ខេត្តកំពង់ចាម ៖ មហាជនបានធ្វើការរិះគន់ ដោយឃើញរថយន្តដឹកខ្សាច់មួយចំនួនមិនព្រមគោរពការណែនាំរបស់ជំនាញ ។ ដូចជានៅផ្លូវប្របតាមដងទន្លេមេគង្គ ក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម រថយន្តដឹកខ្សាច់មិនគ្រប ចំណែកផ្លូវជាតិលេខ៧១ ទៅចំការលើ ក៏មានរថយន្តដឹកខ្សាច់មិនគ្រប និងមិនមានស្លាកលេខទៀតផង ។ កត្តានេះបំពានការណែនាំរបស់មន្ត្រីជំនាញ និងខ្សាច់កំពប់ហុយលើដងផ្លូវ និងចូលភ្នែកអ្នកធ្វើដំណើរជិះម៉ូតូកង់តាមក្រោយ។
![Picture]()
លោកនួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣ ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញបរិស្ថាន គឺបានណែនាំដល់ម្ចាស់ដេប៉ូលក់ក្រួសខ្សាច់ ដែលកំពុងធ្វើអាជីវកម្មនៅតាមដងទន្លេមេគង្គ ពេលដែលរថយន្តចូលដឹក ពេលត្រឡប់ចេញទៅគោលដៅណាមួយវិញត្រូវតែគ្របឲ្យបានចិត្តចៀសវាងកុំឲ្យកំពប់ហៀរធ្លាក់មកលើថ្នល់ ។
លោកប្រធានបរិស្ថានខេត្តបានបន្តឲ្យដឹងទៀតថា ជាក់ស្ដែង នៅព្រឹកថ្ងៃទី២១ មីនា បានប្រជុំនៅស្រុកកងមាស ដើម្បីឱ្យម្ចាស់ដេប៉ូលក់ក្រួស ខ្សាច់ ត្រូវចូលរួមគោរពច្បាប់ និងការណែនាំរបស់មន្ទីរបរិស្ថាន។ លោកថា មានម្ចាស់អាជីវកម្មខ្លះមានសាឡង់មកបូមខ្សាច់ហើយបន្តដឹកយកទៅកាន់រាជធានីភ្នំពេញ ចំណែករថយន្តខ្លះទៀតបានដឹកខ្សាច់យកទៅលក់តាមលំនៅឋានរបស់ប្រជាពលរដ្ឋដែលកម្មង់ទិញ ។ ជាមួយនោះ មន្ទីរបរិស្ថានបានធ្វើការព្រមានប្រសិនបើក្នុងករណីរកឃើញមានរថយន្តណាដឹកក្រួសខ្សាច់មិនគ្របចេញពីដេប៉ូណាមួយនោះនឹងត្រូវបិទមិនឲ្យធ្វើអាជីវកម្មឡើយ។
![Picture]()
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងបានធ្វើដំណើរតាមដងផ្លូវចាក់កៅស៊ូ ឆ្លងកាត់ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដោយមិនគ្របនោះទេទង្វើនេះគឺផ្ទុយនិងច្បាប់កាលណែនាំរបស់ក្រសួងបរិស្ថានដែលបានកំណត់ ព្រោះថាពេលរថយន្តដឹកខ្សាច់ត្រូវតែគ្របឲ្យជិតមិនឲ្យស្រក់ទឹក និងខ្សាច់ធ្លាក់មកលើថ្នល់នោះទេ។ ចំណែករថយន្តមួយគ្រឿងទៀតបានបើកចេញពីថ្នល់បំបែកត្រើងឆ្ពោះទៅស្រុកចំការលើ ជាប្រភេទបែនរថយន្តដឹកខ្សាច់មិនមានពាក់ស្លាកលេខនិងគ្របខ្សាច់ឲ្យជិតនោះទេ។ ដែលជាហេតុធ្វើឲ្យខ្សាច់ជ្រុះរាយប៉ាយនៅតាមថ្នល់កៅស៊ូ អ្នកបើករថយន្តរូបនោះហាក់បីដូចជាមិនព្រួយកង្វល់និងអ្នកដទៃ គឺធើរអីកយ។
![Picture]()
លោកវរសេនីយ៍ឯកកែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចំការលើប្រាប់ឲ្យដឹងដែរថា ចំពោះរថយន្តដឹកខ្សាច់ដែលមិនគ្របនេះគឺមិនគោរពការណែនាំរបស់មន្ត្រីជំនាញបរិស្ថាន ហើយរថយន្តមិនមានស្លាកលេខគឺជាទង្វើខុសច្បាប់មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ រូបលោកនិងឲ្យជំនាញការិយាល័យចរាចរណ៍ស្រុកចំការលើតាមដាន និងហៅរថយន្តដែលមិនពាក់ស្លាកលេខមកណែនាំឲ្យគោរពច្បាប់។ ព្រោះថា រថយន្តដែលបើកបរលើដងផ្លូវត្រូវតែមានឯកសារគ្រប់គ្រាន់ និងពាក់ស្លាកលេខឱ្យបានត្រឹមត្រូវទៀតផង។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ