ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ទំនងត្រូវប្តីបង្រៀនបើកបររថយន្ត ហើយសង្ស័យជាន់ហ្គែរថាហ្វ្រាំងក៏បុករះគេឯង ស្ថិតនៅមុខផ្សារគុត្តសោធ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល៧នាក់ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី២៩ មីនា ស្ថិតក្នុងភូមិគុត្តសោធ ឃុំគុត្តសោធ ស្រុកអូរជ្រៅ ។ បន្ទាប់ពីបង្ករួច ទាំងប្តីទាំងប្រពន្ធបានរត់គេចខ្លួនបាត់ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចនឹងតាមស្រាវជ្រាវរក ព្រោះអាចជាអ្នករស់នៅក្នុងភូមិឃុំកើតហេតុនេះ ។

បើតាមមន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា ជនរងគ្រោះដែលស្លា.ប់និងអ្នករងរបួស ១-ឈ្មោះ សាប់ និន ភេទស្រី អាយុ៥៨ឆ្នាំ (ស្លា.ប់) ២-ឈ្មោះ ដួង ផានី ភេទស្រី អាយុ៤០ឆ្នាំ(របួសធ្ងន់) ៣-ឈ្មោះ ដួង វាសនា ភេទប្រុស អាយុ៤១ឆ្នាំ ៤-ឈ្មោះ រី រ័ត្ន ភេទស្រី អាយុ២៦ឆ្នាំ (របួសស្រាល) ៥-ឈ្មោះ ឃឹម សុឃួន ភេទស្រី អាយុ៤៣ឆ្នាំ (របួសស្រាល) ៦-ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ២ឆ្នាំ(របួសធ្ងន់) ៧-ឈ្មោះ ង៉ិ ចាន់រៈ ភេទស្រី អាយុ១០ឆ្នាំ(របួសស្រាល) ៨-ឈ្មោះ ង៉ា ពឹមខៀង ភេទស្រី អាយុ៤ឆ្នាំ(របួសស្រាល) រស់នៅភូមិគុត្តសោធក្នុង ឃុំគុត្តសោធ ស្រុកអូរជ្រៅ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ មានរថយន្តម៉ាកឡិចស៊ីសRX.300 ពាក់ផ្លាកលេខសៀមរាប2C-0898 បើកបរដោយស្ត្រីម្នាក់និងបុរសម្នាក់ រួមដំណើរជាមួយទំនងជាប្តីកំពុងបង្រៀនប្រពន្ធបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅត្បូងមកជើង ។ លុះមកចំណុចកើតហេតុ ក៏បានបុករះចូលក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយនៅមុខផ្សារតែម្តង ហើយអ្នកបើកបរ២នាក់ប្តីប្រពន្ធបានបើកទ្វាររត់គេចខ្លួនបាត់ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។








ចែករំលែកព័តមាននេះ