ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លា​ហើយ Camry! Toyota ប្រកាស​ឈប់​លក់​រថយន្ត​ម៉ូ​ដែល​នេះ​ក្នុង​ទីផ្សារ​ជប៉ុន

1 ឆ្នាំ មុន

ជប៉ុន ៖ ក្រុមហ៊ុន​យក្ស​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន Toyota បាន​ប្រកាស​បញ្ឈប់​ការ​លក់​រថយន្ត​ម៉ូ​

ជប៉ុន ៖ ក្រុមហ៊ុន​យក្ស​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន Toyota បាន​ប្រកាស​បញ្ឈប់​ការ​លក់​រថយន្ត​ម៉ូ​ដែល Camry ដ៏​ល្បីល្បាញ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក បន្ទាប់​ពី​រយៈពេល​៤៣​ឆ្នាំ​នៃ​ការ​លក់​រថយន្ត​ទ្វារ​៤​ម៉ូ​ដែល​នេះ​ដ៏​ល្បី​រន្ទឺ​នៅ​ទូ​ទាំង​ពិភពលោក​។

យ៉ាងណាមិញ Camry នឹង​នៅ​តែ​មាន​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក និង​ទីផ្សារ​ពិភពលោក ខណៈ​ដែល​ក្រុមហ៊ុន Toyota បាន​លក់​រថយន្ត​ម៉ូ​ដែល​នេះ សរុប​ចំនួន​៦០​ម៉ឺន​គ្រឿង​កាលពី​ឆ្នាំ​មុន ដោយ​ជាង ២៩៥,០០០​គ្រឿងក្នុង​ចំណោម​នោះ ស្ថិត​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។

យោង​តាម​ប្រភព​ពីសារ​ព័ត៌មាន​របស់​ជប៉ុន Nikkei បាន​ធ្វើការ​កត់សម្គាល់​ឃើញ​ថា រថយន្ត​ធុន​តូច​កំពុង​មាន​ប្រជាប្រិយភាព​តិច​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ខណៈ​ដែល​អ្នក​ប្រើប្រាស់​ងាក​មក​រក​រថយន្ត SUV និង​រថយន្ត Minivans (​លក្ខណៈ​គ្រួសារ​) ជំនួស​វិញ​។ ស្រប​ពេល​ដែល​នៅ​សហរដ្ឋអាមេរិក ក៏​កំពុង​ផ្លាស់​ប្តូ​រលើ​តម្រូវការ​ប្រើប្រាស់​រថយន្ត​ពីរ​ប្រភេទ​នេះ​ផង​ដែរ​។

បើ​ទោះជា​បញ្ឈប់​ការ​លក់​ម៉ូ​ដែល Camry នៅ​ទីផ្សារ​ក្នុងស្រុក​ក៏​ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន Toyota នៅ​តែ​បន្ត​លក់​រថយន្ត​ម៉ូ​ដែល Century, Corolla, និង Mirai Sedan នៅ​ទីផ្សារ​ក្នុងស្រុក រួម​និង​រថយន្ត​ធុន​តូច​ៗ​ផ្សេង​ទៀត​ផង​ដែរ​។

នៅ​ក្នុង​លិខិត​មួយ ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ប្រាប់​អ្នក​ចែកចាយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ថា ខ្លួន​នឹង​បិទ​ការ​ផលិត​រថយន្ត​ម៉ូ​ដែល Camry សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​។ ការ​លក់​កំពុង​បញ្ចប់​ជា​ដំណាក់កាល ប៉ុន្តែ​ដោយសារ​អ្នក​ចែកចាយ​ភាគច្រើន​បាន​ទទួល​ការ​បញ្ជា​ទិញ​ម៉ូ​ដែល Camry ពី​អតិថិជន​រួច​ហើយ ដូច្នេះ​ក្រុមហ៊ុន​ចង់​ផ្តល់​ជូន​អតិថិជន​នូវ​ម៉ូ​ដែល Crown Sedan ស៊េរី​ថ្មី​ជំនួស​វិញ​។

ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ចាប់តាំងពី​ក្រុមហ៊ុន Toyota បាន​ប្រកាស​ការ​លក់​រថយន្ត​ម៉ូ​ដែល Camry ទៅ​កាន់​ទីផ្សារ​ជប៉ុន​នៅ​ក្នុង​ឆ្នាំ​១៩៨០ ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​ជប៉ុន​មួយ​នេះ បាន​លក់​រថយន្ត​ម៉ូ​ដែល​នេះ​បាន​ប្រហែល ១.៣​លាន​គ្រឿង​។ រថយន្ត​ម៉ូ​ដែល​នេះ បាន​ឆ្លងកាត់​ការ​ផលិត​១០​ជំនាន់ ហើយ​លក់​បាន​ជាង​២១​លាន​គ្រឿង​នៅ​ជាង​១០០​ប្រទេស​ជុំវិញ​ពិភពលោក ដោយនៅ​ក្នុង​នោះ​ប្រហែល​១៣​លាន​គ្រឿង​ត្រូវ​បាន​លក់​នៅ​សហរដ្ឋអាមេរិក​៕ (​ដកស្រង់​ចេញពី Car And Driver)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ