ខេត្តតាកែវ ៖ មន្ត្រីនគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្តបែនដឹកដីបានសម្រេច ហើយបើករត់គេចខ្លួនមកដល់ស្រុកសំរោង ក៏ស្រាប់តែក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយតែម្តង។ ករណីលួចរថយន្តបែនដឹកដីនេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិតានប់ ស្ថិតក្នុងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ លុន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀ.ន មានទីលំនៅស្ថិតក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
មន្ត្រីនគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួចរថយន្តបែនធុនធំម៉ាក NISSAN DUMP ពណ៌បៃតងខ្ចី ស៊េរីឆ្នាំ២០០០ ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS-8388 របស់ជនរងគ្រោះឈ្មោះ ហួ វូចង៉ែត ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

មន្ត្រីនគរបាលស្រុកបាទី ឱ្យដឹងទៀតថា ក្រោយលួចរថយន្តបាន ជនសង្ស័យបើករត់គេចខ្លួន លុះដល់មកចំណុចភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយតែម្តង។

ប្រភពដដែលបន្តថា លុះរហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងកម្លាំងប្រជាការពារ ទើបឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុចក្នុងព្រៃ ស្ថិតនៅក្នុងភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រួចនាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី។ ដោយសារមានបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញក៏បានប្រគល់រថយន្តបែនធុនធំ ឲ្យទៅម្ចាស់វិញ ដើម្បីយកទៅប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ