ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ជួប​ប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer) អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា ​។

ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​តេ​ជោ បានឲ្យដឹង​ថា ជំនួប​ប្រជុំ​នេះ បាន​យកចិត្តទុកដាក់​ទៅ​លើ​ប្រធានបទ​ចំនួន​០២ ដែល​ប្រធានបទ​ទី​១​ គឺ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ដែល​បែងចែក​ចេញ​ជា​ពីរ គឺ ៖
​១-​ទិស​ដៅ​អាទិភាព​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ដើម្បី​ឈាន​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល។
២-ការ​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិស​ដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ​ដើម្បី​ឈាន​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ។

ប្រធានបទ​ ទី​២ គឺ​ការ​ប្រព័ន្ធ​គាំពារ​សង្គម ក៏​មានការ​បែងចែក​ជា​ពីរ​ចំណុច​ដែរ គឺ ៖
​១-ទិស​ដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​ការ​គ្របដណ្តប់​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​គាំពារ​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ដែល​មាន​ហានិភ័យ និង​វិបត្តិ​ផ្សេង​ៗ
២-ការ​គាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិស​ដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​បន្ថែម​ទៀត នូវ​ប្រព័ន្ធ​គាំពារ​សង្គម ​។

ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ពិភាក្សា​ទាំង​ពីរ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រព័ន្ធ​អង្គការសហប្រជាជាតិ បាន​ប្រកាន់​ភ្ជាប់​នូវ​ភាព​ទន់ភ្លន់ និង​បត់បែន​តាម​សភាពការណ៍​ ក្នុង​ការ​អនុវត្ត​យូ​អ៊ិ​ន​ដាស្ស (UNDAF) តាម​រយៈ​ដាក់​ឲ្យ​អនុវត្ត​ក្រប​ខណ្ឌ​ឆ្លើយ​តប​សង្គម​សេដ្ឋកិច្ច និង​ពិនិត្យ​កែសម្រួល​មូលធន និង​គោលដៅ​អន្តរាគមន៍​ឡើង​វិញ សំដៅ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​ជំងឺ​រាតត្បាត​មក​លើ​ក្រុម​ងាយ​រង​គ្រោះ​បំផុត ​។

ទន្ទឹម​នឹង​នេះ ក៏​បាន​កៀរគរ​ធនធាន​ថ្មី​បន្ថែម​សម្រាប់​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ផ្នែក​សុខភាព និង​ការ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ អ្វី​ដែល​គួរ​ឲ្យ​អបអរសាទរ និង​កោតសរសើរ គឺ​ការ​សម្រេច​បាន​វឌ្ឍនភាព​វិជ្ជមាន​លើ​លទ្ធផល​រំពឹង​ទុក​លើ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​របស់ យូអ៊ិ​ន ដាស្ស (UNDAF) នៅ​ក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក ទាំងនេះ​អាច​បញ្ជាក់​បាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​រួម​គ្នា​របស់​ភ្នាក់ងារ​ទាំងអស់​របស់​អង្គការសហប្រជាជាតិ និង​កិច្ច​សហ​ប្រប​ត្តិ​ការ​យ៉ាង​ល្អ​ប្រពៃ ​ក្នុង​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ និង​យូរអង្វែង​ជាមួយនឹង​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ។

ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ ការ​អនុវត្ត​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការ​សហ​ប្រជា​តិ ២០២៤-២០២៨ ក៏​មាន​វឌ្ឍន​ភាពល្អ​ប្រសើរ តាម​រយៈ​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​បរិ​យា​ប័ន្ន ។ សម្តេច ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នេះ​តាម​ការ​គ្រោងទុក​នៅ​ខែឧសភា ឆ្នាំ​២០២៣ ​។

សម្រាប់​ជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​សំខាន់​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ឆ្នាំ​២០២៤-២០២៨ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បន្ត​រៀបចំ​តាម​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ដែល​មាន​ស្រាប់ ដោយ​រាជរដ្ឋាភិបាល​ផ្តល់​ការ​គាំទ្រ​ជា​ផ្លូវការ​លើ​ឯកសារ​ទាំងនេះ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ និង​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ ។

ចំពោះ​ប្រធានបទ ស្ដី​ពី​ការ​ពង្រឹង​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម កិច្ច​ពិភាក្សា បាន​បង្កើន​ការ​យល់​ដឹង​រួម​គ្នា​អំពី​វឌ្ឍនភាព​អំពី​បញ្ហា​ប្រឈម គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អាទិភាព​ទាំង​ពីរ​នេះ ដែល​ជា​មូលដ្ឋាន​ស្នូល នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ដែល​នឹង​ត្រូវ​រំលេច​ចេញ​លម្អិត​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ក្នុង​គោលដៅ​បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រាជរដ្ឋាភិបាល​បន្ត​ធ្វើ​ការងារ​នេះ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយនឹង​ភ្នាក់ងារ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រែក្លាយ​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​គាំទ្រ​ទាំងនេះ​ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង ។ សម្តេច​តេ​ជោ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​ទាំងឡាយ​ដែល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បាន​ផ្តល់​កន្លង​មក​សម្រាប់​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ