ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរី ចំនួនមួយ ទៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ របស់ដំរីក្បាលបី នៅជ្រុងអគ្នេយ៍ នៃខ្លោងទ្វារតាកាវ ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី ។
បើយោងតាមអាជ្ញាធរជាតិអប្សរា បានអោយដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះថា ក្រុមការងារបានកំណាយសម្អាតកំណកដី នៅបរិវេណជុំវិញខ្លោងទ្វារតាកាវ បានរកឃើញបំណែកភ្លុកដំរី ចំនួន២ ទី១ ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។ ក្នុងចំណោមភ្លុកដំរី ទាំង២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្តាលផ្នែកខាងស្តាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្តោយ ៤៤សង់ទីម៉ែត្រ ទទឹង២៣សង់ទីម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ។ ចំណែក បំណែកភ្លុកដំរី ទី២ បាក់ផ្នែកកណ្តាលមិនមានរូបរាងពេញអាចសម្គាល់ថា នៅទីតាំងណាមួយ នៃដំរីក្បាលបីទាំងនោះបានឡើយ ។
លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុល និងអភិរក្សថ្ម បានលើកឡើងថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឱ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឱ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ ។
ក្នុងនាមជាមន្ត្រីបច្ចេកទេស ជួសជុល និងអភិរក្សថ្មមួយរូបលោក មុំ សុផុន គិតថា នេះជាការល្អណាស់ ដែលភ្លុកដំរី ដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ ហើយសាធារណជន អាចមកទស្សនា ស្វែងយល់បាន នៅខ្លោងទ្វារតាកាវ ជ្រុងអាគ្នេយ៍ ព្រោះចម្លាក់ដំរីក្បាលបី ដែលមានភ្លុកពេញលេញ កម្រឃើញមាននៅសេសសល់តាមខ្លោងទ្វារ ចេញចូលក្រុងអង្គរធំទាំង៥ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ