ខេត្តបាត់ដំបង ៖ ក្រុមចោរយ៉ាងតិចចំនួន០៦នាក់ ប្រដាប់ដោយកាំ.បិ.ត.ខ្វែវជិះម៉ូតូ០២គ្រឿង បានស្ទាក់ប្លន់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះចំនួន០៤នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មីនា ត្រង់ចំណុចកសិកម្មផ្លូវបំបែកពីហាយវេទៅកាន់ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ។ នេះបើតាមអ្នកភូមិបាននិយាយ ។

លោក ឈូម ដែន អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ស្រម៉ក្រៅ ឃុំឈើទាល ស្រុកបាណន់ បានប្រាប់កោះសន្តិភាពថា កូនប្រុសរបស់គាត់ឈ្មោះ ដែន សិលា អាយុ១៥ឆ្នាំ ត្រូវក្រុមចោរមួយហ្វូងស្ទាក់ប្លន់ ខណៈកំពុងជិះម៉ូតូឌុបមិត្តភក្ដិចំនួន០៣នាក់ទៀតមកពីចូលរួមកម្មវិធីគេ ។ គាត់និយាយថា កូនគាត់បានផ្ដួលម៉ូតូ រួចនាំគ្នារត់ចូលព្រៃនៅក្នុងនោះ តែត្រូវក្រុមចោរបានចុះទៅកា.ប់ម៉ូតូជាច្រើនកាំបិត រួចប្លន់យកម៉ូតូរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង ។ជនរងគ្រោះម្នាក់ក្នុងចំណោម០៤នាក់ គឺឈ្មោះ ដែន សិលា បានផ្ដល់ព័ត៌មាននេះតាមទូរស័ព្ទថា ខ្លួនបានជិះម៉ូតូឌុបពួកម៉ាក០៣នាក់ទៀតមកពីចូលរួមកម្មវិធីគេនៅឃុំស្នឹង ស្រុកបាណន់ ។
ពេលពួកខ្លួនជិះមកដល់ផ្លូវហាយវេ ស្រាប់តែត្រូវមនុស្សមួយក្រុមមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង បានជិះដេញតាមពីក្រោយ ជាមួយសម្រែកថា «កាប់វាឲ្យងាប់ៗៗ» ។ យុវសិស្សរូបនេះបានប្រាប់ថា ពេលឮសម្រែកគំរាមកាប់ស.ម្លា.ប់បែបនេះ ខ្លួនក៏ប្រឹងបន្ថែមល្បឿនម៉ូតូរហូតដល់ចំណុចកើតហេតុ ដោយភ័យពេកខ្លួនក៏បត់ម៉ូតូចុះពីផ្លូវហាយវេ(ផ្លូវទៅផ្ទះ) ក៏ដូលម៉ូតូហើយពួកខ្លួនក៏នាំគ្នារត់ចូលព្រៃក្បែរនោះ តែត្រូវក្រុមចោរទាំង០៦នាក់ កាប់ចិញ្ច្រាំម៉ូតូខ្លួនឡើងខ្ទេច ហើយទើបពួកវាប្លន់យកម៉ូតូខ្លួនជិះទៅបាត់ បន្សល់ទុកតែបំណែកស្ដុបម៉ូតូនៅកន្លែងកើតហេតុ។

ជនរងគ្រោះបានបញ្ជាក់ថា ក្រុមចោរមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង និងមានកាន់កាំ.បិ.តខ្វែវ០២ដើម ។ ម៉ូតូដែលត្រូវក្រុមចោរហារយប្លន់យកទៅនោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AC-6378។ សាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា ក្រុមគ្រួសារគាត់បានចូលសម្រាកទៅហើយ ស្រាប់តែឮសម្លេងស្រែកដេញកាប់ស.ម្លា.ប់គ្នានៅចំណុចផ្លូវបំបែកក្បែរផ្ទះគាត់ ។ ពេលនោះ គាត់បានចេញទៅមើល ស្រាប់តែឃើញមនុស្សមួយក្រុម ប្រដាប់ដោយកាំបិតច្រង៉េងច្រង៉ាងផង កំពុងកាប់កំទេចម៉ូតូភាគីម្ខាងទៀត ដែលកំពុងរត់ចូលព្រៃក្បែរនោះ ។
គាត់បានបញ្ជាក់ថា ក្រោយពេលកាប់កម្ទេចម៉ូតូ ស្រាប់តែក្រុមជនអន្ធពាលនោះបានលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ លុះបន្តិចក្រោយមក ទើបឃើញយុវជន០៤នាក់ដើរចេញពីព្រៃ សំដៅមករកគាត់ ដោយនិយាយពីរឿងគេតាមកាប់ប្លន់យកម៉ូតូ។ សាក្សីដដែលបានរំលឹកថា មុនពេលកើតហេតុប៉ុន្មានថ្ងៃ គាត់បានឃើញពួកក្មេងទំនើងទាំងក្រុមៗ បានជិះម៉ូតូមកប្រមូលផ្ដុំគ្នានៅចំណុចផ្លូវបំបែកនោះ ហើយឮពួកគេនិយាយស្រែកឡូឡា ហាក់ដូចណាត់ប្រយុទ្ធគ្នានោះទីនោះ។

ពេលខ្លួនពួកគេជិះម៉ូតូអូសដាវ អូសកាំបិត តាមដងផ្លូវហាយវេ ដែលសកម្មភាពបែបនេះ ភាគច្រើនពួកគេប្រមូលផ្ដុំគ្នាពេលយប់ ហើយពួកគេតែនាំគ្នាធ្វើបែបនេះជាញឹកញាប់ តែមិនដែលឃើញមានសមត្ថកិច្ចចុះត្រូតពិនិត្យ ឬ តាមឃ្លាំមើលសកម្មភាពក្រុមអន្ធពាលទាំងនេះទេ រហូតដល់ពេលនេះស្រាប់តែមានរឿងតាមកាប់ប្លន់យកម៉ូតូតែម្ដង។ នៅកន្លែងកើតហេតុ គេឃើញមានបំណែកស្ដុបម៉ូតូ ដែលក្រុមចោរកាប់កំទេចធ្លាក់នៅទីនោះ។ ប៉ុន្តែបើតាមអ្នកភូមិបានប្រាប់ថា ចាប់តាំងពីម៉ោងកើតហេតុ រហូតដល់ម៉ោង៣រសៀលថ្ងៃទី២០ មីនា ទៅហើយ គេមិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅសួរនាំ ឬ ចុះទៅពិនិត្យស្ដុបម៉ូតូដែលក្រុមចោរបន្សល់ទុកនោះទេ ហើយគេក៏មិនដឹងថា តើសមត្ថកិច្ចបានដឹងអំពីករណីប្លន់នេះដែរឬអត់នោះទេ បានជាមិនឃើញចុះសួរនាំ ?
ប៉ុន្តែបើតាមប្រភពពីសមត្ថកិច្ចដែរបានប្រាប់ថា មូលហេតុដែលមិនមានកម្លាំងសមត្ថកិច្ចចុះពិនិត្យកន្លែងក្រុមចោរហារយប្លន់ ពីព្រោះថ្ងៃនេះ (២០ ០៣ ២៣) មន្ត្រីជំនាញមួយចំនួនកំពុងសប្បាយរីករាយជាមួយនឹងការទទួលបានមុខតំណែង និងដំឡើងឋានន្តរស័ក្ដិថ្មី ដូច្នេះហើយ ទើបពុំមានមន្ត្រីចុះបំពេញការងារ ។ បើតាមលោកឈូម ដែន និងភរិយា ឈ្មោះ ទូត សុផានី បានបញ្ជាក់ប្រាប់កោះសន្តិភាពថា គាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការក្រុងបាត់ដំបងរួចហើយ តែអ្នកទទួលពាក្យបណ្ដឹងមិនបាននិយាយបែបណាប្រាប់គាត់ទេ ហើយគាត់ក៏មិនបានដឹងថា តើសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ឬ យ៉ាងណាដែរ ?

គាត់បានប្រាប់ថា គាត់បានទៅមើលកន្លែងដែលចោរស្ទាក់ប្លន់ម៉ូតូកូនគាត់ ហើយបានឃើញបំណែកស្ដុបម៉ូតូធ្លាក់នៅទីនោះមែន។ គាត់មិនបានរើសយកទេ ព្រោះទុកឲ្យសមត្ថកិច្ចពិនិត្យ ។ សូមបញ្ជាក់ថា នេះជាករណី«ប្លន់»លើកទី០៦ហើយ ក្នុងរយៈពេល២០ថ្ងៃនៃខែមីនានេះ ដែលភាគច្រើនក្រុមចោរស្ទាក់ប្លន់អ្នកដំណើរតាមដងផ្លូវ។ ក្នុងចំណោម០៦ករណីនេះ កម្លាំងការិយល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវរហូតបង្ក្រាបបានចំនួន០២ករណីហើយ ដែលបានឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ។ អំពើ«ប្លន់»ចំនួន០៦ករណីនេះ កើតឡើងនៅក្នុងក្រុងបាត់ដំបង ចំនួន០៤លើក នៅស្រុកសំពៅលូន០១លើក និង នៅស្រុកសង្កែចំនួន០១លើក។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ