​ដែល​ជា​ទី​ជម្រក​របស់​ពួក​វា​បាន​បាត់​បង់​អស់​យ៉ាង​ច្រើន​​​សន្ធឹក​សន្ធាប់​។ ​ជា​ទូទៅ​ ស​ត្វ​នេះ​ស៊ី​រុក្ខជាតិ​ បន្លែ ​ផ្លែ​ឈើ​ជា​អាហារ​ និង​រស់​នៅ​ជា​លក្ខណៈ​​​គ្រួ​សារ​​។

សត្វ​ស្វា​ហ្វាទូ​ចាប់​កំណើត​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​​កាល​ពី​ឆ្នាំ​១៩៥៧​, ហើយ​ត្រូវ​អ្នក​ធ្វើ​ដំណើរ​តាម​ទូក​​នាំ​យក​ស្វា​នេះ​ពី​តំបន់​អាហ្វ្រិក​ខាង​លិច​។ មុន​ដំបូង យក​ទៅ​​​ចិញ្ចឹម​នៅ​សួន​សត្វ​ប្រទេស​បារាំង​កាល​ពីឆ្នាំ​១៩៥៩​។ ក្រោយ​មក សួន​សត្វ​ប៊ែឡាំង​ ប្រទេស​អាល្លឺម៉ង់​ ក៏​បាន​ចរចា​គ្នា​ដើម្បី​នាំ​យក​ស្វា​នេះ​ទៅ​ចិញ្ចឹម​រហូត​ដល់​សព្វ​ថ្ងៃ​។ ហ្វា​ទូ​មាន​កូន​១​ក្បាល, ​​ចៅ​២​ក្បាល,​ ចៅ​ទួត​​១៣​ក្បាល និង​ចៅ​លួត​១៦​ក្បាល​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ