ទីក្រុងបាងកក, ប្រទេសថៃ៖ ច្បាស់ហើយ លោកប្រាយុទ្ធចាន់អូចានឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតអាណត្តិថ្មីនាថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ។ ដូច្នេះ កាលពីមុន, អាចនឹងមានអ្នកមិនទាន់ច្បាស់ថាលោកនឹងចូលរួមឬមិនចូលរួម។ ប៉ុន្តែលើកនេះលែងមានអ្វីជាមន្ទិលសង្ស័យតទៅទៀតហើយ។
![Picture]()
ដំណឹងនេះបានបង្ហាញច្បាស់បន្ទាប់ពីលោកប្រាយុទ្ធត្រូវបានប្រកាសតែងតាំងជាផ្លូវការជាបេក្ខជននាយករដ្ឋមន្ត្រី។ ឧត្ដមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលបច្ចុប្បន្នមានអាយុ៦៩ឆ្នាំ ជាបេក្ខជនរបស់ «គណបក្សរួមថៃសាងជាតិ» ហើយត្រូវត្រៀមខ្លួនប្រកួតប្រជែងគ្នាខ្លាំងជាងគេជាមួយនឹងកូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រីផែថងថាន ដែលមានអាយុ៣៦ឆ្នាំ។
![Picture]()
លោកប្រាយុទ្ធចាន់អូចាកាន់អំណាចជានាយករដ្ឋមន្ត្រីថៃចាប់តាំងពីលោកធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់ពីអំណាចកាលពីឆ្នាំ២០១៤។ ក្រោយមក អំណាចរបស់លោកកាន់តែស្របច្បាប់បន្ថែមទៀតតាមរយៈការបោះឆ្នោតឆ្នាំ២០១៩។ តាមពិត កាលនោះ គណបក្សរបស់លោកទទួលបានអាសនៈតិចជាងគណបក្សភឿថៃ។ ប៉ុន្តែដោយសារបានសំឡេងគាំទ្រពីព្រឹទ្ធសភាជួយទប់, ទើបបានជាលោកអាចក្លាយជានាយករដ្ឋមន្ត្រី។
![Picture]()
សម្រាប់អាណត្តិថ្មីនេះ, លទ្ធភាពដែលថាលោកប្រាយុទ្ធអាចនឹងក្លាយជានាយករដ្ឋមន្ត្រីជាបន្តទៀត ឬយ៉ាងណា គឺស្ថិតនៅក្នុងភាពមិនអាចទស្សន៍ទាយដឹង។ លទ្ធផលស្ទង់មតិបង្ហាញថាលោកប្រាយុទ្ធទទួលបានសំឡេងគាំទ្រតិចជាងបេក្ខជនប្រកួតប្រជែងដទៃទៀត។ អ្នកវិភាគយល់ថាលោកប្រាយុទ្ធអាចនឹងទទួលបានសំឡេងគាំទ្រភាគច្រើនពីមនុស្សចាស់ៗដែលមានគំនិតអភិរក្សនិយម, អ្នកដែលស្មោះស្ម័គ្រនឹងរបបរាជានិយម និងអ្នកដែលខ្លាចប្រទេសជាតិធ្លាក់ទៅក្នុងអស្ថិរភាពនយោបាយ។
![Picture]()
កាលពីពេលកន្លងមក, ស្នាដៃសំខាន់របស់លោកប្រាយុទ្ធចាន់អូចាដែលមនុស្សទូទៅទទួលស្គាល់គ្រប់ៗគ្នា គឺការធ្វើឱ្យមានស្ថិរភាពជាតិ និងការការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្គ។ នៅក្នុងពិធីប្រកាសសុពលភាពបេក្ខជនតំណាងរាស្ត្រ៤រយនាក់, លោកប្រាយុទ្ធថ្លែងថា «យើងចង់ធ្វើឱ្យមនុស្សគ្រប់គ្នារស់នៅដោយសុខសប្បាយ»។
![Picture]()
លោកសន្យាថាបើលោកជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិថ្មី, លោកនឹងធ្វើកិច្ចការដែលនៅសេសសល់ អមដោយពាក្យស្លោក « បានធ្វើ, កំពុងធ្វើ និងបន្តធ្វើ»។ លោកថ្លែងថា «កិច្ចការដ៏សំខាន់ជាអាយុជីវិតរបស់ជាតិគឺការការពារប្រទេសជាតិ និងការពារស្ថាប័នធំៗរបស់ជាតិ។ សូមបងប្អូនប្រជារាស្ត្រថៃដែលជាម្ចាស់ឆ្នោតផ្ដល់ការជឿទុកចិត្តមកលើរូបខ្ញុំជាបន្តទៀតដូចដែលលោកអ្នកធ្លាប់ធ្វើកាលពីមុន»។
![Picture]()
អ្នកវិភាគសម្លឹងឃើញថាការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅអាណត្តិថ្មីគឺជាទីលានប្រកួតប្រជែងដ៏ស្វិតស្វាញរវាងរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសថៃសព្វថ្ងៃ ដែលប្រមូលផ្ដុំទៅដោយក្រុមអភិជន ទល់នឹងក្រុមអ្នកនិយមប្រជាធិបតេយ្យ។ ក្រុមទាំង២នេះមានឥទ្ធិពលលើឆាកនយោបាយនៅប្រទេសថៃអស់រយៈពេលជាច្រើនទសវត្សមកហើយ៕
ប្រភព៖ Reuters
ចែករំលែកព័តមាននេះ