តុលាការ សម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស
- ភ្នំពេញ
ភ្នំពេញ៖ លោក យី សុខវួច ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូង រាជធានីភ្នំពេញ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣…
ភ្នំពេញ៖ លោក យី សុខវួច ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូង រាជធានីភ្នំពេញ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣…
ភ្នំពេញ៖ លោក យី សុខវួច ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូង រាជធានីភ្នំពេញ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញដីកាសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ម១ ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស គឺបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ដីកាបង្គាប់ឱ្យឃុំខ្លួន បង្ហាញថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ ( ស្ទួន ) បទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ បានកំណត់ថា ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ។
សូមរម្លឹកថា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេ បានបង្ហោះសារតាមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីនោះ បានធ្វើឡើង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
រូបថតរបស់ព្រះមហាក្សត្រ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់ វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជន មានការភាន់ច្រឡំ។
ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា៖ «បើតាមសំលេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះ យើងអាចឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេ ធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំ ជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរ មិនអាចខ្វះបាន»៕
ចែករំលែកព័តមាននេះ