រាជធានីភ្នំពេញ៖ «ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត»។ នេះជាសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
តាមរយៈលិខិតដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ បានថ្លែងថា «ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តន៍ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះមិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព»។
ប្រមុខដឹកនាំប្រទេសកម្ពុជាថ្លែងបន្តថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
សម្តេចតេជោ បន្តថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និងចិនមិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។
«(តុលាការ) ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាល របស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ»។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពូជា បន្តថា «ខ្ញុំមិនដែលជឿថាសង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់»។
សម្តេចបានចោទជាសំណួរឡើងថា «តើលោក ពូទីនសុខចិត្តឲ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ?»។
«ចំនុចនេះហើយគឺជាចំនុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។ ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្តើមនៅក្នុងតំបន់អឺរ៉ុបតែម្តង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេគឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ»។ សម្តេចតេជោ បញ្ជាក់៕
ចែករំលែកព័តមាននេះ