ខេត្តកំពង់ចាម ៖ ម្ដាយជិតដាច់មិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្កើតកូនភ្លោះប្រុស២នាក់ ជាប់ទាំងទងផ្ចិតផង យកមកប្លុងចោលនៅចិញ្ចើមថ្នល់មួយកន្លែងក្រោមស្លាកប៉ាណូ ស្ថិតក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ។ ហើយត្រូវយុវជនអាយុ២២ឆ្នាំម្នាក់ទៅបត់ជើងតូចក៏ឮសូរសំឡេងទារកយំ លុះពេលបញ្ចាំងពិលទូរស័ព្ទមើល ក៏ឃើញកូនភ្លោះ២នាក់រុំនឹងក្រម៉ាតែម្តង។ បន្ទាប់មកបុរសរូបនោះក៏ដឹកទារកភ្លោះតាមម៉ូតូត្រឡប់មកផ្ទះវិញនៅស្រុកព្រៃឈរ។ ហេតុការណ៍នេះ ត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតល្បីពេញបណ្ដាញសង្គមផងដែរ។
![Picture]()
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា បុរសខាងលើនេះឈ្មោះឈឹម សុខហុយ អាយុ២២ឆ្នាំ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ បានជិះម៉ូតូមួយគ្រឿងចេញពីសាលារៀនភាសាកូរ៉េ នៅស្រុកជើងព្រៃ ដើម្បីត្រឡប់ទៅផ្ទះវិញនាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លុះជិះមកដល់ចំណុចស្លាកប៉ាណូ ក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ បុរសរូបនេះក៏ឈឺបត់ជើងតូច ហើយក៏ឈប់ម៉ូតូអែបចិញ្ចើមថ្នល់ ស្រាប់តែឮសូរសំឡេងទារកយំ។ ភ្លាមៗនោះ បុរសរូបនេះក៏បញ្ចាំងភ្លើងពិលទូរស័ព្ទមើល ហើយក៏ប្រទះឃើញទារកភ្លោះតែម្តង។
![Picture]()
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា ដោយមិនបង្អង់យូរ បុរសរូបនេះក៏ប្រញាប់ប្រញាល់យកក្រមាដែលគេដាក់ទ្រាប់កូនភ្លោះនោះមកចងរុំដូចអង្រឹងពាក់នឹង.ក រួចក៏ត្រឡប់មកផ្ទះវិញនៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ។ ប៉ុន្តែដោយសារកូនភ្លោះនេះនៅជាប់ទងផ្ចិត ក៏ដឹកយកទៅឲ្យពេទ្យឯកជនមួយកន្លែងនៅក្នុងភូមិ ដើម្បីកាត់ចេញ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបង នាំគ្នាមកមើលជាហូរហែ ដោយខ្លះឱ្យថវិកា៥ពាន់ទៅ១ម៉ឺនរៀល គ្រាន់នឹងបានទិញទឹកដោះគោឱ្យទារកនោះបៅ។
![Picture]()
ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៧ ខែមីនា ដំណឹងនេះក៏ឮដល់អាជ្ញាធរដែនដី ហើយត្រូវបានអនុសាខាកាកបាទក្រហមស្រុកព្រៃឈរ ចុះមកពិនិត្យមើល និងជួយទិញសម្លៀកបំពាក់សម្រាប់ទារកភ្លោះផងដែរ។ ប៉ុន្តែដោយសារស្ថានភាពគីឡូរបស់កូនភ្លោះមិនគ្រប់ ក៏ត្រូវលោកអភិបាលរងខេត្តម្នាក់ និងលោកស្រី ឱ្យរថយន្តសាមុយទៅដឹកទារកទាំង២នោះយកមកចិញ្ចឹមក្នុងកែវវិទ្យាសាស្ត្រនៅមន្ទីរពេទ្យខេត្តកំពង់ចាម នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា កូនភ្លោះបងឈ្មោះ សុភ័ក្ត្រ រតនៈ មានទម្ងន់១,៩០គីឡូក្រាម និងកូនប្អូនឈ្មោះសុភ័ក្ត្រ រតនា មានទម្ងន់១,៦០គីឡូក្រាម ដោយបានដាក់ចិញ្ចឹមក្នុងកែវវិទ្យាសាស្ត្រ ដើម្បីឲ្យរាងកាយរឹងមាំឡើងវិញ។
![Picture]()
ហើយនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២៧ ខែមីនា ភ្នាក់ងារកោះសន្តិភាពបានទៅដល់បន្ទប់របស់ទារកនោះ និងសុំសម្ភាសន៍ជាមួយបុរសឈ្មោះ សុខ ហ៊ុយ ដែលជាអ្នករើសទារកភ្លោះនេះបាន ដើម្បីឲ្យដឹងពីមូលហេតុខ្លះៗ។ តែត្រូវគ្រូពេទ្យប្រាប់ថា បុរសរូបនេះបានវិលត្រឡប់ទៅផ្ទះវិញហើយនៅស្រុកព្រៃឈរ ពីរបីថ្ងៃសិន ដើម្បីបំពេញបែបបទ ព្រោះប្រឡងជាប់ជាពលករទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង។ ចំណែកទារកភ្លោះវិញ បានឱ្យកម្មការិនីបម្រើការងារនៅក្នុងមន្ទីរពេទ្យ ជួយមើលថែរក្សាជាបណ្ដោះអាសន្នសិន។ ជាមួយគ្នានោះ បុរសដែលរើសបានកូនភ្លោះនេះ ភ្នាក់ងារយើងបានទូរស័ព្ទជាច្រើនលើកមកហើយ តែមិនអាចទាក់ទងបានទេ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមីនានេះ។
![Picture]()
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅពេលដែលបុរសរូបនោះជិះម៉ូតូចេញពីរៀន ហេតុអ្វីក៏ឈប់ម៉ូតូត្រង់ចំចំណុចដែលកូនភ្លោះពីរនាក់ត្រូវគេប្លុងចោលនៅក្រោមប៉ាណូ ក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃវិញ? តាមធម្មតា បើប្រទះឃើញបែបនេះ បុរសរូបនេះនឹងភ្ញាក់ផ្អើល ហើយនឹងធ្វើឲ្យអ្នកជិតខាងនាំគ្នាចេញចោមរោមមកមើល សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៏មិនដឹងទៀតផង។
ចំណែកលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនានេះថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ហាន កុសល អភិបាលរងខេត្ត និងលោកស្រី បានខ្នះខ្នែងឱ្យអាជ្ញាធរមូលដ្ឋានយកកូនភ្លោះទាំងពីរនាក់មកសង្គ្រោះ និងដាក់ចិញ្ចឹមក្នុងកែវវិទ្យាសាស្ត្រនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសារតែកម្លាំងទារកទាំងពីររៀងចុះខ្សោយ។ ជាមួយនោះ ភរិយាអភិបាលរងខេត្ត ក៏បានសន្យាថា ប្រសិនក្នុងរយៈពេល២ទៅ៣ថ្ងៃមិនមានអ្នកណាមកមើលថែទាំកូនភ្លោះទាំងពីរនេះទេ គាត់នឹងចាត់កម្លាំងឲ្យមកមើលជំនួសប្រៀបបានដូចជាឪពុកនិងម្ដាយផងដែរ។
![Picture]()
សូមបញ្ជាក់ថា ខណៈពេលនោះ ក៏ប្រជាពលរដ្ឋផ្សេងទៀតដែលមានការអាណិតអាសូរដល់ទារកភ្លោះទាំងពីរនាក់បងប្អូន ចង់បានយកទៅចិញ្ចឹមធ្វើជាកូន តែត្រូវបុរសដែលរើសបានកូនភ្លោះនេះ គឺមិនឲ្យទៅអ្នកណាម្នាក់ឡើយ។
ចែករំលែកព័តមាននេះ