ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ក្នុងគោលដៅរក្សាស្ត្រី ២រូបនេះ បម្រើវិស័យការពារជាតិរយៈពេលវែងចាំបាច់ ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពេលសម្តេចផ្សព្វផ្សាយនូវព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ បានត្រាស់បង្គាប់ ប្រគល់ឋានន្តរស័ក្តិ នាយទាហាន ថ្នាក់ឧត្ថមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៖ ក-ប្រគល់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ជូនលោកជំទាវ ដាំ ដារីនី អត្តលេខ ០០៤២៩០ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ខ-ប្រគល់ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ជូនលោកជំទាវ ម៉ាលី សុជាតា អត្តលេខ ០០៤២៩១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។
ឯកសារ បង្ហាញថា លោកស្រី ដាំ ដារីនី បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ មុនកាន់តំណែង ជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ជាអតីតអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ លោកស្រី ក៏ធ្លាប់បម្រើការ ជាមន្ត្រីនៃក្រសួងកិច្ចការនារី ក្នុងតួនាទីប្រធានការិយាល័យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
ក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦នេះ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាស្ថានវិទ្យាសាស្រ្ដសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។
លោកស្រី ដាំ ដារីនី ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ទទួលបន្ទុកជាប្រធានផ្នែកសិល្បៈ និងកីឡា ព្រមទាំងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ។
លោកស្រី ដាំ ដារីនី ដែលទើបតែបញ្ចប់ថ្នាក់បណ្ឌិត នៅរាជ្យបណ្ឌិតសភាកម្ពុជា កាលពីឆ្នាំ២០២២ ក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន។
លោកស្រី ដាំ ដារីនី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយបានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL)។ លោកស្រី ក៏បានបញ្ចប់សញ្ញាបត្របណ្ឌិត រដ្ឋបាលសាធារណៈ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ដោយឡែក លោកស្រី ម៉ាលី សុជាតា មុនកាន់តំណែងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោកស្រី គឺជាមន្ត្រីនៅក្រសួងកិច្ចការនារី។ លោកស្រី ម៉ាលី សុជាតា គឺជាភរិយារបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស៕
ចែករំលែកព័តមាននេះ