ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ជំនាញ ៖ AI អាច​ជំនួស​ការងារ​មនុស្ស​ស្មើនឹង​៣០០​លាន​នាក់

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​កាលពី​ថ្មី​ៗ​នេះ​របស់​ធនាគារ​អា​មេ​រិ​ក Goldman Sachs

សហរដ្ឋអាមេរិក ៖ យោង​តាម​របាយការណ៍​កាលពី​ថ្មី​ៗ​នេះ​របស់​ធនាគារ​អា​មេ​រិ​ក Goldman Sachs ដែល​ជា​ធនាគារ​វិនិយោគ​ធំ​លំដាប់​ទី​២​របស់​ពិភពលោក មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​បង្ហាញ​ថា ប្រាជ្ញា​សិប្បនិម្មិត ឬ Artificial Intelligence (AI) ដែល​សំដៅលើ​ប្រាជ្ញា​របស់​ម៉ាស៊ីន ឬ​កុំព្យូទ័រ​នោះ នឹង​អាច​ជំនួស​ការងារ​ពេញ​ម៉ោង​របស់​មនុស្ស​ស្មើនឹង​៣០០​លាន​នាក់​។

របាយការណ៍​បាន​បង្ហាញ​ថា AI អាច​ជំនួស​ការងារ​មួយ​ភាគ​បួន​នៃ​ការងារ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​កម្រិត​ជាក់លាក់​ណាមួយ​។ ហើយ​ទីបំផុត​វា​អាច​បង្កើន​តម្លៃ​សរុប​ប្រចាំឆ្នាំ​នៃ​ទំនិញ និង​សេវាកម្ម​ដែល​ផលិត​ទូ​ទាំង​ពិភពលោក​បាន ៧%​។

របាយការណ៍​បាន​បន្ត​ថា នៅ​សហរដ្ឋអាមេរិក​ការងារ​ភាគច្រើន​ត្រូវការ​មនុស្ស​ដែល​ជា​ចំណែក​សំខាន់ ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​បន្ទុក​ការងារ​ពួក​គេ​គឺ ២៥-៥០% អាច​ជំនួស​បាន​។ AI ជំនាន់​ថ្មី​ដូច​ជា ChatGPT អាច​បង្កើត​មាតិកា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផល​ការងារ​របស់​មនុស្ស​ដែរ ហើយ​អាច​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ផលិតភាព​ក្នុង​ពេល​មួយ​ទស​វត្ស​ខាង​មុខ​។

យ៉ាងណាមិញ របាយការណ៍​របស់ Goldman Sachs ក៏​បាន​បញ្ជាក់​ថា ការងារ​មួយ​ចំនួន​អាច​រង​ផល​ប៉ះពាល់​ដោយ AI ប៉ុន្តែ​ការងារ​មួយ​ចំនួន​ដូច​ជា ការងារ​ផ្សារ​ភ្ជាប់​នឹង​រាង​កាយ​ទំនងជា AI មិន​មាន​អាច​ជំនួស​បាន​ទេ​។ ម្យ៉ាងវិញទៀត ការងារ​ជំនួយ​ការិយាល័យ និង​រដ្ឋបាល​មាន​ភាគរយ​ខ្ពស់​បំផុត​នៃ​ការងារ​ដែល​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅ​រង្វង់ ៤៦% ដែល​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ច្រើន​ក្នុង​ការ​ជំនួស​ដោយ AI ។

ភាគរយ​នៃ​ការងារ​ដែល​អាច​ដំណើរការ​ស្វ័យប្រវត្តិ​បាន​គឺ ៤៤% សម្រាប់​ការងារ​ផ្នែក​ច្បាប់ និង ៣៧% សម្រាប់​ស្ថាបត្យកម្ម និង​វិស្វកម្ម​។ ចំណែក​វិស័យ​ជីវិត រូប​វន្ត និង​វិទ្យាសាស្ត្រ​សង្គម​គឺ​ជិត ៣៦% រីឯ​ប្រតិបត្តិការ​អាជីវកម្ម និង​ហិរញ្ញវត្ថុ​ដែល​មាន​ភារកិច្ច​ស្ថិត​ក្នុង​រង្វង់ ៣៥% ដែល​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ជាមួយ AI ។

ទាំងនេះ​គឺជា​តួលេខ​សម្រាប់​សហរដ្ឋអាមេរិក ខណៈ​ដែល​ទិន្នន័យ​សម្រាប់​អឺរ៉ុប​គឺ​ធំ​ទូលាយ​ជាង​នេះ ប៉ុន្តែ​ក៏​ស្រ​ដៀង​គ្នា​ផង​ដែរ​។ ដោយ​របាយការណ៍​បាន​បង្ហាញ​ថា ២៤% នៃ​ការងារ​នៅ​អឺរ៉ុប​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដែល​ស្ទើរតែ​ដូច​គ្នា​ទៅ​នឹង ២៥% នៅ​សហរដ្ឋអាមេរិក​៕ (​ដកស្រង់​ចេញពី BBC និង Moneycontrol)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ