ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​គគុក​! លោក ហ៊ុន ម៉ា​នី និង​អ្នកសិល្បៈ​២​ដួង​ចេញ​មុខ​ដាក់​ចំ​ៗ ក្រោយ​ពេល​អ្នក​ច្នៃ​ម៉ូ​ដ​ល្បី ឯម រៀម រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រឿងរ៉ាវ​ឈុត​សម្លៀក​បំពាក់​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​លោក ឯម រៀម នៅ​តែ​ជា​ចំណុចក្តៅ នៃ​ការ​ជជែក​ដេញដោល​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ក្នុង​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្អូនប្រុស​មួយ​រូប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​កម្ពុជា និង​អ្នកសិល្បៈ​២​ដួង​ទៀត ក៏​បាន​បញ្ចេញ​ការ​យល់​ឃើញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ឈុត​សម្លៀក​បំពាក់​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​លោក ឯម រៀម នៅ​តែ​ជា​ចំណុចក្តៅ នៃ​ការ​ជជែក​ដេញដោល​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​ក្នុង​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្អូនប្រុស​មួយ​រូប​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​កម្ពុជា និង​អ្នកសិល្បៈ​២​ដួង​ទៀត ក៏​បាន​បញ្ចេញ​ការ​យល់​ឃើញ​ជា​បន្តបន្ទាប់​។

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​លោក ឯម រៀម ដែល​គ្រង​ឈុត​ច្នៃ​ប្លែក និង​ជា​ឈុត​ដែល​កំពុង​ផ្ទុះ​ការ​វែកញែក និង​រិះគន់​ខ្លាំង​ៗ​ថា​សិច​ស៊ី​ហួស និង​ជា​ម៉ូ​ដ ដែល​ច្នៃ​មិន​អាច​ទទួលយក​បាន​នោះ ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា «​ខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ក្នុង​ចំណោម​សាធារណជន ស្តី​ពី​ការ​បង្ហាញខ្លួន​របស់​លោក ឯម រៀម ក្នុង​រូបភាព​សម្លៀក​បំពាក់ (​ដោយ​ច្នៃ​ចេញពី​ហូល​ខ្មែរ​) បែប​ពាក់កណ្តាល​ខ្លួន​ក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Award ឆ្នាំ​២០២៣»​។

ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​សារ​កាលពី​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅ​នេះ​ថា «​ខ្ញុំ​ផ្ទាល់​យល់​ថា ការ​បញ្ចេញ​ទស្សនៈ​ទាំងនោះ ពិតជា​មាន​តម្លៃ ប៉ុន្តែ​យើង​មិន​គួរ​ឲ្យ​ការ​បញ្ចេញយោបល់​ទាំងនោះ ក្លាយជា​ទំនាស់ ការ​រិ​ត​ត្បិត ឬ​ការ​បែកបាក់​ណាមួយ​ក្នុង​សង្គម​យើង​ឡើយ​។ ក្នុង​ន័យ​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​សាធារណជន មេត្តា​ចៀសវាង​នូវ​ការ​ខ្វែងយោបល់គ្នា​នេះ ដោយ​គួរ​ត្រឡប់​មក​ស្វែង​យល់​បន្ថែម​ពី​ជំហរ និង​ភាព​ផ្សេង​គ្នា​នៃ​គំនិត​។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រសួង​សេនាធិការ អ្នក​រៀបចំ​កម្មវិធី រួម​ទាំង​បុគ្គល ដែល​ជា​កម្មវត្ថុ​ផ្ទាល់ នឹង​សហការ​សម្របសម្រួល​លើ​កិច្ចការ​នេះ ដើម្បី​រក​ចំណុចរួម ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ​យើង​ទាំងអស់​គ្នា​»​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ហ៊ុយ យ៉ា​ឡេ​ង ផលិតករ​ភាពយន្ត និង​ជា​តារា​សម្ដែង​មួយ​រូប ក៏​បាន​បញ្ចេញ​ទស្សនៈ​ក្នុង​ន័យ​ស្ថាបនា​ផង​ដែរ ចំពោះ​កំពូល​អ្នក​ច្នៃ​ម៉ូ​ដ ឯម រៀម ថា «​ខ្ញុំ​សូម​និយាយ​ថា បង​រាម អត់​ខុស បើ​បង​រាម កើត​នៅ​អា​មេ​រិ​ក បារាំង សៀម គេ​នឹង​លើក​ទូល​បង​»​។

យ៉ាងណាមិញ លោក ហ៊ុយ យ៉ា​ឡេ​ង បាន​ស្នើ​ទៅ​លោក ឯម រៀម ថា «​តែ​នេះ នៅ​ខ្មែរ ខ្ញុំ​សប្បាយចិត្ត​ដែល​ឃើញ​គេ​រិះគន់​បង រៀម ព្រោះ​ចង់អោយ​បង​រៀម​កែ​ខ្លះ បង​រៀម​អាច​ច្នៃ​របៀប​ខ្មែរ សហ​សម័យ​ច្រើន​ជាង​នឹង តែ​បង​រៀម ពុល និង​មិត្តភក្តិ​សរសើរ​អោយ​គាត់​ច្នៃ​តែ​ភាព​សិច​ស៊ី​ប​ច្ចិ​ម​ប្រទេស​ច្រើន​ពេក រួម​ទាំង​ខ្លួនឯង​ផង​ដែរ »​។

ផលិតករ​ភាពយន្ត​រូប​នេះ​បន្ថែម​ថា «​ខ្ញុំ​ជា​ជាតិនិយម ដូនតា​និយម ខ្ញុំ​ជឿ​ថា យើង​មិន​បង្ហាញ​ភាព​សិច​ស៊ី​ទៅ​កាន់​ពិភពលោក ក៏​យើង​នៅ​តែ​ដើរ​ទាន់​គេ ព្រោះ​យើង​មាន​ស្នាមញញឹម យើង​មាន​ប្រាសាទ យើង​មាន​សិល្បៈ​វប្បធម៌​ច្រើន ដែល​យើង​ផ្សាយ​មិន​ទាន់​អស់ ខ្ញុំ​ចង់អោយ​ប្រទេស​យើង​ខុស​គេ មិន​ដូច​សៀម ដូច​បារាំង ដូច​អា​មេ​រិ​ក គឺ​ខ្មែរ​ស្លៀកពាក់​ថ្លៃថ្នូរ សម្តី​កាយវិការ​ទន់ភ្លន់ ស្នាមញញឹម​ដែល​គេ​ល្បី​យូរហើយ ស្រាត​ប្រទេស​ណា​ក៏​មាន​ដែរ ខ្ញុំ​សូម​យើង​ខុស​គេ​មួយ​បាន​ទេ ពី​ខ្ញុំ​កថា​ជ័យ​កើត​ស្លា​.​ប់​កើត​ស្លា​.​ប់​ការពារ​ទឹកដី​ខ្មែរ »​។

ងាក​មក តារា​ប្រុស​សង្ហា លោក ម៉ា ច័ន្ទ​បញ្ញា ហាក់​មាន​ទស្សនៈ​គាំទ្រ​លោក ឯម រៀម ដោយ​លោក​បាន​ព្រលយ​ពាក្យ​ដាក់​ទៅ​ចំ​ៗ ពេល​ឃើញ​លោក ឯម រៀម ត្រូវ​មហាជន​រិះគន់​មិន​ឈប់​ឈរ​រឿង​ការ​ច្នៃ​ម៉ូ​ដ និង​ការ​ស្លៀកពាក់​ម៉ូ​ដដែល​បាន​ច្នៃ ហាក់​លេច​លើ​លេច​ក្រោម​មិន​សមរម្យ ចំហរ​ទ្រូង​ចេញ​សុដន់ និង​វាល​ខើច​ខាងក្រោម​ចេញ​គល់ភ្លៅ ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​កាលពី​កន្លង​ទៅ​។ លោក ម៉ា ច័ន្ទ​បញ្ញា នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​រូប​ពីរ​សន្លឹក រួច​ឆ្លៀត​ភ្ជាប់​ជាមួយ​សារ​និយាយ​រៀបរាប់​ប៉ុន្មាន​ឃ្លា បង្ហាញ​នូវ​ការ​អាណិតអាសូរ​ជា​ពន់ ពេល​ឃើញ​អ្នក​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ត្រូវ​បាន​គេ​រិះគន់​មិន​ឈប់​បែប​នេះ​។

តារា​ប្រុស លោក ម៉ា ច័ន្ទ​បញ្ញា បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា បង ឯម រៀម មិន​បាន​ធ្វើ​អី​អោយ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ទេ​។ គាត់​មិន​បាន​ធ្វើ​អោយ​នរណា​ម្នាក់​ស្អប់​ខ្មែរ​ទេ គឺ​មាន​តែ អ្នក​ដែល​តែងតែ​ស្អប់​ស្រាប់? គាត់​បង្កើត​ថ្មី ដោយ​ឥទ្ធិពល​នៃ​គំនិត​ចាស់​របស់​ខ្មែរ​ពី​ដើម (Inspired by Khmer ancient) ពុំ​បាន​ប្រើប្រាស់​ការ​កែ​ច្នៃ​ពី​ប្រទេស​ជិតខាង ហើយ​ហៅ​ថា ជា​របស់​ខ្មែរ​ផង​។ ភ្ញាក់​ឡើង អ្វី​ដែល​គួរ​អោយ​ខ្លាច និង​ប៉ះពាល់​ពិតប្រាកដ មិនមែន​ការ​តុបតែង​ខ្លួន​របស់​គាត់​ទេ គឺ​អ្វី​ដែល​គ្រប់​គ្នា​យល់​ច្រឡំ​ថា ជា​របស់​ខ្លួន ហើយ​ប្រឹង​ផ្សព្វផ្សាយ​នេះឯង​។ បង​រាម តស៊ូ​បង​! សិល្បៈ​គឺជា​ធម្មជាតិ​របស់​មនុស្ស​»​។

រួច​មក​ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​មួយទៀត បាន​បង្ហោះ​រូប រួច​ភ្ជាប់​ជាមួយ​សារ​ប្រាប់​អោយ​គ្រប់​គ្នា​បានដឹង​បន្ថែម​ទៀត​ថា «​គាត់​មិន​បាន​ធ្វើ​អី​ខុសច្បាប់ ឬ​លួច ឆក់ ប្លន់​គេ​ទេ គាត់​គ្រាន់តែ​ពាក់​អ្វី​ដែល​គាត់​ចង់​ពាក់​តែ​ប៉ុណ្ណោះ​! គាត់​ជា​ប្រជាជន​ម្នាក់ បាន​បង់ពន្ធ​ជូន​រដ្ឋ មានមុខ​របរ​ត្រឹមត្រូវ មិន​បាន​រស់នៅ​ខុសច្បាប់​ឯណា ហេតុ​អ្វី​បាន​ដាក់​សម្ពាធ​រឹតត្បិត​ការ​ស្លៀកពាក់​របស់​គាត់? សិទ្ធិ​បុគ្គល សូម​គិត​ឡើង​វិញ​ផង អ្នក​រិះគន់​ជាន់ពន្លិច​គាត់​ទាំងឡាយ អ្នក​អាច​រិះគន់​ការ​ស្លៀកពាក់ ព្រោះ​ភាព​មិន​ចូល​ចិត្ត​របស់​អ្នក​បាន តែ​អ្នក​មិន​អាច​ហាមឃាត់ ឬ​រឹតត្បិត​មិន​អោយ​គេ​ស្លៀក​បាន​នោះ​ទេ ព្រោះ​វា​ជា​សិទ្ធិ​បុគ្គល មិន​មានច្បាប់​ហាមប្រាម​នោះ​ទេ ! អ្នក​មិន​ទាន់​ស្គាល់​គាត់ សូម​មេត្តា​តាមដាន​គាត់​សិន​ទៅ គាត់​ជួយ​ការងារ​វប្បធម៌ និង​សិល្បៈ​ច្រើន​មក​ហើយ​តាំងពី​ដើម​មក​»​។

ពេល​បានឃើញ​តារា​ប្រុស​រូប​នេះ បង្ហោះ​សរសេរ​រៀបរាប់​រួច​មក ក៏​មាន​ពុក​ម៉ែ​បងប្អូន​មួយ​ចំនួន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​កាន់ជើង និង​លើកទឹកចិត្ត​គ្រប់​ៗ​គ្នា​បែប​នេះ​ថា «​គាត់​តែ​ម្នាក់ មិន​អាច​បំពេញចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​អស់​ទេ បើ​មិន​ពេញ​អូស​រំលង​ទៅ ហើយ​កាន់តែ​ពិសេស​នោះ គឺ​អ្នក​រើសអើង​ភេ​.​ទ​នេះ​តែ​ម្ដង បើ​យើង​ពន្យល់​មនុស្ស​ដែល​មិន​យល់​វា​ងាយស្រួល​ទេ តែបើ​ពន្យល់​មនុស្ស​ដែល​រើស​អើង​ភេ​.​ទ​ខ្ញុំ​យល់​ថា មិនបាច់​ពន្យល់​ទេ ព្រោះ​មនុស្ស​ប្រភេទ​នោះ​ជា​មនុស្ស​ចង្អៀតចិត្ត​ទៅ​ហើយ​»​។ «​និយាយ​រួម បើ​អ្នក​ធ្លាប់​យល់​ដឹង​ពី​សិល្បៈ​បែប​នឹង​តែ​បន្តិច និង​មិន​មាន​អ្នក​ថាអោយ​គាត់​ទេ ប៉ុន្តែ​អ្នកខ្លះ​មិនដឹង​អ្វី​ហៅ​ថា ការ​ច្នៃ​ម៉ូ​ដ​ផង បែរជា​មក​តាំងខ្លួន​ជា​អ្នកចេះ បញ្ចេញមតិ​រិះគន់​ជេរ​គេ ហើយ​អាង​យក​វប្បធម៌​ម​កបាំងមុខ​។ បើ​គិត​វប្បធម៌​សំខាន់​មិន​អាច​រំលង​បាន អ​ញ្ចឹ​ង​មិន​ខំ​ការពារ​ទៅ ឃើញ​តែ​ចោរ​បរទេស​លួច​យក​បាន​ទៅ​រហូត ខ្លាំង​បាន​តែ​គ្នា​ឯង ជាមួយ​គេ​ញ័រ​ដូច​កូនកណ្ដុរ​ត្រូវ​ទឹក​។ បាន​តែ​ក្នុង​កំ​ពោត ចេញ​ក្រៅ​កំ​ពោត​ញ័រ​»​។

អ្នកខ្លះ​ទៀត​បាន​នាំ​គ្នា​ដាក់​ទៅ​ចំ​ៗ​ថា «​ទាល់តែ​គាត់ ល្បីល្បាញ​នៅ​ស្រុក​បារាំង រស់នៅ​ឯណោះ ហើយ​ជាតិ​សាសន៍​គេ​ស្រឡាញ់​គោរព ឱ្យ​តម្លៃ​មើល បើ​មិន​មក​ខ្មែរ ពេល​ណា​គេ​សរសើរ​អស់​ម៉ា​នគរ ទោះ​គាត់​ស្លៀក​តែ​លី​អូ​ចុះ​លើ​យន្តហោះ​ក៏​ដោយ ។ នេះ​អត្ត​ចរិត​របស់​ខ្មែរ​មួយ​ចំនួន មិន​មើលឃើញ​ទេ ពី​តម្លៃ​របស់​ជនជាតិ​ខ្លួន ទាល់តែ​បរទេស​មក​ចង្អុល​ក្បាល​ប្រាប់​មើល​ថា (​នែ ! អានេះ ឡូយ​ណាស់ ម៉េច ទុក​ក្នុង​ធុងសំរាម​ចឹ​ង​) បាន​នាំ​គ្នា​តែ​ស្ករ ស៊ែ​រដាក់​ខេ​ប​សិន ខ្មែរ​ធ្វើ​បាន​ឡូ​វ​ហ្នឹង​»​។ «​ខ្ញំ​គិត​ថា គាត់​មិន​ខុស​ទេ សិទ្ធិ​ឯកជន​របស់​គាត់ ចង់​ស្លៀក​ខ្វះ​គឺ​សិទ្ធិ​របស់​គាត់ គាត់​មិន​បាន​ទៅ​ធ្វើបាប លួច​ប្លន់ បោ​.​ក​ប្រាស់​អ្នក​ណា​ទេ​»​។

តែ​យ៉ាងណា​ក៏​ដោយ នៅ​តែ​មាន​បងប្អូន​មួយ​ចំនួន​សម្ដែង​ការ​មិន​ពេញចិត្ត​ដដែល ដោយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​និយាយ​ថា «​ចុះ​ម៉េច​មិន​ដើរ​ស្រាត​តែ​ម្ដង​ទៅ ពួក​អ្នក​មិន​ដែល​ស្គាល់​អ្វី​ជា​វប្បធម៌​ទេ ឬ​សម្លៀក​បំពាក់​បុរាណសម័យ​ខ្មែរ​មាន​ច្រើន​ណាស់ ម៉េច​ក៏​មិន​យក​មក​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ​នឹង​គេ​ទៅ​» «​តើ​ធ្វើ​ត្រឹមត្រូវ​មិន​បាន​ទេ? ឬ​គេ​និយាយ​ហើយ​នៅ​មិនដឹង​ថា ខ្លួន​ខុស​ទៀត បើ​ប្រទេស​គេ​មើល​មក​ល្អ អត់​បង្កើត​មក ដើម្បី​ទទួល​ការ​គាំទ្រ បើ​គេ​មិន​ពេញចិត្ត​បង្កើត​ធ្វើ​អី យក​កន្លែង​ខ្លះមក​ពិចារណា កុំ​យក​ចរិត​មាននៅ​ក្នុង​ខ្លួន​មក​ពិចារណា វា​ខុស​បើ​ផុស ហើយ​សូម​អង្គុយ​អាន​ផង​គេ Comment ទៅ​មិន​យក​ភ្នែក​មើល​ទេ សូម​យកជាតិ​ជា​ធំ កុំ​យក​អារម្មណ៍​ជា​ធំ​»​។

ទន្ទឹម​នឹង​នោះ ក៏​ឃើញ​ថា បើ​ទោះបីជា​មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ធ្វើការ​ផ្ទុះ​ប្រតិក​កម្ម​មិន​ឈប់​យ៉ាងណា​ក្ដី គេ​នាំ​គ្នា​សង្កេត​មើលឃើញ​ថា ក៏​មាន​តារា​ល្បី​ៗ​នៅ​ក្នុង​សិល្ប​:​ជា​ច្រើន​ដួង​ទាំងប្រុស​ទាំងស្រី បាន​នាំ​គ្នា​បង្ហោះ​សារ​លើកទឹកចិត្ត​អ្នក​ច្នៃ​ម៉ូ​ដលោក ឯម រៀម និង​បាន​ពន្យល់​អោយ​នៅ​ការ​ស្លៀកពាក់​នេះ​គ្រប់​ៗ​គ្នា​ផង​ដែរ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ