ទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី៖ ប្រមុខដឹកនាំចិន និងរុស្ស៊ី ឈានដល់ការបិទបញ្ចប់កិច្ចពិភាក្សារយៈពេល២ថ្ងៃទៅលើបញ្ហាជាច្រើន ដោយប្រើប្រាស់ពាក្យសម្ដីពីរោះពិសារកគ្នា និងឆ្លៀតរិះគន់ក្រុមបស្ចិមប្រទេសផងដែរ។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់, ទស្សនកិច្ចដែលប្រទេសចិនហៅថា «ដំណើរស្វែងរកសន្តិភាព» មិនទាន់អាចរកច្រកចេញដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែននៅឡើយទេ។
ទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅទីក្រុងម៉ូស្គូ (ដែលវិមានក្រឹមឡាំងចាត់ទុកថាជាការគាំទ្រពីសំណាក់មហាមិត្តរបស់ខ្លួននោះ) បានបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏ស្អិតល្មួតនៃប្រទេសទាំងពីរ។ លោកទាំងពីរហៅគ្នាសុទ្ធតែ «មិត្តសម្លាញ់» និងចាត់ទុកថាទំនាក់ទំនងពេលនេះមានភាពល្អប្រសើរជាងពេលណាៗទាំងអស់។
ក្រោយកិច្ចជំនួបនេះ, ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយឆ្លៀតនិយាយវាយប្រហារ និងចោទប្រកាន់ក្រុមបស្ចិមប្រទេស។ ប្រទេសទាំងពីរចោទថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើឱ្យចុះខ្សោយដល់ស្ថិរភាពពិភពលោក និងចោទថាអង្គការណាតូចាប់ផ្ដើមចូលវ៉ាងទីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកហើយ។
នៅក្នុងបញ្ហាអ៊ុយក្រែន, លោកពូទីនបានថ្លែងការកោតសរសើរមិនដាច់ពីមាត់ចំពោះលោកស៊ីជីនពីងដែលបានដាក់ចេញនូវផែនការសន្តិភាព១២ចំណុចកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែលោកសោកស្ដាយ មិនគួររដ្ឋាភិបាលទីក្រុងកៀវ និងក្រុមបស្ចិមប្រទេសបែរជាធ្វើព្រងើយកន្តើយចំពោះសំណើនេះទៅវិញ។ លោកពូទីនជឿជាក់ថាការដាក់ចេញផែនការសន្តិភាពរបស់ចិនកាលពីពេលកន្លងមកគឺមានភាពស៊ីមេទ្រីគ្នាជាមួយនឹងគោលជំហររបស់រុស្ស៊ី។
លោកយល់ថា «សំណើរបស់ចិនគួរណាស់ក្លាយជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសន្តិភាព នៅពេលដែលទីក្រុងកៀវ និងក្រុមបស្ចិមប្រទេសត្រៀមខ្លួនរួចរាល់ដើម្បីទទួលយក។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ, យើងពុំទាន់មើលឃើញថាពួកគេត្រៀមខ្លួនទទួលយកសំណើនេះនៅឡើយទេ»។ នៅក្នុងឱកាសជជែកគ្នានោះ លោកស៊ីជីនពីងស្ទើរតែពុំបាននិយាយរម្លឹកពីបញ្ហាសង្គ្រាមអ៊ុយក្រែនទាល់តែសោះ។ លោកគ្រាន់តែនិយាយដោយសង្ខេបៗថាប្រទេសចិនប្រកាន់គោលជំហរ «អព្យាក្រឹតឥតលម្អៀង» នៅក្នុងបញ្ហាអ៊ុយក្រែន។
ឆ្លើយតបចំពោះកិច្ចជំនួបនេះ, សេតវិមានថ្លែងថាប្រទេសចិនមិនមែនប្រកាន់គោលជំហរ «អព្យាក្រឹតឥតលម្អៀង» ទេ។ សេតវិមានសូមជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់សម្ពាធទៅលើប្រទេសរុស្ស៊ីដើម្បីឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន។ សេតវិមានយល់ថាសំខាន់ឱ្យតែរុស្ស៊ីអាចធ្វើបែបនេះបាន, សង្គ្រាមងាយស្រួលបញ្ចប់ទេ៕
ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ