ទីក្រុងប៉េកាំង៖ ប្រទេសចិននៅល្ងាចនេះបានជំរុញឱ្យអាមេរិកបំពេញទំនួលខុសត្រូវរបស់ខ្លួនដើម្បីកាត់រំសាយអាវុធនុយក្លេអ៊ែរ។ ការថ្លែងដូច្នេះបន្ទាប់ពីគេដឹងថានៅក្នុងឯកសារព្រាងរបស់មន្ទីរបញ្ចកោណក៏មាននិយាយអំពីប្រទេសចិនផងដែរ។ សេចក្ដីព្រាងនោះសរសេររៀបរាប់ថាប្រទេសចិនទំនងជាបានដាក់ពង្រាយជើងទម្របាញ់មីស៊ីលអន្តរទ្វីបជាង១រយគ្រឿងនៅលើទីតាំងមួយចំនួនមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសម៉ុងហ្គោលី។ របាយការណ៍នោះអះអាងថាប្រទេសចិនគ្មានចិត្តចង់ពិភាក្សាអំពីការកាត់បន្ថយគ្រឿងសព្វាវុធទេ។

យោងតាមអ្នកនាំពាក្យចិន លោកលីនចៀន បច្ចុប្បន្ននេះប្រទេសអាមេរិកមានអាវុធនុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងច្រើនជាងគេនៅលើពិភពលោក។ អ្នកនាំពាក្យរូបនេះថ្លែងថាអាមេរិកក្នុងនាមជាប្រទេសមានអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើសាកលលោកគួរណាស់ធ្វើជាគំរូគេក្នុងការកាត់បន្ថយអាវុធនេះ។ លោកយល់ថាអាមេរិកគួរចាប់ផ្ដើមបញ្ចុះចំនួននុយក្លេអ៊ែរឱ្យបានថយចុះច្រើនជាមុនសិន មុននឹងបោះដៃទៅរករដ្ឋនុយក្លេអ៊ែរដទៃទៀតដើម្បីចរចាកាត់បន្ថយអាវុធនេះ។

នៅក្នុងឯកសារព្រាងដែលអ្នកសារព័ត៌មានទទួលបាននោះ មន្ទីរបញ្ចកោណអះអាងថាប្រទេសចិនទំនងជាបានដំឡើងជើងទម្របាញ់មីស៊ីលអន្តរទ្វីបម៉ាកតុងហ្វឹង៣១ (DF-31) ចំនួនជាង១រយគ្រឿងនៅលើវាលលំហជិតម៉ុងហ្គោលី។ ទស្សនាវដ្ដីនុយក្លេអ៊ែរឈ្មោះ The Bulletin of the Atomic Scientists ចុះផ្សាយថាប្រទេសចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសម្បើម និងយ៉ាងឆាប់រហ័សជាងប្រទេសណាៗទាំងអស់។ កាលពីខែវិច្ឆិកា លោកត្រាំអះអាងថាមើលទៅលោកត្រូវធ្វើការជាមួយចិន និងរុស្ស៊ីដើម្បីបញ្ចុះអាវុធនុយក្លេអ៊ែរហើយទើបបាន។ អ្នកនាំពាក្យក្រសួងការបរទេសចិនអះអាងថាលោកមិនបានឃើញឯកសារព្រាងរបស់មន្ទីរបញ្ចកោណទេ។ ប៉ុន្តែលោកថាភាសាស្រដៀងគ្នានេះធ្លាប់ត្រូវអាមេរិកប្រើប្រាស់កាលពីពេលកន្លងមក។

អ្នកនាំពាក្យចិនរូបនេះថ្លែងបន្តទៀតថាអាមេរិកច្រើនយកលេសនេះដើម្បីបង្កើតភាពសមហេតុផលដែលខ្លួនត្រូវតែធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ។ ដូចនេះ វាធ្វើឱ្យប៉ះពាល់ស្ថិរភាពជាយុទ្ធសាស្ត្រនៅលើសាកលលោក។ ក្រុមអ្នកវិភាគអាមេរិកជឿជាក់ថាប្រទេសចិនបានពន្លឿនការផលិតនុយក្លេអ៊ែរនៅក្នុងបរិមាណច្រើនឥតធ្លាក់ដៃទេ។ ទោះជាយ៉ាងណាក្ដី គិតត្រឹមឆ្នាំ២០២៤ ប្រទេសចិនមាននុយក្លេអែរប្រហែល៦រយគ្រាប់ ឃើញថារាងធ្លាក់ដៃបន្តិចបើប្រៀបធៀបនឹងឆ្នាំមុនៗនោះ។

ឯកសារព្រាងរបស់មន្ទីរបញ្ចកោណសរសេររៀបរាប់បន្តទៀតថាប្រទេសចិនកំពុងដាក់ផែនការធ្វើយ៉ាងណាត្រឹមឆ្នាំ២០៣០ខាងមុខនេះត្រូវផលិតនុយក្លេអ៊ែរឱ្យបានលើសពី១ពាន់គ្រាប់។ សព្វថ្ងៃនេះ គេប៉ាន់ស្មានថាអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរ៥១៧៧គ្រាប់។ បើដូច្នេះមែន ប្រទេសចិនមិនទាន់តាមទាន់អាមេរិកទេ ហើយត្រូវការពេលរាប់សិបឆ្នាំទៅមុខទៀតដើម្បីផលិត។ អ្នកនាំពាក្យចិនសូមបញ្ជាក់អំពីនយោបាយនុយក្លេអ៊ែររបស់ខ្លួនថាខ្លួនមិនវាយប្រហារដោយនុយក្លេអ៊ែរទៅលើគេមុនទេ។ នុយក្លេអ៊ែររបស់ចិនប្រើសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។ លោកបញ្ជាក់នៅចុងបញ្ចប់ថាប្រទេសចិនមិនត្រូវការរត់ប្រណាំងខាងសព្វាវុធជាមួយប្រទេសណាទាំងអស់។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ