ខេត្តបាត់ដំបង៖ ត្រឹមតែរយៈពេលកន្លះម៉ោង ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើស្រុកចំនួន០២ នៅក្នុងខេត្តបាត់ដំបង ដែលបានបំភ្លេចប្រផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់យ៉ាងតិច២២ខ្នង កាលពីព្រលប់ថ្ងៃទី ២៣ មីនា។ នេះបើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចពីតាមបណ្ដាស្រុក ដែលជួបនូវគ្រោះមហន្តរាយ
នេះ។
![Picture]()
សេច្ដីរាយការណ៍បានឲ្យដឹងថា ភ្លៀងដែលមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផងនារដូវប្រាំងនេះ បានប៉ះពាល់ទៅទៅលើស្រុកមួយចំនួន។ ប៉ុន្តែកាលពីល្ងាចថ្ងៃទី ២៣ មីនា ហាក់បានប៉ះទង្កិចធ្ងន់ធ្ងរជាងគេទៅលើស្រុកគាស់ក្រឡ និងស្រុកមោងប្ញស្សី ។ នៅក្នុងរបាយការណ៍ ស្រុកគាស់ក្រឡ ខ្យល់កន្ត្រាក់បានកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ មីនា ហើយប៉ះទៅលើភូមិគោកពោន ឃុំធិបតី បណ្ដាលឲ្យលំនៅឋានពលរដ្ឋចំនួន០៧ខ្នងរបើកដំដំបូល តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ។
![Picture]()
ដោយឡែក នៅស្រុកមោងឬស្សី បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា កើតឡើងក្រោយកន្លះម៉ោង បន្ទាប់ពីស្រុកគាស់ក្រឡ បានជួបនូវគ្រោះមហន្តរាយនេះ។ ខ្យល់កន្ត្រាក់នៅស្រុកមោងឬស្សី បានប៉ះទង្កិចទៅលើភូមិស្រះឈើនាង ភូមិថ្នល់បត់ ភូមិពេជ្រចង្វា ភូមិអំពិលឈួង និង ភូមិយឺនមាន ដែលបណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋសរុបចំនួន១៤ខ្នង ត្រូវរងការខូចខាត ក្នុងនោះក៏មាន០១ខ្នងត្រូវដួលរលំទាំងស្រុករាបដល់ដី។
![Picture]()
សូមបញ្ជាក់ថា បើយោងសេចក្ដីរាយការជាបន្តបន្ទាប់ ចាប់តាំងពីសប្ដាហ៍មុនមក ភ្លៀងធ្លាក់នារដូវប្រាំង ដែលនាំមកជាមួយនូវខ្យល់កន្ត្រាក់ និង ផ្គររន្ទះគួរឲ្យខ្លាចផង បានបង្កឲ្យមានគ្រោះមហន្តរាយជាបន្តបន្ទាប់។ ប៉ុន្តែគ្រោះធម្មជាតិដ៏កាចសាហាវនារដូវប្រាំងនេះ ដែលបានកើតឡើងចាប់តាំងពីសប្ដាហ៏មុនមក គេសង្កេតឃើញបានបំភ្លេចបំផ្លាញលំនៅឋានប្រជាពលរដ្ឋ នៅស្រុករតនមណ្ឌល ស្រុកបវេល ហើយចុងក្រោយនេះនៅស្រុកគាស់ក្រឡ និង ស្រុកមោងឬស្សី។
![Picture]()
បើគិតពីការខូចខាត ដោយសារខ្យល់កន្ត្រាក់នាប៉ុន្មានលើកកន្លងទៅនេះ បើយោងលើរបាយការបឋម ដែលកោះសន្តិភាពទទូលបានជាបន្តបន្ទាប់ ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ប្រមាណជាង៤០ខ្នងហើយ តែពុំទាន់មានរបាយការណ៏ស្ដីពីគ្រោះថ្នាក់មនុស្ស និង ខូចខាតផលដំណាំនៅឡើយទេ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ