រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ច មិនទទួលបណ្តឹង និងទារលុយ១០០ដុល្លារ ករណីហិង្សា បុរសបួននាក់ព្រួតវា.យ ពីរនាក់ប្តីប្រពន្ធជាសន្តិសុខយាមបុរី មួយកន្លែង ។
តាមការសាកសួរ និងចូលមកបំភ្លឺរបស់ជនរងគ្រោះ ពេលនោះមានប្រជាពលរដ្ឋម្នាក់ នៅម្តុំនឹងដែរ ដែលជាអ្នកនិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” តាមពិតជាក់ស្តែង មិនមែនសមត្ថកិច្ចជាអ្នកនិយាយទារលុយពីជនរងគ្រោះ ដែលបានមកដាក់ពាក្យបណ្តឹងនោះទេ នេះបើតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មានករណីហិង្សាមួយកើតឡើងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ពេលសមត្ថកិច្ចដល់កើតហេតុ ជនបង្កបានគេចខ្លួនបាត់អស់ នៅតែជនរងគ្រោះ ក៏នាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ។
ពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ជនរងគ្រោះឈ្មោះ មិន សុខណេ បានដើរចូលក្នុងប៉ុស្ដិ៍ ក៏មានប្រជាពលរដ្ឋម្នាក់ នៅជិតហ្នឹង បាននិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” ដោយសមត្ថកិច្ចមិនបាននិយាយអ្វីទាំងអស់ បន្ទាប់ពីចូលក្នុងបន្ទប់ ទទួលពាក្យបណ្តឹង សមត្ថកិច្ចបានសរសេរពាក្យបណ្ដឹងជូនជនរងគ្រោះ និងឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ រងចាំព្រឹកស្អែក ហៅជនបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីសួរនាំបន្ថែម ។
ពេលជនរងគ្រោះ មិន សុខណេ មកដល់ផ្ទះវិញ ក៏មានអ្នកសារព័ត៌មាន បានមកសួរនាំអំពីករណីហិង្សា ហើយជនរងគ្រោះក៏រៀបរាប់តាមដំណើររឿង និងដោយមានការយល់ច្រឡំផង ទើបជនរងគ្រោះ បាននិយាយថា សមត្ថកិច្ចទាមទារប្រាក់១០០ដុល្លារ ។
បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានធ្វើការកោះហៅឈ្មោះ មិន សុណេ ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ និងបានធ្វើលិខិតសេចក្ដីបំភ្លឺ ដោយខ្លួនមានការយល់ច្រឡំ បានទទួលស្គាល់កំហុស និងសុំទោស មកសមត្ថកិច្ចផងដែរ ៕
ចែករំលែកព័តមាននេះ