រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហ័ពន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបញ្ជូនសារទៅមិត្តបរទេសថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជា»។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកលោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូចនេះថា ៖ «ថ្ងៃនេះ កាលពី៥៣ឆ្នាំមុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ ដោយមានការគាំទ្រពីបរទេស បានធ្វើរដ្ឋប្រ.ហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលជាទីគោរពសក្ការៈនៃយើង»។
![Picture]()
លោកលើកឡើងថា «ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាយុវជនខ្មែរ ជំនាន់ក្រោយ យើងត្រូវចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលអាចនិយាយបានថា ជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយបន្តនាំទុក្ខវេទនា រហូតរុញច្រានប្រជាជនកម្ពុជា ឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ»។
លោកបានលើកឡើងទៀតថា «អ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំចេញពីព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រនេះ គឺមេរៀនចំនួន២ ក្នុងនោះ ៖ ទី១- ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប។ ទី២- ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំយើងសម្រេចបានពេញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨»។
![Picture]()
លោកបន្ថែមថា «ផ្អែកលើមេរៀន នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នេះ ៖ ទី១- យើងត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ កើតឡើងវិញ។ទី២- យើងត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានដាច់ខាត ដោយដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសជាតិយើង។ ទី៣- យើងត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជា ដែលយើងត្រូវរក្សាឲ្យបាន ដើម្បីអនាគតរបស់ប្រជាជនយើង»៕
ចែករំលែកព័តមាននេះ