ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាជាង ១ម៉ឺននាក់ បានចូលរួមទស្សនាថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងទេសចរណ៍។
សូមរម្លឹកថា នៅព្រឹកថ្ងៃទី២១មីនានេះ ក៏មានប្រារព្ធព្រះរាជពិធីសុំភ្លើង «ព្រះអគ្គិជ័យកីឡា» នៅមុខប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ផងដែរ។ ព្រះរាជពិធីនេះ ប្រារព្ធឡើង ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ អមព្រះរាជដំណើរដោយថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ និងថ្នាក់ដឹកនាំជាច្រើនទៀត។
ក្រសួងទេសចរណ៍ បានប្រកាសថា បាតុភូតព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើង ជារៀងរាល់ឆ្នាំ ចំនួន ២លើក គឺនៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើង ដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់ គួរស្ញប់ស្ញែងជាទីបំផុត។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើង នៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី ២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង ៧៖០០នាទីព្រឹក ដែលជារៀង រាល់ឆ្នាំ តែងមានភ្ញៀវទេសចរជាតិ-អន្តរ ជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព»៕ ច័ន្ទ រស្មី









ចែករំលែកព័តមាននេះ