ទីក្រុងអូតាវ៉ា, ប្រទេសកាណាដា៖ លោកបៃដិនជឿជាក់ថាប្រទេសចិនមិនទាន់ផ្ដល់អាវុធទៅឱ្យប្រទេសរុស្ស៊ីនៅឡើយទេ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងជាលើកដំបូងរហូតមកដល់ពេលនេះ។ លោកបានបន្តតាមដានព័ត៌មានជាហូរហែរយៈពេលបីខែចុងក្រោយនេះ ដែលចុះផ្សាយថាប្រទេសចិនមានគម្រោងបញ្ជូនអាវុធទៅឱ្យប្រទេសរុស្ស៊ី។ ជាក់ស្ដែង ពួកគេមិនទាន់បញ្ជូនទេ។

ទោះបីពេលនេះពួកគេមិនទាន់បញ្ជូនទៅមែន ប៉ុន្តែមិនមែនមានន័យថាពួកគេនឹងមិនបញ្ជូននាពេលអនាគតទេ។ លោកថ្លែងថាលោកមិនចង់ធ្វើហីៗ មិនយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ប្រទេសចិន និងរុស្ស៊ីទេ។ គ្រាន់តែថាពេលខ្លះរបាយការណ៍នានាហាក់ដូចជាឲ្យតម្លៃខ្ពស់ពេកទៅលើប្រទេសទាំងពីរនេះ ឬនិយាយពន្លើសពីសកម្មភាពរបស់ពួកគេពេក។

លោកបៃដិនបញ្ជាក់ថានៅពេលនេះក្រុមបស្ចិមប្រទេសកំពុងរួបរួមសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ។ ដូចនេះ បើមានព្រឹត្តិការណ៍អ្វីមិនស្រួលកើតឡើង យើងនឹងចាត់វិធានការឆ្លើយតបដោយម៉ឺងម៉ាត់ជាងពេលមុនទៅទៀត។ លោកបានលើកឧទាហរណ៍ពីការពង្រឹងសម្ព័ន្ធភាពនៅតំបន់ប៉ាស៊ីហ្វិកដូចជា៖ ១- ក្រុមប្រទេសខ្វត (Quad) ដែលមានឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលី និង២- ក្រុមអូខឺស (AUKUS) ដែលមានអូស្ត្រាលី អង់គ្លេស និងអាមេរិក។

គួរកត់សម្គាល់ការថ្លែងរបស់លោកបៃដិនពាក់ព័ន្ធនឹងប្រទេសចិននោះធ្វើឡើងបន្ទាប់ពីលោកស៊ីជីនពីងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីប៉ុន្មានថ្ងៃមុន។ នៅក្នុងឱកាសនោះ មេដឹកនាំចិន និងរុស្ស៊ីប្រកាសពីការបង្កើតទំនាក់ទំនងពិសេស។ ទោះបីប្រទេសចិនសន្យាថានឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងគាំទ្រផ្នែកស្មារតី, ប៉ុន្តែចិនសន្យាផ្ដល់អាវុធ ឬគ្រាប់រំសេវទៅឱ្យរុស្ស៊ីទេ៕
ប្រភព៖ Reuters, NDTV

ចែករំលែកព័តមាននេះ