ទីក្រុងគូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថាប្រទេសរបស់លោកមិនត្រូវការឱ្យប្រទេសមហាអំណាចត្រួតត្រា ឬបង្គាប់បញ្ជាទៅតាមខ្សែញាក់របស់គេជាដាច់ខាត។ ប្រជាពលរដ្ឋម៉ាឡេស៊ីត្រូវតែជាអ្នកសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង។ លោកថា គ្មាននរណាម្នាក់មានសិទ្ធិត្រួតត្រាយើងទេ។

ក្នុងនាមជារដ្ឋឯករាជ្យ និងមានសិទ្ធិសេរីភាពពេញទី, យើងចេះវិនិច្ឆ័យថាអ្វីទៅជាអាក្រក់ ល្អ ស ខ្មៅ ។ លោកថ្លែងបែបនេះនៅក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនឈានចូលដល់ថ្ងៃទីបី។ លោកយល់គោលជំហរនេះក៏អាចអនុវត្តនៅក្នុងក្របខណ្ឌរបស់សមាគមអាស៊ានផងដែរ ព្រោះអាស៊ានបង្កើតឡើងដើម្បីមានសេរីភាពខាងការសម្រេចចិត្ត និងការប្រកាន់យកគោលជំហរអព្យាក្រឹត។

លោកអាន់វ៉ាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការប្រកួតប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចចិន និងអាមេរិក។ លោកចាត់ទុកថាប្រទេសចិនមិនមែនជាគូប្រកួតប្រជែង និងមិនមែនជាប្រទេសដែលគំរាមកំហែងចំពោះប្រទេសម៉ាឡេស៊ីទេ។ គ្រាន់តែថាពេលខ្លះប្រទេសយើងទាំង២ ចិន និងម៉ាឡេស៊ី មានការខ្វែងគំនិតគ្នាវាជារឿងធម្មតាទេ។ លោកថាដោយសារយើងមិនទទួលរងការគំរាមកំហែងពីប្រទេសចិន, ប្រទេសយើងអាចរស់នៅដោយសុខសប្បាយក្នុងនាមជាប្រទេសជិតខាងដ៏ល្អ និងជាមិត្តភក្តិដ៏ល្អ។

បើប្រទេសចិនរីកចម្រើន, ម៉ាឡេស៊ីក៏អាចទទួលបានផលប្រយោជន៍ពីការរីកចម្រើននេះផងដែរ។ លោកថ្លែងថាម៉ាឡេស៊ីចង់កសាងទំនាក់ទំនងល្អប្រសើរជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោក រួមទាំងប្រទេសចិន និងអាមេរិកផងដែរ។ លោកថាប្រទេសមហាអំណាចចិន និងអាមេរិកគួរតែយល់ថាចរន្តនយោបាយអន្តរជាតិប្រែប្រួលច្រើនណាស់សព្វថ្ងៃនេះ។ ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ក៏មានផលប៉ះពាល់ចំពោះពិភពលោកផងដែរ។

លោកអាន់វ៉ាយល់ថាសម្រាប់ពេលបច្ចុប្បន្ននេះ, វាហួសសម័យទៅហើយការអនុវត្តនយោបាយអាណានិគមនិយម និងចក្រព័ត្តិនិយម។ ដូច្នេះ ប្រទេសដទៃមិនគួរប្រកាន់យកនយោបាយដើរត្រួតត្រា បង្គាប់បញ្ជាប្រទេសដទៃទៀតនោះទេ។ ប្រជាពលរដ្ឋនៃប្រទេសនីមួយៗចង់សម្រេចជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯងដើម្បីបញ្ជាក់ពីឯករាជ្យភាពរបស់ពួកគេ៕
ប្រភព៖ Channel News Asia



ចែករំលែកព័តមាននេះ