រាជធានីភ្នំពេញ ៖ បុរស២នាក់បានផឹកប៉ះចំស្រាកាច លុះពេលស្រវឹងជោកជាំ ក៏ដើរទៅរុះរើបារ៉ាសបិទផ្លូវនៅជិតដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត និងប្រើអំពើហិ.ង្សាទៅលើប្រជាការពារដែលយាម និងជួយសម្រួលចរាចរណ៍នៅគោលដៅនោះទៀត ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចខ្លោងទ្វារវត្តសំរោងអណ្ដែត ប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានការដ្ឋានជួសជុលប្រព័ន្ធទឹកស្អាត ដែលខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការដាក់បន្ថែមទុយោទឹកស្អាតធំជាងមុន នៅត្រង់ចំណុចខ្លោងទ្វារវត្តសំរោងអណ្ដែត និងមានការបិទផ្លូវមិនឱ្យធ្វើដំណើរឆ្លងកាត់បាន។ ហើយអាជ្ញាធរមូលដ្ឋាន ក៏រៀបចំកម្លាំងប្រជាការពារ ដោយដាក់បារ៉ាសបិទផ្លូវនៅត្រង់ចំណុចកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍បញ្ជៀសឲ្យអ្នកធ្វើដំណើរទៅផ្លូវវៀងវិញ។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ ក៏ស្រាប់តែមានបុរស២នាក់ដើរថ្មើរជើងក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក៏ដើរមកផ្តាច់ខ្សែបារ៉ាសដែលចងបិទផ្លូវត្រង់ចំណុចកន្លែងកើតហេតុតែម្តង។ ខណៈពេលនោះ កម្លាំងប្រជាការពារម្នាក់ដែលយាមនៅកន្លែងកើតហេតុ បានសួរទៅបុរសទាំង២នាក់នោះថា «បងឯងផ្តាច់ខ្សែបារ៉ាសធ្វើអី»។ បន្ទាប់មកបុរសទាំង២នាក់នោះបានខឹង ហើយស្រែកដាក់កម្លាំងប្រជាការពារវិញថា «អាញផ្តាច់អត់បានមែន» រួចក៏ស្ទុះទៅព្រួតវា.យកម្លាំងប្រជាការពារ បណ្តាលឲ្យហើមភ្នែកម្ខាងតែម្តង។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋនៅជុំវិញនោះ បានចេញមកជួយឃាត់ភាគីទាំងពីរ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនជនបង្កហេតុបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាននាំជនបង្ក និងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕



ចែករំលែកព័តមាននេះ