ទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី៖ ស្ថានការណ៍ពិភពលោកបានដើរដល់ចំណុចរបត់ថ្មីមួយ ហើយអាចនឹងធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីគេទទួលដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីលោកពូទីន។ ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរខ្នាតតូច ឬនុយក្លេអ៊ែរតាក់ទិច (tactical nuclear) នៅប្រទេសបេឡារូស។ បើដូច្នេះមែន, វាជាការដាក់ពង្រាយនុយក្លេអ៊ែរប្រភេទនេះជាថ្មីម្ដងទៀតចាប់តាំងពីឆ្នាំ១៩៩០ប្លាយ។
![Picture]()
ចំណាត់ការនេះធ្វើឡើងនៅពេលប្រទេសរុស្ស៊ីមានជម្លោះកាន់តែខ្លាំងជាមួយក្រុមបស្ចិមប្រទេសពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន និងក៏កើតមានឡើងនៅពេលអ្នកធ្វើអត្ថាធិប្បាយនយោបាយនានានិយាយមិនដាច់ពីមាត់អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ គេបារម្ភថាបើកាលណាធ្វើឱ្យរុស្ស៊ីដល់ក, សង្គ្រាមនេះអាចនឹងផ្ទុះឡើងមែន។
![Picture]()
លោកពូទីនថ្លែងថាប្រធានាធិបតីបេឡារូស លោកលូកាសឹនកូ (Lukashenko) ធ្លាប់បានបង្ហើបឱ្យដឹងតាំងពីយូរមកហើយពីការផ្ដល់សញ្ញាភ្លើងខៀវឱ្យរុស្ស៊ីដាក់ពង្រាយនុយក្លេអ៊ែរនៅលើទឹកដីនៃប្រទេសរបស់លោក។ គេមិនត្រូវភ្លេចថាប្រទេសបេឡារូសមានព្រំដែនជាប់នឹងប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូ និងធ្លាប់ប្រើសម្ដីខ្លាំងដាក់បេឡារូសកាលពីពេលថ្មីៗនេះ។
![Picture]()
លោកពូទីនថ្លែងថារឿងនេះគ្មានអ្វីចម្លែកទេ។ អាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ដូច្នេះ យើងព្រមព្រៀងគ្នាថានឹងធ្វើដូចអាមេរិកដែរ។ លោកថាធ្វើបែបនេះគ្មានរំលោភទៅលើកាតព្វកិច្ចរបស់យើងទេ។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត «ដាក់ពង្រាយនុយក្លេអ៊ែរគ្មានរំលោភទៅលើកាតព្វកិច្ចរបស់យើងក្នុងការគោរពច្បាប់អន្តរជាតិស្ដីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទេ»។
![Picture]()
លោកពូទីនមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការដាក់ពង្រាយនោះនឹងធ្វើឡើងនៅពេលណាទេ។ សូមជម្រាបថានុយក្លេអ៊ែរខ្នាតតូច ឬនុយក្លេអ៊ែរតាក់ទិច (tactical nuclear) សំដៅលើក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់វាយប្រហារទីតាំងយោធា។ ប៉ុន្តែវាមិនសូវវាយប្រហារសាហាវដូចនុយក្លេអ៊ែរស្ទ្រេតថឺជីកទេ (strategic)។ បើសង្គ្រាមឈានដល់ strategic, មានន័យថាគូបដិបក្សនឹងប្រើប្រាស់នុយក្លេអ៊ែរវាយប្រហារគ្នាទៅវិញទៅមកមួយឈ្នះដៃ។ ពួកគេនឹងលេងគ្នាមួយអស់ដៃ រហូតដល់រលាយទាំងសងខាង។ បើវ៉ាស៊ីនតោនរលាយ, ម៉ូស្គូក៏ត្រូវតែក្លាយជាផេះដូចគ្នា។
![Picture]()
លោកពូទីនថ្លែងថាត្រឹមដើមខែកក្កដាខាងមុខនេះ, ប្រទេសរុស្ស៊ីនឹងសាងសង់ចប់សព្វគ្រប់នូវឃ្លាំងស្តុកទុកអាវុធនុយក្លេអ៊ែរនៅបេឡារូស។ អ្នកកាសែតព្យាយាមផ្ញើសារទៅក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក(មន្ទីរបញ្ចកោណ) ដើម្បីស្នើសុំការឆ្លើយបំភ្លឺ។ ប៉ុន្តែពួកគេមិនទាន់ឆ្លើយតបនៅឡើយទេពាក់ព័ន្ធនឹងផែនការរបស់លោកពូទីន។
![Picture]()
ប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរតាក់ទិច (tactical nuclear) ទៅឈរជើងនៅបេឡារូសចំនួនដប់គ្រឿងរួចហើយ ហើយក៏បានផ្ទេរគ្រាប់មីស៊ីលម៉ាកអ៊ីស្កាន់ដឺ (Iskander) សម្រាប់ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរទៅទីនោះរួចហើយដែរ។ សូមរម្លឹកថានៅពេលសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១, នុយក្លេអ៊ែរមាននៅក្នុងរដ្ឋចំនួន៤ដែលចំណុះឱ្យសូវៀត៖ រុស្ស៊ី, អ៊ុយក្រែន, បេឡារូស និងកាហ្សាក់ស្ថាន។ ខែឧសភា ឆ្នាំ១៩៩២, រដ្ឋទាំងនេះឯកភាពគ្នាថានឹងផ្ទេរក្បាលនុយក្លេអ៊ែរទៅរុស្ស៊ីវិញ។ ការផ្ទេរនេះធ្វើចប់សព្វគ្រប់ត្រឹមឆ្នាំ១៩៩៦៕
ប្រភព៖ Reuters, BBC
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ