រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពកម្មករនិយោជិតតាមវិធានការដែលបានដាក់ចេញ ខណៈកមៅ្តកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។
![Picture]()
យោងតាមសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថានរបស់ឯកឧត្តអ៊ិតសំ ហេង រដ្ឋមន្ត្រីក្រសួងការងារនៅថ្ងៃទី២៧ ខែមីនា បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈសង្កេតឃើញថា ខណៈពេលដែលអាកាសធាតុកាន់តែឡើងកដៅក្នុងរដូវប្រាំងនេះករណីអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួនដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
![Picture]()
ក្រសួងបានបន្តថា ក្នុងន័យនេះ ដើម្បីបន្តពង្រឹង និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ជាពិសេសការបង្ការអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន។
ក្រសួងសូមក្រើនរំលឹក និងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចជា ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាសគ្រឹះ ស្ថាន អប់រំ និងបណ្ដុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាពរបៀបជម្លៀសខ្លួន និងធ្វើលំហាត់សមនៅពេលមានអាសន្នត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយ សង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
![Picture]()
ជាមួយគ្នានោះដែរ ក្រសួងការងារក៏បានឲ្យម្ចាស់រោងចក្រសហគ្រាសផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំជាអាទិ៍ បំពង់ ពន្លត់អគ្គិភ័យ ប្រព័ន្ធ បាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹង ប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គមិនដាក់សម្ភារបាំងមិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី ។
![Picture]()
ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យម្ចាស់រោងចក្រសហគ្រាសរៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្នចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះ និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនីដែលជាមូលហេតុឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច១ម៉ោងមុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ ។ បើកបង្អួចទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញក្នុងអគារផលិតកម្មនៅ ពេលអាកាសធាតុកើនកម្តៅ និងរៀបចំទុកដាក់សម្ភារ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។
![Picture]()
រដ្ឋមន្ត្រីក្រសួងការងារឲ្យបានឲ្យត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុលថ្នាំសម្លា.ប់សត្វល្អិតពីខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។
ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពព្រមទាំងមានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ។ ក្នុងលិខិតរដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា ៖«ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះត្រូវទទួលការពិន័យតាមច្បាប់ជាធរមាន»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នឹងសហការអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះឱ្យបានម៉ឹងម៉ាត់ប្រកបដោយប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ