ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារបានរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត នៅខេត្តកំពង់ស្ពឺ

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រសួង​ការងារ​បាន​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)…

ខេត្តកំពង់ស្ពឺ ៖ ក្រសួង​ការងារ​បាន​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តុះ​វិជ្ជាជីវៈ​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​នៅ​ក្នុង​ទីតាំង «​បុរី​កម្មករ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​» ដោយ​មាន​រោងចក្រ សហគ្រាស​ធំ​ៗ​ចំនួន ៥ ចូលរួម​ជ្រើសរើស​កម្មករ កម្មការិនី​ជាង ៥​ពាន់​នាក់ និង​មាន​បងប្អូន​កម្មករ និយោជិត ចូលរួម​យ៉ាងច្រើន​កុះករ​រាប់រយ​នាក់​។

នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​បង្ហោះ​នា​ថ្ងៃ​ទី​១៧ ខែមីនា​នេះ​។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ស្វែងរក​ឱកាស​ការងារ​ថ្មី​របស់​បងប្អូន​កម្មករ កម្មការិនី រោងចក្រ​ដែល​បាន​បាត់បង់​ការងារ ឬ​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ នា​ពេល​កន្លង​មកនេះ​។

ការ​រៀបចំ​វេទិកា​ការងារ​នេះ គឺជា​អន្តរាគមន៍​ដោះស្រាយ​ការងារ​បន្ទាន់​មួយទៀត​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​បងប្អូន​កម្មករ កម្មការិនី​យើង​ឲ្យ​ឆាប់​ទទួល​បានការ​ងារ​ថ្មី​ឡើង​វិញ ដើម្បី​រក្សា​លំនឹង​ជីវភាព និង​ប្រាក់​ចំណូល​របស់​បងប្អូន កម្មករ កម្មការិនី បន្ថែម​ពីលើ​ការ​ទទួល​បាន​នូវ​ការ​គាំពារ​តាម​រយៈ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ដូច​អំឡុង​ពេល​នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​ពេល​រីក​រាលដាល​ជំងឺ​កូ​វី​ដ​។

ការ​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត នេះ​ត្រូវ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ​, មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ និង​អ​ជ្ញា​ធរ​មូលដ្ឋាន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ខេត្ត ពិសេស​បងប្អូន​កម្មករ កម្មការិនី ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​។

NEA នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត ពិសេស​ខេត្ត​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ៗ ដើម្បី​ឲ្យ​បងប្អូន កម្មករ កម្មការិនី ឆាប់​ទទួល​បានការ​ងារ ។ ដូច្នេះ សូម​បងប្អូន កម្មករ និយោជិត ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់​ប្តូរ​ការងារ អញ្ជើញ​ចូលរួម​ផ្ទាល់​ដើម្បី​ដាក់​ពាក្យ​នៅ​តាម​រោងចក្រ សហគ្រាស ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ