រាជធានីភ្នំពេញ ៖ អភិបាលខេត្តឧត្តមានជ័យបានបញ្ជាក់ថា រោងចក្រថាមពលអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ក្នុងខេត្តឧត្តរមានជ័យ ក្រៅពីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តក៏បានជួយផ្គត់ផ្គង់ដល់ខេត្តសៀមរាបផងដែរ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹក ថ្ងៃទី២១ មីនា ឆ្នាំ២០២៣ នៅថាខេត្តឧត្តរមានជ័យមានរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មមួយកន្លែង ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ។
ឯកឧត្តមបានដឹងថា រោងចក្រអគ្គិសនីដុតដោយធ្យូងថ្មមានអនុភាព ២៦៥ មេហ្គាវ៉ាត់ ក្រៅពីអាចបំពេញតម្រូវការប្រើប្រាស់ថាមពលក្នុងខេត្តក៏បានទាញថាមពលជួយផ្គត់ផ្គង់ដល់ខេត្តសៀមរាបដោយបច្ចុប្បន្នអាជ្ញាធរកំពុងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីខេត្តឧត្តរមានជ័យទៅកាន់អនុស្ថានីយដែលគ្រោងដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ទោះបីជាមានអគ្គិសនីមកចែកចាយនៅខេត្តសៀមរាបក្តី បើតាមរបាយការណ៍រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងចំណោម៣០៨ ភូមិក្នុងខេត្តឧត្តរមានជ័យនៅសល់តែ៣២ភូមិដែលមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់។
ទាក់ទងភូមិដែលនៅសេសសល់ ឯឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់គោលដៅសម្រេចឲ្យបានគ្រប់ភូមិត្រូវមានអគ្គិសនីប្រើប្រាស់ទាំងអស់ក្នុងអំឡុងខែមិថុនាខាងមុខដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត ដល់គ្រប់មូលដ្ឋានភូមិឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន៣ នៅខេត្តឧត្តរមានជ័យមានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងបន្ទាយអំពិល។

យ៉ាងណាមិញ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរជាប់ខេត្តបុរីរម្យរបស់ថៃ នៅមិនទាន់ដំណើរការជាផ្លូវការទេ ដោយអាជ្ញាធរកំពុងចចារជាមួយភាគីថៃដើម្បីចុះ MOU ឈានទៅបើកដំណើរការជាផ្លូវការនៅពេលខាងមុខ។
ច្រកទ្វារអន្តរជាតិនៅខេត្តឧត្តរមានជ័យ ភាគច្រើនបម្រើឲ្យគោលដៅសុខុមាលភាព និងទេសចរណ៍ច្រើនជាងគោលដៅសេដ្ឋកិច្ច។ លោក ប៉ែន កុសល្យ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបីរួមមានកសិកម្ម រ៉ែ និងទេសចរណ៍។ ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ខេត្តនេះមានផ្ទៃដីសរុប ៦ ៨៤០,៩១ គីឡូម៉ែត្រការ៉េ ចែកជា០៥ ស្រុក ក្រុងមាន២៤ឃុំ-សង្កាត់ស្មើនឹង៣០៨ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន២៦៤.៩៦៩នាក់។

ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម ដែលជាមុខរបរសំខាន់សម្រាប់លើកស្ទួយជីវភាពពលរដ្ឋតាមរយៈការនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅប្រទេស។
សូមជម្រាបថា ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅទិសឧត្តរមានចម្ងាយជាង៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន០៣កន្លែង សម្រាប់ការធ្វើទំនាក់ទំនង និងធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ៕
ចែករំលែកព័តមាននេះ