ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២២ ​បង្ក្រាប ១៦៦ករណី ​ឃាត់ខ្លួនជនសង្ស័យ ២០២នាក់ ​សង្គ្រោះ​ជនរងគ្រោះ ៣៥៨នាក់ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ពិធីនេះ បានប្រារព្ធ នៅវិទ្យាស្ថានជាតិអប់រំ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២២ ក្នុងនោះ សមត្ថកិច្ចបង្ក្រាបបាន ១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ករណី ឃាត់ខ្លួនជន​សង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន ២០២នាក់ ក្នុងនោះ ជនសង្ស័យជាជនបរទេស ចំនួន ៣៣នាក់។ លោកជំទាវ បន្តថា សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ៣៥៨នាក់ ក្នុងនោះ មានស្ត្រី​ចំនួន ២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។

ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើន ធៀបនឹងឆ្នាំ២០២១ ប៉ុន្តែសម្ដេច​ក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហានេះ នៅតែស្ថិតក្នុងស្ថានភាពប្រឈម​ដែលទាមទារការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះ មិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយ​សង្គ្រោះ​ជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្ម ពាក់ព័ន្ធនឹង​អំពើជួញដូរមនុស្ស។

សម្ដេច បានស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរ​មនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នា រិះរកគ្រប់មធ្យោបាយ​ឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស ហើយទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពតាមឆន្ទៈនយោបាយ​របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។

សម្ដេច ក៏បានសង្កត់ធ្ងន់ដែរថា ក្រោយមានកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរ​មានសមត្ថកិច្ច បញ្ហាជួញដូរមនុស្ស ពិសេសករណីនៅខេត្តព្រះសីហនុ បានថមថយច្រើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែសម្ដេចព្រួយបារម្ភថា ពួកឧក្រិដ្ឋជន អាចចេញទៅជ្រកនៅតាមខេត្តផ្សេង​ទៀត ដែលសម្ដេច ទាមទារឱ្យយកចិត្តទុកដាក់ទាំងមន្រ្តី និងវិស័យឯកជន។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច​ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើស​ប្រកបដោយជោគជ័យជាបន្តបន្ទាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ