ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវ និង​ទំនប់​ការពារ​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​លើក​ទំនប់​សណ្តរ​ស្ទឹង ដើម្បី​ការពារ​ទឹកជំនន់​ព្រែក​ត្នោត រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​សម្រេច​ជិត​៥០​ភាគរយ​ហើយ និង​គ្រោង​អោយ​រួចរាល់​នៅ​មុន​រដូវវស្សា​ខាង​មុខ​នេះ​

រាជធានី​ភ្នំពេញ ៖ ការ​លើក​ទំនប់​សណ្តរ​ស្ទឹង ដើម្បី​ការពារ​ទឹកជំនន់​ព្រែក​ត្នោត រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​សម្រេច​ជិត​៥០​ភាគរយ​ហើយ និង​គ្រោង​អោយ​រួចរាល់​នៅ​មុន​រដូវវស្សា​ខាង​មុខ​នេះ​។

ដើម្បី​អោយ​ការងារ​នេះ សម្រេច​ទៅ​តាម​ផែនការ និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា​នេះ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ពិធី​បង្សុកូល​រាប់បាត្រ ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស និង​ប្រជាពលរដ្ឋ​ដែល​ស្លា​.​ប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​សង្កាត់​ជើងឯក ខណ្ឌដង្កោ​រួច​មក លោក​បាន​ដឹកនាំ អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ទំនប់​សណ្តរ​ស្ទឹង នៅ​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ខណៈ​ការដ្ឋាន​នេះ សម្រេច​បាន​ប្រមាណ​ជិត​៥០​ភាគរយ​ហើយ​នោះ​។

លោក​ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា​នេះ​ថា ការដ្ឋាន​ស្ថាបនា​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៅ​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​នេះ មាន​ទទឹង​៦​ម៉ែត្រ បណ្តោយ​ប្រវែង​៦៥៤៦​ម៉ែត្រ​។ ទំនប់​នេះ ក្រៅពី​ការពារ​ទឹកជំនន់​ព្រែក​ត្នោត​ហើយ ទំនប់​នេះ​ក៏​ជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។ ទំនប់​នេះ បាន​បើក​ការដ្ឋាន កាលពីដើម​ខែមីនា ឆ្នាំ​២០២៣​នេះ ដោយ​គ្រោង​អោយ​រួចរាល់​នៅ​មុន​រដូវវស្សា​ខាង​មុខ ហើយ​ការដ្ឋាន​នេះ​សម្រេច​លើ​ការ​ចាក់​ដី​លើក​ជា​ទំនប់ បាន​ប្រមាណ​៣០០០​ម៉ែត្រ ស្មើនឹង​៤៥%​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ គម្រោង​លើក​ជា​ទំនប់ សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៅ​ក្នុង​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​នេះ យើង​បាន​លើក​ខ្ពស់​ជាង​មុន ហើយ​ក៏​មាន​ទំហំ​ធំ​ជាង​មុន​ផង​ដែរ​។ ទំនប់​នេះ មិន​ត្រឹមតែ​ជា​ទំនប់​ការពារ​ទឹកជំនន់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។ បន្ថែម​ពី​នេះ​ទៀត ដោយសារ​ទំនប់​យើង​ធំ ពេល​មាន​ទឹកជំនន់​កើតឡើង យើង​អាច​ទប់​លើ​ទំនប់​នេះ​បាន​ហើយ ប្រជាពលរដ្ឋ​ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា​ថែម​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ