ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​រៀន​ភាសា​កូរ៉េ​ រើស​បានកូន​ភ្លោះ​ ​សម្រេច​ចិត្ត​​ប្រគល់​ឱ្យ​ភរិយា​អភិបាលរង​ខេត្ត​​ដើម្បី​​ចិញ្ចឹម​បន្ត

2 ឆ្នាំ មុន
  • កំពង់ចាម

កូនភ្លោះ​ប្រុស​ពីរ​នាក់​ដែល​ម្តាយបង្កើត​មិន​ទាន់​ទាំង​កាត់​ទងផ្ចិត​ផង ក៏​បាន​យក​មក​ប្លុង​ចោល នៅ​ក្បែរ​ចិញ្ចើមថ្នល់​មួយ​កន្លែង​ក្នុង​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ

ខេត្តកំពង់ចាម ៖ កូនភ្លោះ​ប្រុស​ពីរ​នាក់​ដែល​ម្តាយបង្កើត​មិន​ទាន់​ទាំង​កាត់​ទងផ្ចិត​ផង ក៏​បាន​យក​មក​ប្លុង​ចោល នៅ​ក្បែរ​ចិញ្ចើមថ្នល់​មួយ​កន្លែង​ក្នុង​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ កាលពី​៥​ថ្ងៃមុន​នោះ​មានសំណាង​ល្អ​ត្រូវ​បាន​យុវជន​រៀន​ភាសា​កូរ៉េ​ប្រទះ​ឃើញ​ពេល​ឈប់​ម៉ូតូ​បត់ជើងតូច នៅ​វេលា​ម៉ោង​ជិត​៧​យប់ ក៏​រើស​បាន​ទៅ​ចិញ្ចឹម​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​តា​អុក ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ បន្ទាប់​ពី​នាំ​កូនភ្លោះ​តូច​ៗ​នេះ​ចូល​មណ្ឌល​សុខភាព​ឱ្យ​ពេទ្យ​កាត់​ទងផ្ចិត​និង​សម្អាត​រួចរាល់ ។

ការ​រើស​បានកូន​ភ្លោះ​ដែល​គេ​ប្លុង​ចោល​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ក៏​មាន​អ្នក​ជិតខាង​មក​សុំ​ចង់​យក​ទៅ​ចិញ្ចឹម តែ​យុវជន​រូប​នោះ​មិន​ព្រម​ឲ្យ​ឡើយ ។

លោក ជុំ សៅ មេ​ភូមិ​តា​អុក​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២៣​ថា យុវជន​ដែល​រើស​បានកូន​ភ្លោះ​ប្រុស​ពីរ​នាក់​ឈ្មោះ ឈឹ​ម សុខ​ហ៊ុយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​អុក ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​សិស្ស​រៀន​ភាសា​កូរ៉េ​នៅ​ស្គន់ ស្រុក​ជើងព្រៃ ។ យុវជន​រូប​នេះ​ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៧​នាក់ រាល់ថ្ងៃ​រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ សា​រឿ​ន ។

លោក​មេ​ភូមិ​តា​អុក​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​អ្នក​ជិតខាង​បាន​ពន្យល់​ពី​ផលវិបាក និង​រូប​លោក​ជា​មេ​ភូមិ​ផ្ទាល់​លើក​ហេតុផល​ពី​ការ​ចិញ្ចឹម​កូនភ្លោះ ដែល​មិន​គ្រប់​គីឡូ​គឺ​មិន​ស្រួល​នោះ​ទេ ត្រូវ​តែ​មានការ​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ ។ ដោយ​ស្ដាប់​ការ​ណែនាំ​រួច​មក​ទើប​យុវជន​រូប​នេះ​បាន​សម្រេចចិត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២៣ ដោយ​ប្រគល់​កូនភ្លោះ​ទាំង​ពីរ​នោះ​ឲ្យ​ទៅ​លោកស្រី​ភរិយា​របស់​លោក ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម​ជា​អ្នក​ចិញ្ចឹម​រក្សា​បន្ត ។

លោក​មេ​ភូមិ​បាន​លើក​ឡើង​ថា យុវជន​ដែល​រើស​បានកូន​ភ្លោះ​ពីរ​នាក់​នេះ​ក៏​បាន​ទៅ​ជួស​ឈាម​នៅ​ស្រុក​ជើងព្រៃ ដើម្បី​ត្រៀមខ្លួន​ចេញ​ទៅ​បម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ។ ហើយ​កូនភ្លោះ​ប្រុស​ពីរ​នាក់​កើតមក​មិន​គ្រប់​គីឡូ ក៏​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​នៅឡើយ។ កូនភ្លោះ​ទាំង​២​ត្រូវ​បាន​យុវជន​ដែល​រើស​បាន​ដាក់​ឈ្មោះ​ឱ្យ ១-​ឈ្មោះ សុ​ភ័ក្ត្រ​រតនៈ ២-​ឈ្មោះ សុ​ភ័ក្ត្រ​រតនា ។

ចំពោះ​ជោគវាសនា​កូនភ្លោះ​អភ័ព្វ​ទាំង​២​ដែល​គេ​បោះបង់​ចោល​ដូច​សត្វ​ធាតុ​កំពុង​ទទួល​បានការ​រក្សា​ក្នុង​កែវ​ដើម្បី​ឱ្យ​សុខភាព​របស់​គេ​បាន​រឹង​មាំ ។

បើ​តាម​លោក​អភិបាលស្រុក​ព្រៃឈរ​បាន​ប្រាប់​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បន្ថែម​ថា​កូនភ្លោះ​ប្រុស​ទាំង​ពីរ​ដែល​កំពុង​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ​ខេត្ត​នេះ បើ​ពេល​ដែល​សុខភាព​របស់​ពួក​គេ​រឹង​មាំ​នោះ​នឹង​ត្រូវ​ប្រគល់​ឱ្យ​លោក​ជំទាវ​បាន​ស្រី​មុំ​អភិបាលខេត្ត​ប៉ៃលិន ដើម្បី​យក​ទៅ​ចិញ្ចឹម​បន្ត ។ បើ​ព័ត៌មាន​ក្លាយជា​ការ​ពិត ចាត់​ទុក​ថា​កូនភ្លោះ​ទាំង​២​មាន​វាសនា​ខ្ពស់​ណាស់ ។ សូម​ឱ្យ​ពួក​គេ​មាន​សុខភាព​ល្អ​និង​អនាគត​ត្រចះត្រចង់​ទៅ​ចុះ។

គួររំលឹកថាសិស្ស​រៀន​ភាសា​កូរ៉េ​ម្នាក់ ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ រើស​បានកូន​ភ្លោះ​ប្រុស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ