ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​រៀបចំ​ពិធី​អុំទូក ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះ​វស្សា

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​មក​ទស្សនា ការ​ប្រណាំង​អុំទូក ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​មាត់ទន្លេ​ខាង​មុខ​សាលាខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​មក​ទស្សនា ការ​ប្រណាំង​អុំទូក ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​មាត់ទន្លេ​ខាង​មុខ​សាលាខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧ ដែល​មាន​ទូក​ចូលរួម​សរុប​ចំនួន​៣០​ទូក ក្នុង​នោះ​ទូក​ខ្នាត​វែង ចំនួន​១១​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​១៩​ទូក និង​មាន​អ្នកចូលរួម​អុំ ចំនួន​១២១៥​នាក់ និង​ត្រៀម​ចំនួន​២៧៩​នាក់ សរុប​ទាំងអស់​ចំនួន​១៤៩៤​នាក់ ។

បើ​តាម​លោក សួន ម៉ា​លី​ន អភិបាល នៃ​គណៈ​អភិបាលរង​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ពិធី​ប្រណាំងទូក​នេះ និង​ប្រារព្ធ​ទៅ​រយៈពេល​ពី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៤ និង​បិទ​បញ្ចប់​ទៅ​វិញ​នា​ព្រឹក​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ហើយ​គោលបំណង​ដែល​រដ្ឋបាល​ព្រៃវែង​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះ​វស្សា ។

នៅ​ក្នុង​ឱកាស​បើក​កម្មវិធី​អុំទូក​នេះ​ដែរ លោក ជា សុ​មេធី បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ក្រុម​កីឡាករ​ចំណុះ​ទូក​ទាំងអស់ ត្រូវ​មើលថែ​សុខភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អ ព្រោះ​មួយ​រយៈ​នេះ​អាកាសធាតុ​ពុំ​សូវ​អំណោយ​ផង ជា​ពិសេស​បងប្អូន​ទាំង​ត្រូវ​ហូប​ឱ្យ​បាន​គ្រប់គ្រាន់ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​មាន​កម្លាំង​អាច​អុំ​ឈ្នះ​ដៃគូ​ប្រកួត​បាន ។

ក្នុង​ពេល​នោះ​ដែរ តំណាង​ក្រុម​ចំណុះ​ទូក​ទាំងអស់ ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​នៃ​ពិធី​អុំទូក​នេះ​ផង​ដែរ ថា​ពួក​គាត់​នឹង​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ​ផង និង​គោរព​បទបញ្ជាផ្ទៃក្នុង​របស់​គណៈកម្មាធិការ របៀប​ចំការ​ប្រណាំងទូក​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ នេះ រដ្ឋបាល​ខេត្តព្រៃវែង ក៏​បាន​រៀបចំ​ផ្តល់​អំណោយ​មួយ​ចំនួន​ដល់​តំណាង​ចំណុះ​ទូក​ដែល​មក​ចូលរួម​ក្នុង​ការ​ប្រណាំងទូក​នា​ថ្ងៃ​ទី​០៤ និង​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ហូប​ចុក​របស់​បងប្អូន​ក្រុម​ចំណុះ​ទូក​ផង​ដែរ ហើយ​អំណោយ​ទាំង​អស់នេះ គឺជា​អំណោយ​របស់​សប្បុរសជន​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ជា​អំណោយ​ដោយ​ផ្ទាល់​ពី សម្តេច​ក្រឡាហោម ស ខេ​ង និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ។

អំណោយ​ដែរ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ជូន​ដល់​ក្រុម​ទូក​ទាំងអស់​មាន​ដូច​ជា ៖ សម្រាប់​ទូក​ខ្នាត​អន្តរជាតិ ក្នុង​មួយ​ទូក​ទទួល​បាន​ថវិការ​ចំនួន​២០​ម៉ឺន​រៀល អង្ករ​៤​បាវ ស្មើរ​១០០​គីឡូ ទឹក​សុទ្ធ​ចំនួន​២០​យួរ មី​ចំនួន​១​កេស​ធំ អាវ និង​មួក​ចំនួន​៣០ ។ ឬ​ឯ​ទូកង​ខ្នាត​វែង ក្នុង​មួយ​ទូក​ទទួល​បាន​ថវិការ​ចំនួន​៣០​ម៉ឺន​រៀល អង្ករ​៨​បាវ ស្មើរ​២០០​គីឡូ ទឹក​សុទ្ធ​ចំនួន​៤០​យួរ មី​ចំនួន​២​កេស​ធំ អាវ និង​មួក​ចំនួន​៨៥ ៕