ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលចូលឆ្នាំ! អ្នកនៅ​ភ្នំពេញ បើមិនទៅណា សូមកុំភ្លេចទៅលេងសង្ក្រាន្តវត្តភ្នំ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ពិធីបួងសួង​ សុំសេចក្តី​សុខ ​ក្នុង​ដំណើរការតុបតែង ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ បានចាប់​ផ្តើមហើយ​ នៅពេលនេះ។ រាជធានីភ្នំពេញ នឹងរៀបចំ​សង្ក្រាន្ត​វត្តភ្នំ រយៈពេល…

ភ្នំពេញ៖ ពិធីបួងសួង​ សុំសេចក្តី​សុខ ​ក្នុង​ដំណើរការតុបតែង ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ បានចាប់​ផ្តើមហើយ​ នៅពេលនេះ។ រាជធានីភ្នំពេញ នឹងរៀបចំ​សង្ក្រាន្ត​វត្តភ្នំ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង​ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣​។

លោក​ ជុំ​ វុទ្ធី​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ រាជធានីភ្នំពេញ​ បានប្រាប់​​កោះសន្តិភាព​ថា​ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ​ ដោយ​មានការណែនាំពី​លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ លោក​ បានដឹកនាំ​ក្រុម​ការងារ​ជំនាញ​ ធ្វើ​ពិធី​ដុតធូប​ បួងសួង​ សុំម្ចាស់​ទឹក​ម្ចាស់​ដី​ សុំសេចក្តី​សុខ​សប្បាយ​ និង​ជោគជ័យ​ ដើម្បី​ចាប់​ដំណើរ​ការ​តុបតែង​រៀបចំ ​នៅក្នុង​បរិវេណ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ វត្តភ្នំ​ ដើម្បី​ធ្វើ​ពិធី​សង្ក្រាន្ត​វត្តភ្នំ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ​។

លោក​បន្តថា​ សង្ក្រាន្ត​វត្តភ្នំ ​ឆ្នាំ​នេះ​ ប្រព្រឹត្តិ​ទៅ ​នៅ​ថ្ងៃ​ទី​១៤.១៥.១៦​ ខែមេសា។ សម្រាប់​ថ្ងៃ​ទី​១៤មេសា ជា​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​យើង ​នៅ​វេលា​ម៉ោង​ ៤រសៀល​។ ​

លោក​ ជុំ​ វុទ្ធី​ បានឱ្យ​ដឹង​ទៀត​ថា​ សង្ក្រាន្ត​វត្ត​ភ្នំ នៅឆ្នាំ​នេះ​ មាន​រៀប​ចំ​ «ភូមិ​ខ្ញុំ» ​ឬ «ភូមិខ្មែរយើង»​ ដែល​រៀបចំ​ជាផ្នែកៗ​ ក្នុង​នោះ មានការតាំង​បង្ហាញ​ ភូមិ​មួយ​ផលិត​ផល​មួយ ​ជារបស់ខ្មែរយើង​ រៀបចំ​កន្លែង​ប្រគុំតន្ត្រី​សម័យ​ កន្លែង​រាំវង់​ កន្លែង​ស្រង់​ព្រះ​ ពូនភ្នំខ្សាច់។​ ចំណែក​ទីតាំង​លេងល្បែងប្រជាប្រិយ ​នៅផ្នែកខាងលិចឆៀងខាងត្បូង​ ព្រោះ​ទីតាំង​ធំទូលាយ​។

លោកប្រធានមន្ទីរ បន្តថា សម្រាប់​ល្បែង​ប្រជាប្រិយ មាន​ដូច​ជា​ ចោលឈូង​ ទាញព្រ័ត្រ​ បោះអង្គុញ​ ឬលាក់កន្សែង ជាដើម។ល។ ក្នុងនោះ ក៏មានការតាំងលក់​ផលិតផល​នានាជា​ច្រើនទៀត តែជាចំណីអាហារក្រៀមៗ ដែលរៀបចំព័ទ្ធ​ជុំវិញវត្តភ្នំតែម្តង​ ហើយ​ក៏​មាន​កា​រ​តុបតែង​ក្លោង​ទ្វារ​ច្រកចូល​វត្ត​ភ្នំ​ផងដែរ។

លោក​បន្តថា​ សង្ក្រាន្ត​វត្តភ្នំ ​ឆ្នាំ​នេះ​ មាន​រយៈ​ពេល​ ៣ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៨ព្រឹក​ទៅ​ មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ និង​ចាប់​ពី​ម៉ោង ​៤រសៀល​ទៅ មានការ​ប្រគុំតន្ត្រី​ ជារៀង​រាល់​ថ្ងៃ​។ ដោយ​ឡែក ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ទី​៣​ ត្រូវនឹងថ្ងៃ​ទី​១៦មេសា ​ចាប់​ពី​រសៀល​ម៉ោង ​២ ​និង ​៣០នាទី​ នឹងមានពិធី​ដង្ហែ​ព្រះ​ ដោយ​និមន្ត​ព្រះសង្ឃ​ ៥អង្គ​ សូត្រ​ធម៌ ​ដង្ហែ​ និមន្ត​ ៣ជុំ​ ជុំវិញ​ព្រះ​វិហារ​វត្តភ្នំ​ និង​មាន​ពិធី​ស្រង់​ព្រះ​ តាមប្រពៃណី​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ