រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីកន្លងមកនេះ បណ្តញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីចែករំលែកធនធាន និងលើកកម្ពស់គុណភាពអប់រំរួមគ្នា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស កិច្ចការមនុស្សធម៌ និងការផ្តល់អាហារូបករណ៍ ។

ចំពោះដៃគូសហប្រតិបត្តិការទាំង១៨ និងគោលបំណងនៃសហប្រតិបត្តិការដូចខាងក្រោម៖
១. អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជននិងកីឡា៖ សហប្រតិបត្តិការជំរុញការអភិវឌ្ឍយុវជនឱ្យមាន លក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការបណ្តុះបណ្តាលជំនាញទន់ បំណិនឌីជីថល ចលនាស្មគ្រចិត្តយុវជន ការទទួលខុសត្រូវក្នុងសង្គម និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារក្នុងសតវត្សទី២១ ពង្រឹងចលនាយុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ។
២. ទីភ្នាក់ងារជាតិមុខរបរនិងការងារ៖ សហប្រតិបត្តិការលើការបណ្តុះបណ្តាលជូនអ្នកស្វែងរកការងារនិងការតម្រង់ទិសសិស្ស និស្សិតលើជំនាញទន់ និងការសហការរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារដល់យុវជន។

៣. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖ លើការផ្តល់អាហារូបករណ៍និងការងារសិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារនិងមុខរបរសិស្ស និងការចែករំលែកធនធាន។
៤. សាកលវិទ្យាល័យទួន ហ្វា៖ លើកការផ្តល់អាហារូបករណ៍សិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារនិងមុខរបរសិស្ស ការបណ្តុះបណ្តាលគ្រូភាសាចិន និងការចែករំលែកធនធាន។
៥. វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា៖ កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការអប់រំចំណេះដឹងទូទៅទៅនឹងការតម្រង់ទិសនិងបណ្តុះបណ្តាលគន្លងបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សកម្រិតមធ្យមសិក្សា ។
៦. សមាគមអ្នកនិពន្ធខ្មែរ៖ សហប្រតិបត្តិការលើកម្ពស់អក្សសាស្ត្រខ្មែរ ការតាក់តែងនិពន្ធ និងការប្រឡងស្នាដៃតាក់តែងនិពន្ធ។

៧. អង្គការផ្ទះបាយកុមារ៖ លើកិច្ចការសង្គមកិច្ច ការផ្តល់អាហារូបករណ៍និងការអភិវឌ្ឍកុមារងាយរងគ្រោះ និងការងារមនុស្សធម៌។
៨. អង្គការដើម្បីស្នាមញញឹមនៃកុមារ៖ លើកិច្ចការបណ្តុះបណ្តាលភាសាអង់គ្លេស ការងារសហគមន៍ និងការបណ្តុះបណ្តាលបំណិនទន់ជូនសិស្ស និស្សិត។
៩. Olympia Centre Plaza៖ លើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលអប់រំ ការរៀបចំពិពរណ៍អប់រំ និងការប្រកួតប្រជែងស្នាដៃសិស្ស។
១០. អនុវិទ្យាល័យរំដោះស្រែ ខេត្តព្រះវិហារ គោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងសហការ ដើម្បីធានាការបន្តប្រតិបត្តិការការផ្តល់សេវាអប់រំប្រកបដោយភាពទាន់ពេលវេលា ក្នុងការចូលរួមស្ដារស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសថៃឱ្យមានភាពជាប្រក្រតីឡើងវិញ លើផ្នែកបច្ចេកទេស សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធសាលា និងការគ្រប់គ្រង។

១១. សាលាជំនាន់ថ្មីព្រែកលាភ៖ ការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា សន្និសីទ ការបង្ហាញបទពិសោធ និងការបណ្តុះបណ្តាលលើវិធីសាស្ត្របង្រៀនថ្មីៗដល់បុគ្គលិកអប់រំ។
១២. មជ្ឈមណ្ឌលបណ្តុះបណ្តាល Aspire Design Academy Co., Ltd លើកិច្ចការតម្រង់ទិស និងបណ្តុះបណ្តាលជំនាញបច្ចេកទេសបឋមផ្នែកស្ថាបត្យកម្មនិងរចនាជូនសិស្សវិទ្យាល័យ។
១៣.សាលាអន្តរជាតិអាស៊ាន
១៤. សាលារៀន Australian Pacific International School, Siem Riep
១៥. សាលារៀន Newtown International School, Kompong Speu
១៦. សាលារៀន Handprint
១៧. សាលារៀន Bright Ken
១៨. សាលារៀន One World Academy ។
ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នា ការចែករំលែកធនធាន ការដំណើការសេវាអប់រំបំពេញគ្នា ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាអប់រំ។

គួរបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ជាមួយដៃគូដ៏សម្បូរបែបទាំង ១៨ស្ថាប័ននេះ គឺជាការប្តេជ្ញាចិត្តរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំមួយដែលរឹងមាំ។ វេសឡាញមិនត្រឹមតែបង្រៀនចំណេះដឹងក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរៀបចំផ្លូវសម្រាប់សិស្សានុសិស្សទៅកាន់ទីផ្សារការងារ ការទទួលខុសត្រូវសង្គម និងការបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ