ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីឆាប់រៀបការអាចប៉ះពាល់សុខភាព និងខ្លីវិជ្ជា

1 ឆ្នាំ មុន

តាម​សង្កេត​នៅ​ក្នុង​សង្គម​ក្រីក្រ ឬ​មិន​ជឿនលឿន កុមារី​អាច​នឹង​ឆាប់​រៀប​ការ ដែល​ការ​រៀប​ការ​នៅ​វ័យក្មេង​អាច​ប៉ះពាល់​សុខភាព ពិសេស​ធ្វើ​ឱ្យ​ស្ត្រី​រៀនសូត្រ​មិន​បាន​ខ្ពង់ខ្ពស់ ឬ​អាច​នឹង​ងាយ​បែកបាក់​គ្រួសារ​ទៅ​វិញ​ទេ​។ រហូត​ម​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​កុមារី​អាយុ​តិច​ៗ​ឆាប់​ចូល​រោងការ ។…

តាម​សង្កេត​នៅ​ក្នុង​សង្គម​ក្រីក្រ ឬ​មិន​ជឿនលឿន កុមារី​អាច​នឹង​ឆាប់​រៀប​ការ ដែល​ការ​រៀប​ការ​នៅ​វ័យក្មេង​អាច​ប៉ះពាល់​សុខភាព ពិសេស​ធ្វើ​ឱ្យ​ស្ត្រី​រៀនសូត្រ​មិន​បាន​ខ្ពង់ខ្ពស់ ឬ​អាច​នឹង​ងាយ​បែកបាក់​គ្រួសារ​ទៅ​វិញ​ទេ​។

រូបតំណាង

រហូត​ម​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​កុមារី​អាយុ​តិច​ៗ​ឆាប់​ចូល​រោងការ ។ ដូច្នេះ​ដើម្បី​លើកទឹកចិត្ត​កុំឱ្យ​យុវជន​ឆាប់​រៀប​ការ​ពេក​គម្រោង​មួយ​បាន​បង្កើត​ឡើង ដើម្បី​គាំទ្រ​ដល់​ក្មេង​ស្រី និង​ក្មេង​ប្រុស​វ័យ​ជំទង់​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដើម្បី​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្ស​ពេញវ័យ​ប្រកបដោយ​សក្តានុពល ។

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​នៃ​គម្រោង​ថ្មី​រយៈពេល​បី​ឆ្នាំ​ដែល​មានឈ្មោះ​ថា​«​ដល់​ពេល​ត្រូវធ្វើ​សកម្មភាព​» (Time to Act) នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​គោលបំណង​គាំទ្រ​ដល់​ក្មេង​ស្រី និង​ក្មេង​ប្រុស​វ័យ​ជំទង់​ចំនួន ៦,000​នាក់ ដើម្បី​បញ្ឈប់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្ស​ពេញវ័យ​ប្រកបដោយ​សក្តានុពល​នៅ​ក្នុង​តំបន់​ជួប​ការ​លំបាក និង​ដាច់​ស្រយាល​នៃ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ។

រូបតំណាង

លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ពន្យល់​ថា អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​បោះបង់​ការ​សិក្សា​នៅ​តែ​ជា​បញ្ហា​ដែល​បង្អាក់​ការ​អភិវឌ្ឍ​របស់​ក្មេង​ស្រី​ជំទង់ ។ កុមារី ជា​ពិសេស​នៅ​តំបន់​ជនបទ ប្រឈម​មុខ​នឹង​ហានិភ័យ​មិន​ត្រឹមតែ​ចំពោះ​សុខភាព រាង​កាយ និង​ការ​មាន​ផ្ទៃពោះ​វ័យក្មេង​ប៉ុណ្ណោះ​ទេ ។ ថែម​ទាំង​មាន​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ អំពើ​ហិ​.​ង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ ព្រមទាំង​ការ​ប្រឈម​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ពួក​គេ ។

លោកស្រី គ្វី​ន​នេ​ត មាន​ប្រសាសន៍ «​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង គឺជា​ការ​អនុវត្ត​ដ៏​គ្រោះថ្នាក់ និង​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ប៉ះពាល់​ដល់​ក្មេង​ស្រី ។ ក្មេង​ស្រី​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​បំផុត មក​ពី​គ្រួសារ​ក្រីក្រ ជា​ក្រុម​ជន​ងាយ​រង​គ្រោះ និង​រស់នៅ​តាម​តំបន់​ជនបទ ។ អាពាហ៍ពិពាហ៍​កុមារ​ជា​ញឹកញាប់​នាំ​ឱ្យ​មាន​ផលវិបាក​អវិជ្ជមាន​ធ្ងន់ធ្ងរ ដោយ​បដិសេធ​កុមារី​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​នូវ​ឱកាស ដើម្បី​បំពេញ​សក្តានុពល​របស់​ពួក​គេ​» ។

រូបតំណាង

«​ដល់​ពេល​ត្រូវធ្វើ​សកម្មភាព​» ផ្តល់​មូលនិធិ​ដោយ ក្រសួង​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​អា​ល្លឺ​ម៉​ង់​។ អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​0១ ខែមករា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៥«​ដល់​ពេល​ត្រូវធ្វើ​សកម្មភាព​» ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ពីរ រួម​មាន​អង្គការ​វ​ឌ្ឍ​ភាព (WP) និង​សមាគមយុវជន​ខ្មែរ (KYA) នៅ​ក្នុង​ឃុំ​គោលដៅ​ចំនួន​១៦ ហើយ​រំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ស្ត្រី​ចំនួន​៥,៣២៧​នាក់ និង​ក្មេង​ស្រី​ចំនួន​៣,៣៦១​នាក់ តាម​រយៈ​ការ​កែ​លម្អ​បរិយាកាស​រៀនសូត្រ​ក្នុង​សាលារៀន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បោះបង់​ការ​សិក្សា និង​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​។

គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​ដែល​មាន​ធ្លាប់​ឆ្លងកាត់​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ និង​ផ្សា​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ឱកាស​អាជីវកម្ម​។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៃ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ទី​៤ ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​(​ខែតុលា ឆ្នាំ​២០២០) អត្រា​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង ក្នុង​ខេត្តរតនគិរី មាន​ប្រមាណ​៤៨% មុន​អាយុ​១៨​ឆ្នាំ (៨% មុន​អាយុ​១៥ ឆ្នាំ​) និង ២៥% មុន​អាយុ​១៨​ឆ្នាំ​នៅ​ខេត្តស្ទឹងត្រែង​។

រូបតំណាង

«​ដល់​ពេល​ត្រូវធ្វើ​សកម្មភាព​» គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​រៀន​ពេញ​មួយ​ជីវិត និង​កម្មវិធី​កិច្ច​ការពារ​ជំនាន់​ថ្មី ដែល​ជា​កម្មវិធី​សំខាន់​ចំនួន​២​ក្នុង​ចំណោម​កម្មវិធី​សំខាន់​ៗ​ចំនួន​៤​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ជាមួយនឹង​ចក្ខុវិស័យ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេង​ស្រី​ចំនួន​២,៥ លាន​នាក់ ជា​ពិសេស​ក្មេង​ស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​លើ​ការ​អប់រំ ការ​ការពារ​កុមារ សុខភាព​បន្ត​ពូជ ផ្លូវភេទ និង​សិទ្ធិ (SRHR) ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​សមភាព​យេ​ន​ឌ័​រ​។ យើង​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជាមួយ​យើង ដើម្បី​បង្កើន​សំឡេង និង​គាំទ្រ​ដល់​ក្មេង​ស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ជំនាញ និង​ទំនុកចិត្ត​ដែល​ពួក​គេ​ត្រូវការ ដើម្បី​អនុវត្ត​សិទ្ធិ និង​ឈាន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ