ខេត្តស្វាយរៀង ៖ រថយន្តយីឌុបធុនយក្សប្រភេទវ៉េអង ដឹកទំនិញគេចពន្ធឆ្លងដែនតាមច្រករបៀងគោកតែក ទៅប្រទេសវៀតណាមដូចគេហែកឋិន ដោយគ្មានការរំខានដល់សមត្ថកិច្ចការពារព្រំដែនទេ គឺទៅដោយរលូន ។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំចន្ទ្រាបានឲ្យដឹងថា កន្លះខែចុងក្រោយនេះ មានរថយន្តយីឌុបប្រភេទវ៉េអង ដឹងទំនិញ ពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយម្ចាស់ទំនិញដឹកទំនិញមកតែពេលយប់ លួចឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងគោកតែកចូលទៅប្រទេសវៀតណាមយ៉ាងរលូន ។
ប្រភពបន្តថា ជាពិសេសនៅ០២យប់មកហើយ គឺយប់ថ្ងៃទី១៦និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានរថយន្តធុនយក្សដឹកទំនិញ លោតឆត្រ តាមច្រករបៀង ទៅប្រទេសវៀតណាមជាច្រើនគ្រឿង មិនមានការរំខានដល់លោកមេប៉ុស្តិ៍វរការពារព្រំដែនគោកតែកទេ ។ ប្រភពបន្តទៀតថា ច្រករបៀងគោកតែកស្ថិតនៅ ភូមិគោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

មហាជនបានលើឡើងថា រថយន្តធុនយក្សដឹកទំនិញគេចពន្ធឆ្លងដែនទាំងនេះ កំពុងបំផ្លាញផ្លូវជនបទ ។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចន្ទ្រាបានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្សប្រភេទវ៉េអង បានចរាចរណ៍ដឹកទំនិញគេចពន្ធ មានស្ករ.ស គ្រឿងអេឡិចត្រូនិច ក្រណាត់ ខោអាវគីប និងទំនិញផ្សេងៗជាច្រើនទៀតសង្ស័យជាទំនិញគេចពន្ធ មកផ្ទេរនៅជិតប៉ុស្ត៍ច្រករបៀងនៃវរការពារព្រំដែនគោកតែក ។
ចំណែកទំនិញជាច្រើនមុខផ្សេងទៀត គេដាក់ក្នុងទៃបិទជិតមិនអាចដឹងថា ជាទំនិញអ្វីខ្លះនិយាយថា ជាបាល់ក្រណាត់ និងសំលៀកបំពាក់គីប ។ ហើយប្រជាពលរដ្ឋបានឲ្យដឹងទៀតថា រថយន្តធុនយក្សដឹកទំនិញចំណុះ៣៥តោន ទៅ៤៥តោន មកដល់ព្រំដែនបានផ្ទេរទំនិញដាក់លើត្រាក់ទរ័ដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ីនទ្រហឹងជារៀងរាល់យប់ដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។

មហាជនបានលើកឡើងទៀតថា រថយន្តដឹកទំនិញធុនយក្សប្រភេទវ៉េអងទាំងនេះ បានចរាចរណ៍បំផ្លាញផ្លូវលំជនបទស្រុតខូចជាបណ្ដើរៗ ហើយសូមលោកអភិបាលខេត្តមេត្តាចុះពិនិត្យមើលផងបើគ្មានវិធានការទប់ស្កាត់ទេផ្លូវលំជនបទនិងត្រូវស្រុតខូចអស់ជាមិនខាន ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា រថយន្តធុនយក្សដឹកទំនិញបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយបង្ក ហុយធូលីដីចូលផ្ទះធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ ប្រជាពលរដ្ឋមានការសង្ស័យទៀតថា រថយន្តដឹកទំនិញជាទំនិញគេចពន្ធ ដោយគ្មានការបង់ពន្ធចូលរដ្ឋទេ ទើបផ្ទេរដឹកតាមត្រាក់ទ័រនៅពេលយប់ ឆ្លងដែនតាមច្រករបៀងគោកតែកទៅប្រទេសវៀតណាម ។

ប្រជាពលរដ្ឋបានសំណូមពរ ទៅអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឲ្យមន្ត្រីប៉ុស្តិ៍ការពារព្រំដែនគោកតែក បើកផ្លូវឲ្យឈ្មួញដឹកទំនិញគ្រប់ប្រភេទចេញទៅប្រទេសវៀតណាមនៅពេលយប់ ពីព្រោះត្រាក់ទ័របានបញ្ចេញសម្លេងរំខានដល់ពួកគាត់ក្នុងការសម្រាណនៅពេលយប់ ។ ទាក់ទិនករណីនេះដែរ អ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺពីលោក មេប៉ុស្តិ៍វរការពារព្រំដែនគោកតែកបានទេ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលនាថ្ងៃទី១៨ មីនា ឆ្នាំ២០២៣ នេះ។
ចំណែកលោកវរសេនីយ៍ឯក យ៉ន សុផល នាយនគបាលវរការពារព្រំដែនលេខ៦០៩ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងទូរសព្ទ័ចូលលោកឆ្លើយថា «ជាប់ប្រជុំ» ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ