រាជធានីភ្នំពេញ ៖ ថ្លែងចំពោះបងប្អូនខ្មែរឥសា្លមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ ហើយអាជ្ញាធរត្រូវផ្ដល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា។
![Picture]()
នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៧ រួមជាមួយលោក Anwar Bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោហ៊ុនសែន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនាលើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាពដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្ដេចតេជោ បានគូសបញ្ជាក់ថា«ការខុសគ្នាខាងជាតិសាសន៍ និងសាសនាពុំមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះទេ ។ យើងចូលរួមគ្រប់និន្នាការ គ្រប់ជាតិសាសន៍ និងសាសនា ដើម្បីដំណើរជាតិឆ្ពោះទៅដល់ការរីកចម្រើននៃប្រទេសជាតិរបស់យើង»។
![Picture]()
សម្ដេចតេជោ បន្ដថា ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនាដោយឈរលើគោលការ ណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាមនៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើនតាមតម្រូវការជាក់ស្តែង។
សម្ដេចនាយករដ្ឋមន្ដ្រីក៏បានបន្ថែមថា គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាមតាមរយៈកា រអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមលើកទឹកចិត្តខ្ពស់ដល់សាសនិកសាសនិកឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន» ។
ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ៕
ចែករំលែកព័តមាននេះ