រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ មួយគ្រឿង ដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយនៅផ្សារដើមគ ស្រាប់តែជ្រុះសាច់គោតាមផ្លូវ ហើយបុរសរូបនេះក៏បានចុះរើស ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវមួយដើម មកធ្វើសកម្មភាពដេញកា.ប់ និងប្លន់យកម៉ូតូបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
![Picture]()
បើតាមសម្តីពីបុរសរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាក ដឹកសាច់គោចេញមកពីជ្រោយចង្វារ ក្នុងគោលបំណងយកទៅដាក់ឲ្យម៉ូយនៅឯផ្សារដើមគ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុះសាច់គោពីលើម៉ូតូ ខណៈពេលនោះ គាត់បានឈប់ម៉ូតូ រួចក៏ដើរទៅរើសសាច់គោ។ រំពេចនោ ស្រាប់លេចមុខក្រុមជនសង្ស័យចំនួន៣នាក់ ដែលប្រដាប់ដោយដាវមួយដើម បានដើរទៅធ្វើសកម្មភាពដេញកា.ប់មកលើរូបគាត់តែម្តង ដោយភ័យពេក គាត់ក៏រត់យករួចខ្លួន។ បន្ទាប់មក ជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានឡើងជិះម៉ូតូរបស់គាត់ រួចគេចចេញទៅបាត់ស្រមោល ចំណែកបក្សពួក២នាក់ទៀត ក៏បានរត់ចូលផ្លូវរថភ្លើងក្បែរនោះបាត់ស្រមោលតែម្ដង។
![Picture]()
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទាក់ទងទៅសាច់ញាតិ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕
![Picture]()
ចែករំលែកព័តមាននេះ