រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បានជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ iPhone11pro មួយគ្រឿង បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារកា.ប់គោ តាមបណ្ដោយផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
![Picture]()
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបភី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2IK-2342 ជិះចេញពីកន្លែងធ្វើការទៅផ្ទះវិញនៅខណ្ឌចំការមន ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៩៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ទៅ៦នាក់ បានជិះម៉ូតូចំនួន៣គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឃ្លីក និង២គ្រឿងទៀតម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ជិះស្របទិសដៅគ្នា តាមពីក្រោយនាង (ជនរងគ្រោះ)។
![Picture]()
ស្ត្រីរងគ្រោះបន្តថា គ្រានោះ ជនសង្ស័យដែលជិះម៉ូតូហុងដាឃ្លីក ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ iPhone11pro ពីនាង (ជនរងគ្រោះ) ខណៈពេលដែលនាង (ជនរងគ្រោះ)បានសម្រេច ខណៈពេលនាងកំពុងតែលើកទូរស័ព្ទស្តាប់សម្លេងដែលគេឆាតមក។ បន្ទាប់មក ជនសង្ស័យក៏បានបន្ថែមល្បឿន រួចនាំគ្នាជិះរត់គេចខ្លួនបាត់អស់ ហើយនាង (ជនរងគ្រោះ) ក៏ព្យាយាមជិះដេញតាម និងស្រែកថា «ចោរៗ» ដែរ ប៉ុន្តែតាមមិនទាន់នោះទេ។
![Picture]()
ក្រោយពេលកើតហេតុ ជនរងគ្រោះ ក៏បានជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ