ខេត្តកោះកុង ៖ ដីកោះមួយ អាចនឹងបាត់ពីក្នុងផែនទីកម្ពុជា បើអ្នកលក់ខ្សាច់សមុទ្រនៅតែបូម ដោយមិនគោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលក្រសួងរ៉ែ និងថាមពលបានកំណត់។ ហើយក្នុងអំឡុងពេលប្រមាណជា៣ខែចុងក្រោយ ដើមឆ្នាំ២០២៣នេះ មានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ អាជីវករ និងមន្ត្រីរាជការ ស្រុកស្រែអំបិល ដោយសារតែដីកោះមួយ ដែលមានផ្ទៃដីរាប់ពាន់ហិកតា ពោរពេញទៅដោយប្រភពជីវៈចម្រុះ និងព្រៃកោងកាង ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងភូមិសាស្ត្រភូមិ-ឃុំ-ស្រុកស្រែអំបិល ខេត្តកោះកុង តាមបណ្តោយមាត់ព្រែកស្រែអំបិល កំពុងមានការបាក់ច្រាំង ស្រុតចុះចូលក្នុងសមុទ្រ ដាច់ផ្ទៃដីកោះជាពីរដោយអន្លើៗ ប្រែប្រួលទ្រង់ទ្រាយកោះ និងទីតាំងប្រកបមុខរបរ អាជីវកម្មរបស់ប្រជាពលរដ្ឋ សហគ្រាស ឬក្រុមហ៊ុនឯកជន ពាក់ព័ន្ធនឹងផ្លូវទឹក នៃមាត់ច្រាំងម្ខាងទៀត នៃដងព្រែក ក៏ត្រូវបានបាក់ស្រុតចូលក្នុងសមុទ្រដូចគ្នា ដោយសារតែការបូមខ្សាច់យ៉ាងអនាធិបតេយ្យរបស់ម្ចាស់អាជីវកម្មលក់ខ្សាច់សមុទ្រ សម្រុកបូមទាំងយប់ទាំងថ្ងៃ មិនបានគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងជំនាញបានណែនាំអោយបានត្រឹមត្រូវ ។
ពាក់ព័ន្ធនឹងហានិភ័យផ្ទុះឡើងដោយសារការបូមខ្សាច់សមុទ្រ ក្នុងបណ្តោយដងព្រែកស្រែអំបិលនេះ មន្ត្រីអាជ្ញាធរមួយរូប បានបញ្ជាក់តាមទូរស័ព្ទអោយកោះសន្តិភាពដឹងថា អ្នកបូមខ្សាច់សមុទ្រតាមបណ្តោយដងព្រែកស្រែអំបិលសព្វថ្ងៃ មាន៣ក្រុមហ៊ុន ។ តែ២ក្រុមហ៊ុនមានច្បាប់អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល គឺក្រុមហ៊ុន ឡេង ជីន និង ក្រុមហ៊ុន លឹម បុក។ ចំណែក១ក្រុមហ៊ុនទៀត គឺក្រុមហ៊ុន កក់ ផូង គឺមានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត។ ដោយឡែកការពាក់ព័ន្ធនឹងលក្ខខណ្ឌបច្ចេកទេសនៃការបូម គឺជាតួនាទីរបស់ស្ថាប័នជំនាញ លោកមិនបានដឹងឡើយ ។
ពាក់ព័ន្ធនឹងការផ្ទុះរឿងអាស្រូវខាងលើនេះដែរ លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បានប្រាប់កោះសន្តិភាពតាមឆាតផង និងតាមទូរស័ព្ទផងថា នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃច័ន្ទ (27) លោកនឹងចុះទៅពិនិត្យទីតាំងកើតហេតុ សូមរក្សាសម្ងាត់ ។
តបនឹងសំណួរថា តើម្ចាស់អាជីវកម្មបូមខ្សាច់ទាំងនេះ បានធ្វើសកម្មភាពបូមតាមគោលដៅកំណត់ឬទេ? បានប្រាក់ចំណូលសួយសារជូនរដ្ឋក្នុងមួយឆ្នាំប៉ុន្មាន? មានផលប៉ះពាល់ដែរឬទេ?។ លោកប្រធានមន្ទីររូបនេះ បែរជាឆ្លើយប្រាប់ត្រឡប់ត្រឡិនវិញ នៅម៉ោង២រសៀលថ្ងៃដដែលថា លោកមិនបានចុះទៅទេ លោកប្រើអនុប្រធានម្នាក់អោយទៅជំនួសហើយ លោកប្រធានមន្ទីរក៏មិនបានឆ្លើយតបនឹងសំណួរខាងលើនេះដែរ ។
មជ្ឈដ្ឋានអ្នករិះគន់ជាច្រើននៅស្រុកស្រែអំបិល បានលើកឡើងថា ប្រធានមន្ទីរឯណាហ៊ានចុះមកណែនាំអ្នកបូមខ្សាច់ បើលាងតែគូទខ្លួនឯងមិនស្អាតផងនឹង។ ប្រភពដដែលបានលើកឡើងចំៗថា ពលរដ្ឋ ឬសហគមន៍ សុំលើកតែ២ចំណុចនៅក្នុងច្បាប់អនុញ្ញាតរបស់ក្រសួង ណែនាំអ្នកធ្វើអាជីវកម្មបូមខ្សាច់សមុទ្រអោយអនុវត្តតាម ដូចជាក្នុងប្រការ៦ ម្ចាស់អាជីវកម្មត្រូវបង់ប្រាក់ចំនួន0;05$ (ប្រាំសេនដុល្លារ) ក្នុងមួយម៉ែត្រគីប ជាមូលនិធិទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ ចំណុច (គ) ក្នុងប្រការ១០ បើការធ្វើអាជីវកម្មរបស់ខ្លួន ធ្វើអោយមានហានិភ័យខ្ពស់ដល់បរិស្ថាន ឬសេដ្ឋកិច្ច ឬសង្គម មន្ទីរត្រូវចុះព្យួរ ឬដកហូតអាជ្ញាប័ណ្ណម្ចាស់អាជីវកម្មវិញ។
ឥឡូវជាក់ស្តែង កោះធម្មជាតិមួយ ត្រូវដាច់ញែកជា២កំណាត់ និងស្រុតចុះបាត់ទៅក្នុងសមុទ្រដោយអន្លើៗ បើសកម្មភាពនេះនៅតែបន្តរយៈពេលវែងតទៅទៀត ហើយកោះដែលជាធនធានធម្មជាតិអាចនឹងរលាយបាត់ពីក្នុងផែនទីកម្ពុជា។ ចំណែកលុយមូលនិធិសហគមន៍ នៅឯណា ក្រុមឈ្មួញបូមខ្សាច់លក់រាប់សិបឆ្នាំកន្លងមក ស្ទើរតែរលាយស្រុកស្រែអំបិលទាំងមូលហើយ មិនឃើញទទួលបានផលពីអាជីវកម្មនេះមកអភិវឌ្ឍន៍ភូមិ-ឃុំរបស់ពលរដ្ឋដែរ។
ហេតុនេះ ពលរដ្ឋសំណូមពរអោយថ្នាក់លើ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋានអោយបានស៊ីជម្រៅផង កុំអោបក្រសោបតែមន្ត្រីគ្រាប់ល្ពៅយូរពេក ព្រោះមន្ត្រីបែបនេះកំពុងតែជាន់.ករាស្ត្រខ្លាំងណាស់ គិតតែផ្ទាល់ខ្លួន៕
ចែករំលែកព័តមាននេះ